ចិនមានស្ថានីយប៉ូលិសសម្ងាត់ ១០០ នៅទូទាំងពិភពលោក!

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី16 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:04 នាទី ល្ងាច

 

 

  បកប្រែដោយ សូរ្យសែង៖  

សារព័ត៌មាន springnews របស់ថៃសរសេរថា ប៉ូលិស​សម្ងាត់​ចិន​លាក់​ខ្លួន​ជុំវិញ​ពិភពលោក ភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីតាលី ។ ស្ថានីយប៉ូលិសសម្ងាត់ទាំងនេះ ថាមានមុខងារជា «មជ្ឈមណ្ឌលសេវាកម្មចិននៅបរទេស» ដើម្បីបំបាំងមុខ ប៉ុន្តែនៅពីក្រោយឆាក គឺពួកគេកំពុងយាយី និងបង្ខំជនជាតិចិនឱ្យត្រឡប់ទៅប្រទេសវិញ ។

រឿងដែល​ចិនមានប៉ូលិស​ធ្វើ​ការ​នៅ​បរទេស ធ្លាប់ជារឿងគួរឲ្យចាប់អារម្មណ៍ជាសកល ដោយនៅចុងឆ្នាំ 2022 ។ ទីភ្នាក់ងារផ្សេងៗ នៃ​ប្រទេស​លោក​ខាង​លិច​បាន​បង្ហាញ​ថា​ ប្រទេស​ចិន​បាន​បើក​ប៉ុស្តិ៍​ប៉ូលិស​ខុស​ច្បាប់​ចំនួន 100 រាលដាលនៅ​ពាសពេញ​ពិភពលោក ។

នៅពេលដែលត្រូវបានបង្ហាញដូចនេះ អាជ្ញាធរ​ចិន​បាន​ឆ្លើយ​តប​ថា ស្ថានីយ​ទាំងនោះ​ មិន​មែន​ជា​របស់​ប៉ូលិស​ទេ វា​គ្រាន់​តែ​ជា​មជ្ឈមណ្ឌល​ជួយ​សម្រួល​ដល់​ប្រជាជន​ចិន​ដែល​រស់នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​ Safeguard Defenders ជា​អង្គការ​សិទ្ធិ​មនុស្ស​មក​ពី​ប្រទេស​អេស្ប៉ាញ​បាន​បង្ហាញ​ថា ប៉ុស្តិ៍​ប៉ូលិស​សម្ងាត់​ទាំង​នេះ​បាន​ធ្វើ​ការ​បំភិត​បំភ័យ​ប្រជាជន​ចិន​នៅ​បរទេស ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង​នយោបាយ និង​បង្ខំ​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ ។

សហគមន៍អន្តរជាតិបានចាប់ផ្តើមបិទប៉ុស្តិ៍ប៉ូលីសសម្ងាត់ជាច្រើនរួចខ្លះមកហើយ ដោយនៅឆ្នាំ 2022 សហរដ្ឋអាមេរិកបានបិទស្ថានីយប៉ូលីសសម្ងាត់របស់ចិនមួយនៅកណ្តាលទីក្រុងញូវយ៉ក ដែលមានភស្តុតាងបំភិតបំភ័យពលរដ្ឋចិនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។ លោក Matthew Olsen អគ្គមេធាវីមកពីនាយកដ្ឋានសន្តិសុខជាតិ លើក​ឡើង​ពីករណី​នេះថា៖ «រដ្ឋាភិបាល​ចិន​បាន​ឆ្លង​ផុត​បន្ទាត់​ហើយ ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​យើង​ត្រូវ​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ប្រទេស​របស់​យើង ដើម្បីគេចពីការបៀតបៀនពីជនផ្តាច់ការ» ។

ប្រទេសអឺរ៉ុបផ្សេងៗទៀតដូចជា ហុល្លង់ និង អៀរឡង់ បានបិទទីតាំងប៉ូលិសសម្ងាត់របស់ចិនជាច្រើនកន្លែងរួចមកហើយ ហើយសាធារណរដ្ឋឆេក អាល្លឺម៉ង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេសកំពុងចាត់វិធានការស្រដៀងគ្នានេះដែរ ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ករណី​របស់​អាល្លឺម៉ង់ ព្រោះ​ក្រៅ​ពី​រក​ឃើញ​ប៉ុស្តិ៍​ប៉ូលិស​សម្ងាត់​របស់​ចិន​នៅ​ក្នុង ទីក្រុងហ្វ្រែងហ្វើតហើយ ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​ក៏​បាន​លាតត្រដាង​បន្តថា វៀតណាម​ក៏​បាន​មក​ធ្វើ​ប្រតិបត្តិការ​សម្ងាត់ស្រដៀង​គ្នា​នេះ​ដែរ ។ យោងតាមរបាយការណ៍ថា ជនជាតិវៀតណាម​​ត្រូវ​បាន​ចាប់​ពង្រត់​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​អ្នក​ស៊ើបការណ៍​ពី​ទីក្រុង​ហាណូយ ដើម្បី​នាំពួកគេ​ត្រឡប់​ទៅ​ទទួល​ទោស​នៅ​ប្រទេស​វៀតណាមវិញ ។

នៅទ្វីបអាហ្រ្វិក ក៏មានរបាយការណ៍ស្រដៀងគ្នានេះផងដែរ ប៉ុន្តែ​អ្នក​កាសែត​នីហ្សេរីយ៉ា​ដែល​ព្យាយាម​លាតត្រដាង​រឿង​នេះ​ត្រូវ​បាន​ក្រុម​អាថ៌កំបាំង​គំរាម​កំហែង​ឥត​ឈប់ឈរ ។

ទោះយ៉ាងណាក៏ដោយ អ្នកការពារសុវត្ថិភាពលើកទឹកចិត្តឲ្យ «រដ្ឋាភិបាលនៃប្រទេសជាច្រើន យកចិត្តទុកដាក់លើបញ្ហានេះ ព្រោះវាមិនត្រឹមតែការពារជនជាតិចិននៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដើម្បី​ការពារ​គោលការណ៍​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ»។

ជាង​នេះ​ទៅ​ទៀត អង្គការ​សិទ្ធិ​មនុស្ស​អេស្ប៉ាញ​មួយ​បាន​បញ្ជាក់​ដូច្នេះ នៅ​មាន​ប៉ុស្តិ៍​ប៉ូលិស​សម្ងាត់​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​រក​ឃើញ​លាក់​ខ្លួន​ក្នុង​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ហើយទិន្នន័យបានបង្ហាញថា ចន្លោះឆ្នាំ 2021 និង 2022 ប៉ូលីសសម្ងាត់ចិនបានបញ្ចុះបញ្ចូលជនជាតិចិនក្រៅប្រទេសចំនួន 230,000 នាក់ឱ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញដោយជោគជ័យ ។

ប្រទេសអ៊ីតាលី ជាប្រទេសដែលមានប៉ុស្តិ៍ប៉ូលីសសម្ងាត់របស់ចិនធំជាងគេក្នុងពិភពលោក

Safeguard Defenders រាយការណ៍ថា ប្រទេសអ៊ីតាលីមានស្ថានីយប៉ូលីសសម្ងាត់របស់ចិនធំជាងគេបំផុតនៅលើពិភពលោក ដោយសារតែប្រទេសនេះជាផ្ទះរបស់ពលរដ្ឋចិនចំនួន 330,000 នាក់ យោងតាមស្ថិតិឆ្នាំ 2021 ។

ត្រឡប់ទៅឆ្នាំ 2015 ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រសួងសន្តិសុខសាធារណៈជាទ្វេភាគីជាមួយប្រទេសចិន។ ជាលទ្ធផល ចាប់តាំងពីពេលនោះមក ប៉ូលីសអ៊ីតាលី និងចិនបានល្បាតទីក្រុងទេសចរណ៍ជាមួយគ្នា រួមទាំងទីក្រុង Milan និងទីក្រុងផ្សេងៗទៀត ។

ប៉ុន្តែ​ក្រោយ​មក ​វា​ត្រូវ​បាន​គេ​រក​ឃើញប៉ុស្តិ៍ប៉ូលីសគ្មានការអនុញ្ញាត ប៉ុន្តែ​ពួកគេ​បាន​បើក​ទីតាំង​សម្ងាត់​ចំនួន ១១ កន្លែង ដែល​ជា​ទីតាំង​ច្រើន​បំផុត​ក្នុង​ប្រទេស​អឺរ៉ុប ដែលជាមធ្យមមានតែ 2-3 កន្លែងប៉ុណ្ណោះ ។ ស្ថានីយ​ទាំងនេះ​ត្រូវ​បាន​គេ​និយាយ​ថា ​ដើម្បី​បំភិតបំភ័យ​ពលរដ្ឋ​ចិន​ដែល​មាន​ជម្លោះ​នយោបាយ​ក្នុង​តំបន់ ដូច​អ្វី​ដែល​បាន​លេច​ឡើង​នៅ​លើ​ព័ត៌មាន​ពាសពេញ​អឺរ៉ុប បណ្តាលឱ្យប្រទេសអ៊ីតាលីលុបចោលការនាំចូល «ប៉ូលីសចិន» ចូលទៅក្នុងប្រទេស ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានថា ប៉ុស្តិ៍ប៉ូលីសសម្ងាត់របស់ចិន ត្រូវបានរកឃើញជាផ្លូវការនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែ​អ្វី​ដែល​ប្រាកដ​នោះ ​គឺ​ប្រទេស​ថៃ​ពោរពេញ​ទៅ​ដោយមូលធនចិន​ពណ៌​ប្រផេះ​យ៉ាង​ច្រើន​ដែល​បង្ក្រាបមិនចេះអស់ បណ្តាលឲ្យឱកាសនេះ តម្រូវឲ្យប៉ូលិសថៃធ្វើការជាមួយប៉ូលិសចិននាពេល​អនាគត។

ពី​ករណី​ដែល​មាន​និន្នាការ​ថា​ អាជ្ញាធរ​ថៃត្រៀម​ប៉ូលិស​ចិន​ដើរ​ល្បាត​តាម​ទីក្រុង​ទេសចរណ៍​នានា ដើម្បីលើកកម្ពស់សុវត្ថិភាព និងទំនុក​ចិត្ត​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​កាន់​តែ​ខ្ពស់ ​តែបណ្តាលឱ្យមានការរិះគន់ជាច្រើននៅក្នុងពិភពអនឡាញ ដូចជា មានសំណួរសួរថា តើប៉ូលីសថៃមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេឬយ៉ាងណា? ឬយើងជាអាណានិគមរបស់ចិនរួចហើយមែនទេ? តើ​នេះ​នាំ​ឲ្យ​មាន​សង្គ្រាម​ចូល​ផ្ទះ​ឬ​អត់?


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម