ថ្ងៃទី ៥ សិស្សវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង ៦០០នាក់ ចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងអបអរសាទរ ទិវា ៩ ធ្នូ»

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី21 ខែតុលា ឆ្នាំ2023 ម៉ោង 8:32 នាទី ល្ងាច

Bong Rith:

ជារៀងរាល់ឆ្នាំ មុនថ្ងៃ ៩ ធ្នូ មកដល់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ឬជាភាសាអង់គ្លេស Anti Corruptuion Unit = ACU តែងរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ នៅតាមទីប្រជុំជន សាលារៀន និងទីផ្សារនានា ដើម្បីរំឮក ដើម្បីបង្ហាញពីអត្ថន័យនៃទិវា ៩ ធ្នូនេះ ជូនដល់មហាជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ។ល។

ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ធ្វើឡើងចំពោះសមាជិក ១៩០ ប្រទេសនៃ​អង្គការសហប្រជាជាតិ រួមទាំងកម្ពុជាផង បានចុះហត្ថលេខីលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី​ការប្រឆាំងអំពើពុករលួយ នៅឆ្នាំ ២០០៣ ។

សម្រាប់ស្ថាប័នប្រឆាំងអំពើពុករលួយរបស់កម្ពុជា មានតួអង្គសំខាន់ពីរ គឺ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង អង្គភាពប្រឆាំងអំពើពុក​រលួយ ជាអ្នកទទួលបន្ទុកចាត់ចែងរៀបចំនៃទិវានេះ ដោយរួមសហការជាមួយ​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ និងឯកជនគ្រប់លំដាប់ថ្នាក់​ដើម្បីរួមគ្នាបំផុសចលនាមហាជនគ្រប់​មជ្ឈដ្ឋានចូលរួមប្រាព្ធទិវាជាតិ​ប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យមានលក្ខណៈឧឡារិក ។

ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ចាប់តាំងពីថ្ងៃទី ១៦ ខែតុលាមក ក្រុមការងារផ្សព្វផ្សាយទិវា ៩ធ្នូរបស់ អ.ប.ព. ដែលមាន ៧ ក្រុម បានចុះទៅផ្សព្វផ្សាយនៅតាមអនុវិទ្យាល័យ វិទ្យាល័យក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ។ ថ្ងៃសៅរ៍ ទី ២១ ខែតុលានេះ ជាវេនក្រុមទី ៧ បានចុះទៅផ្សព្វផ្សាយនៅវិទ្យាល័យ ហ៊ុន សែន ១០០ ខ្នង ស្ថិតក្នុងខណ្ឌសែនសុខ ដែលមានលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សប្រមាណ ៦០០ នាក់ បានចូលរួម​ស្តាប់បទ​ឧទ្ទេសនាម និងផ្តល់នូវសំណួរដល់សិស្សដែលមានអត្ថន័យពាក់ព័ន្ធនឹងទិវា ៩ធ្នូ  ការជម្រាបជូននូវយន្តការពាក្យប្តឹងផងដែរ ។

ការចុះទៅផ្សព្វផ្សាយនេះប្រព្រឹត្តទៅបានល្អ ក៏ដោយសារការជួយសម្របសម្រួល និងជ្រោមជ្រែងចាត់ចែងដ៏​ប្រពៃ​ចេញពី​បេះដូង​របស់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ក្នុងគោលបំណងតែមួយ គឺកសាង​មនុស្សល្អ រស់នៅស្អាតស្អំ មានសីលធម៌ និងជាទំនុកចិត្តរបស់សង្គមជាតិនាពេលអនាគត ។

ភាពស្និទ្ធស្នាល និងក្តីគោរពស្រឡាញ់គ្នាទៅវិញទៅមក បន្ទាប់ពីក្រុមការងារបានថតរូបអនុស្សាវរីយ៍ជាមួយ​លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងជូនវត្ថុអនុស្សាវរីយ៍ជាក្រមាដែលមានរូបសញ្ញារបស់ ACU សៀវភៅសរសេររបស់ អប.ព. និងប្រគល់សៀវភៅច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផងដែរ ។

សូមជម្រាបថា នៅថ្ងៃទី ២៣ ខែតុលា ក្រុមការងារផ្សព្វផ្សាយនឹងចុះទៅ ៣ វិទ្យាល័យទៀត ៕

 

 

Photo by Sung Bora / ACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម