នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន នៅឥណ្ឌូនេស៊ី

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី15 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 7:00 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំនៅ​ ប្រទេសឥណ្ឌូនេស៊ីដែលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានលើកទី ១៧ នៅទីក្រុងហ្សាការតាពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងរបៀបវារៈអំពាវនាវឲ្យមានបទ ឈប់បាញ់ក្នុងជ្រោយហ្គាហ្សាជាបន្ទាន់ និងស្នើសុំឲ្យមានដំណោះស្រាយប្រកបដោយនិរន្តរភាព ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែប្រទេសមីយ៉ាន់ម៉ា ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការពារជាតិអាស៊ាននឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា នូវែលសេឡង់ និងអូស្ត្រាលីផងដែរ ។

ការបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ បាននិយាយថា ឥណ្ឌូនេស៊ីមានការសោកស្តាយយ៉ាងខ្លាំងចំពោះស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្គាហ្សា ជាពិសេស​ស្ថានភាព​មនុស្សធម៌​ដ៏​អាក្រក់​នៅក្នុង​តំបន់​។ «ឥណ្ឌូនេស៊ីមានជំហរច្បាស់លាស់ និងរឹងមាំ យើងជំរុញ និងទាមទារឱ្យមានការបញ្ចប់ជាបន្ទាន់ចំពោះអរិភាព និងការបង្កើតច្រករបៀងជំនួយមនុស្សធម៌» ។ លោកបាននិយាយថា លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បាន​ជំរុញ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដេន ឱ្យ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស ដែល​កើត​ឡើងកាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ២០២៣។

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីបានសង្កត់ធ្ងន់លើបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា និងត្រៀម​ខ្លួន​ជា​ស្រេច​ថា ម៉ាឡេស៊ី​ថ្កោលទោស​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់ រួម​បញ្ចូល​ទាំង​ការ​ចាប់​ពលរដ្ឋ​ជា​ចំណាប់ខ្មាំង និង​ការ​ទម្លាក់​គ្រាប់បែក​លើ​លំនៅឋាន​ជន​ស៊ីវិល ។

លើសពីនេះទៀតនៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ រដ្ឋមន្ត្រី​ការពារជាតិ​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឱ្យ​បញ្ចប់​អំពើហិង្សា​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​។ លោកបានអំពាវនាវឱ្យមានការអនុវត្តពេញលេញនៃផែនការសន្តិភាព «ការយល់ស្របប្រាំចំណុច» របស់អាស៊ានដែលសម្រេចបាននៅឆ្នាំ 2021 ហើយក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម