រោងចក្រកាត់ដេរ ១៥០ នៅប្រទេសបង់ក្លាដែសត្រូវបិទ ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ត​ផ្ទុះ​ឡើង

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី11 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 6:53 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

​បើ​តាម AFP នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយសារភាពចលាចលក្នុងការតវ៉ារបស់កម្មករកាត់ដេរនៅប្រទេសបង់ក្លាដែស ធ្វើឲ្យប៉ូលីសបានប្រើគ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់មកលើពួកគេ ដើម្បីបំបែកការតវ៉ា ដែលកាន់តែមានអំពើហិង្សា ។

ថ្មីៗនេះ រោងចក្រកាត់ដេរបង់ក្លាដែសបានបិទរោងចក្រចំនួន ១៥០ ដោយគ្មានកំណត់។ ប៉ូលិស​បាន​ដាក់​ការ​ចោទ​ប្រកាន់​លើ​កម្មករ ១១.០០០ នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដោយ​ហិង្សា​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា។

បច្ចុប្បន្ន រោងចក្រកាត់ដេរចំនួន 3,500 របស់ប្រទេសបង់ក្លាដែស មានចំណែកប្រហែល 85% នៃចំនួនទឹកប្រាក់ 55 ពាន់លានដុល្លាររបស់ខ្លួនក្នុងការនាំចេញប្រចាំឆ្នាំ ដោយផ្គត់ផ្គង់ផលិតផលដល់ម៉ាកល្បីៗមួយចំនួនរបស់ពិភពលោករួមមាន Levi's, Zara និង H&M ជាដើម ។

ប៉ុន្តែ​ប្រាក់​ឈ្នួល​របស់​កម្មករ​ជា​ច្រើន​ក្នុង​ចំណោម ៤​លាន​នាក់​ក្នុង​វិស័យ​នេះ ដែលភាគច្រើនជាស្ត្រី អាចរកប្រាក់ចំណូលបានក្នុងអត្រាទាបបំផុតជាមួយនឹងប្រាក់ខែចាប់ផ្តើមត្រឹមតែ 8,300 taka ស្មើ 75 ដុល្លារអាមេរិក។

ការតវ៉ាដោយហិង្សាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាបានផ្ទុះឡើងកាលពីខែមុន។ យ៉ាងហោចណាស់មានកម្មករ៣នាក់បានស្លាប់ និងជាង ៧០រោងចក្រត្រូវបានរុះរើ ឬខូចខាតចាប់តាំងពីពេលនោះមក។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសដំឡើងប្រាក់ឈ្នួល 56.25% ប្រមាណ 12,500 Taka ក្នុងមួយខែ ស្មើ 113$ សម្រាប់កម្មករកាត់ដេរចំនួន 4 លាននាក់របស់ប្រទេស ប៉ុន្តែ​ក្រុម​ការងារ​ចង់​បាន​ការ​ដំឡើង​ដល់ ៣០០% ​ពី​មូលដ្ឋាន​ប្រាក់​ឈ្នួល​ដើម ឬចាប់ផ្តើមពី 23,000 taka ក្នុងមួយខែ (208$) ហើយសហជីពដែលតំណាងឱ្យពួកគេបានច្រានចោលការប្រកាសរបស់គណៈកម្មាធិការអំពីការដំឡើងប្រាក់ឈ្នួល។

កម្មករ ១៥.០០០ នាក់​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​លើ​ផ្លូវ​ធំ​មួយ ហើយបានចូលលុកលុយ និងរឹបអូសរោងចក្រ Tusuka Group ដែលជារោងចក្រឈានមុខគេ រួមជាមួយនឹងរោងចក្រចំនួន ១២ផ្សេងទៀត។

អធិការប៉ូលិសបង់ក្លាដែស លោក Mosharraf Hossein បានប្រាប់ AFP ថា «ប៉ូលីសបានចោទប្រកាន់មនុស្សមិនស្គាល់អត្តសញ្ញាណចំនួន 11,000 នាក់ ជុំវិញការវាយប្រហាររោងចក្រកាត់ដេរ Tusuka» ។

មានសេចក្តីរាយការណ៍ថា រោងចក្រកាត់ដេរចំនួន 150 បានបិទទ្វារដោយគ្មានកំណត់នៅក្នុងទីក្រុងឧស្សាហកម្មសំខាន់ៗ ដូចជា Achulia និង Ghazipur ទាំងពីរនេះស្ថិតនៅភាគខាងជើងនៃទីក្រុងដាកា នេះដោយសារអ្នកផលិតបារម្ភថា កូដកម្មខុសច្បាប់មួយផ្សេងទៀតនឹងបង្កការខូចខាតច្រើនជាងការបញ្ឈប់ប្រតិបត្តិការ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម