«ខ្ញុំផឹកទឹកកខ្វក់ ព្រោះគ្មានជម្រើស»

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី19 ខែតុលា ឆ្នាំ2023 ម៉ោង 7:23 នាទី ល្ងាច

Bong Rith:

បកប្រែពី BBC

មនុស្សជាច្រើនកំពុងប្រជ្រៀតគ្នា និងកន្លែងខ្លះឈរតម្រង់ជួរ ដោយមានកាន់កាធុនទឹក តូច ធំ មានក្មេងចាស់ ដើម្បីចាំត្រងទឹក ចេញច្រូចៗ ទឹកនោះមិនជាស្អាតសម្រាប់បរិភោគទេ ហើយមាន​រសជាតិប្រៃ សឹងតែដូចទឹកសមុទ្រ ។ នេះជាពាក្យត្អូញត្អែររបស់ជនជាតិប៉ាឡេស្ទីន ។ 

ពួកគេគ្មានជម្រើសទេ ! «ខ្ញុំកំពុងផឹកទឹកកខ្វក់ ព្រោះគ្មានទឹកស្អាតសម្រាប់បរិភោគ ។ ឥឡូវនេះខ្ញុំត្រូវចាយលុយទិញទឹកក្នុងមួយកាធុន ៥០ សេហ្គេល (លុយប៉ាឡេស្ទីន) ប្រមាណ ១២ ដុល្លារអាមេរិក ដែលកាលពីមុនថ្លៃទឹកត្រឹមតែ ២០ សេហ្គេលប៉ុណ្ណោះ» បុរសម្នាក់និយាយ ។

វិបត្តិនៅជ្រោយកាហ្សាកាន់តែធ្ងន់ធ្ងរ ក្រោយអ៊ីស្រាអែលកាត់ផ្តាច់ ភ្លើង ទឹក ដើម្បីសងសឹកក្រុមហាម៉ាស ។ នៅទីនេះ ទឹកកខ្វក់បានក្លាយជាទំនិញមានតម្លៃ និងលក់ដាច់បំផុត ព្រោះមនុស្សត្រូវការទឹកជាចាំបាច់ ។

«បើខ្ញុំមានសំណាង ខ្ញុំនឹងរកទឹកបានមួយកាធុនសម្រាប់ប្រើ ៣ ថ្ងៃ ដែលត្រូវបែងចែកទៅឲ្យគ្រួសារ ឪពុកម្តាយ និងជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ៣៥ នាក់ទៀត» ។

បុរសនោះឈ្មោះ ម៉ាមូត បានសម្រេចចិត្តនៅកាហ្សាបន្តទៅទៀត ទោះជាអ៊ីស្រាអែលវាយប្រហារពីអាកាសយ៉ាងខ្លាំងក៏ដោយ ហើយប្រកាសថា នឹងវាយនៅផ្លូវគោកក្នុងពេលឆាប់ៗនេះ ។

នៅពេលអ្នកកាសែតសួរថា ហេតុអ្វីមិនផ្លាស់ទៅកាហ្សាភាគខាងត្បូង ? គាត់ឆ្លើយថា ទៅទីណា ក៏គ្មានអ្វីហូប»  ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា មានប្រជាជនជាង ៣.៥០០ នាក់បាត់បង់ជីវិត និងរបួស ១២.៥០០ នាក់ ក្រោយអ៊ីស្រាអែលវាយប្រហារខាងអាកាស ។

ម៉ាមូត និយាយបណ្តើរៗ លីកាធុនទឹកបណ្តើរ ដែលមានចំនួន ៥០០ លីត្រ ទិញយកទៅចែកឲ្យមនុស្ស ៣៨ នាក់ ហើយពេលខ្លះខ្វះសម្រាប់ចម្អិនអាហារ ហើយគ្រួសារគាត់ប្រើបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ ការខ្វះទឹកប្រើប្រាស់ធ្វើឲ្យគ្រួសារដទៃ រួមទាំងកុមាររស់ដូចនរកលើដី ។

«ក្មេងៗកំពុងតែស្រេកឃ្លាន ខ្ញុំលីងពោតឲ្យពួកគេបរិភោគ ពោតនោះគឺនៅសល់ពីមុន» ណាហេដ អាប៊ូ ហារបឺត រស់នៅជាមួយប្អូនស្រី និងក្មួយចំនួន ៧ នាក់នៅភាគខាងលិចកាហ្សា ។ គាត់ពោលដោយទឹកមុខស្រពោនថា តាំងពីអ៊ីស្រាអែលវាយប្រហារ ផ្ទះគាត់ត្រូវងងឹតឈឹង ។ គិតថា ប្រសិនបើទឹកទិញមកអស់ មិនដឹងថា ទៅរកឯណាបានប្រើប្រាស់ទៀត!

UN បានព្រមានថា ការរាលដាលនៃជំងឺនឹងកើតឡើង មនុស្សចាប់ផ្តើមស្លាប់ដោយសារគ្មាន«ទឹក» ។

លោកវេជ្ជបណ្ឌិត Rami Al-Abadla ប្រធាននាយកដ្ឋានសុខភាពបឋម ក្រសួង​សុខាភិបាល​របស់​កាហ្សា​បាន​បង្ហាញ​ថា មួយ​សប្តាហ៍​មកហើយមិន​មាន​ទឹក​ស្អាត បណ្តាលឱ្យកុមារជាច្រើនមានជំងឺរាគ ។ លោក​បន្ថែម​ថា កង្វះ​អនាម័យ​ផ្ទាល់ខ្លួន វាបណ្តាលឱ្យមានជំងឺស្បែកក្នុងចំណោមជនអន្តោប្រវេសន៍ រួមទាំងជំងឺអុតស្វាយ ផង។

អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា មានតែ 14% ឬប្រហែល 308,000 នាក់ប៉ុណ្ណោះនៅក្នុង កាហ្សា បានទទួលអត្ថប្រយោជន៍។ ពួកគេបានប្រាប់ BBC ថា ប្រភពទឹកនៅតំបន់ភាគខាងត្បូងបានវិលមកប្រើប្រាស់ធម្មតាវិញហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម