បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ៖ មានកំណត់ហេតុពិសេសមួយករណីទៅលើអនុរក្ស តែការប្រឡងប្រព្រឹត្តទៅរលូន និងទទួលបានជោគជ័យ

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 7:26 នាទី ល្ងាច

Bong Rith:

 ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ ២០២៣ (បាក់ឌុប BacII2023) បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាទីគាប់ចិត្ត ។ នេះជាប្រសាសន៍ផ្ទាល់របស់ ឯកឧត្តម សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ ២០២៣ នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា នៅគរុកោសល្យរាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មានវត្តមាន រួមទាំងក្រុមការងារអង្គភាពផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ថ្វីត្បិតកិច្ចការរួមយើងទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែក៏មានចំណុចខ្វះខាតតិចតួចផងដែរ ដូចជា ការជ្រើសរើសមណ្ឌលបានត្រូវល្អ អាកាសធាតុអំណោយផល​ល្អដោយមិនមានភ្លៀង ។ សម្រាប់បញ្ហាចំនួនអនុរក្សឆ្នាំនេះ អវត្តមាន ២៥នាក់ មានពាក់កណ្តាលនៅរាជធានីភ្នំពេញ ។ ការយកសំណៅឯកសារ និងទូរស័ព្ទចូលមណ្ឌលមានតិចតួចបំផុត ទាំងអនុរក្ស និងបេក្ខជន ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា ឆ្នាំនេះមានជួបករណីលើកទី១ នូវកំណត់ហេតុពិសេស១ ដោយអនុរក្សបានយកសន្លឹកកិច្ចការបេក្ខជនម្នាក់ ទៅឲ្យបេក្ខជនម្នាក់ទៀតចម្លង ដោយលើកហេតុផលថា អាណិតបេក្ខជនម្នាក់ណានោះ ។

នៅមានករណីមណ្ឌលខ្លះ អ្នកត្រួតពិនិត្យអគារ មិនយកសន្លឹកកិច្ចការសម្រាប់បេក្ខជនសរសេរបន្តយឺតយ៉ាវ បញ្ហានេះ ឯកឧត្តមស្នើគណៈកម្មការជំនាញណែនាំបច្ចេកទេស និងឲ្យគោរពបទប្បញ្ញត្តិរបស់ក្រសួងអប់រំ ។

ឆ្នាំនេះទៀតសោត បញ្ហាបេក្ខជនខ្សោយគំហើញមានចំនួនច្រើន ដោយផ្តល់ការណែនាំទុកជាមុន​សម្រាប់បទ​ពិសោធឆ្នាំក្រោយៗ ឲ្យមកអង្គុយនៅខាងមុខ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមនឹងថ្នាក់ដឹកនាំ គណៈកម្មការប្រឡងគ្រប់ខេត្ត រាជធានីនៃមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលប្រឹងប្រែងអនុវត្តទទួលខុសត្រូវ រហ័សរហួន និងមានមនសិការខ្ពស់ចំពោះដំណើរការប្រឡងនេះ ។ ឯកឧត្តមក៏បានអរគុណសមត្ថកិច្ច ស.ស.យ.ក. សុខាភិបាល និងអាជ្ញាធរគ្រប់ខេត្ត ដែលបានចាត់ចែងចុះថ្លៃផ្ទះសំណាក់ បានប្រគេន និងផ្តល់អាហារព្រះសង្ឃ និងបេក្ខជនដោយទឹកចិត្តជ្រះថ្លា ។

ឯកឧត្តមបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានប្រកាសថា មានការឧបត្ថម្ភថវិកាចំពោះអនុរក្សដែលមានគ្រោះថ្នាក់ក្នុងពេលបំពេញភារកិច្ចប្រឡងនេះ ។

ចុងក្រោយ ឯកឧត្តម សភាចារ្យ បានណែនាំឲ្យដំណើរការកំណែ សម្រង់ពិន្ទុ និង ប្រកាសលទ្ធផល នឹងទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ បានប្តេជ្ញាចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសង្កេតការណ៍លើដំណើរប្រឡងនេះ ដោយគិតក្នុងឆ្នាំនេះ គឺជាឆ្នាំទី ៩ និងជាលើកទី ១០ ហើយក៏ជាលើកទី​១ នៅក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជ្រោងខ្ពស់តាមស្មារតី «អ្នកចេះ គឺជាប់» អ.ប.ព. ក៏នៅតែចូលរួមសង្គេតការណ៍លើ​ដំណើរការប្រឡងដោយ​យកចិត្តទុកដាក់ខ្ពស់ក្នុងភារកិច្ចរបស់ខ្លួន ។

ឯកឧត្តម សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងឆ្នាំនេះ មិនមានបែកធ្លាយវិញ្ញាសា ក្រៅពីមានបណ្តាញសង្គមមានចេតនាផ្សព្វផ្សាយញុះញង់ ។ ចំណែកលទ្ធផលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ គឺទទួលយកបាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម