ដោយ សូរ្យសែង៖
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបៃ ដេន កំពុងឈររង់ចាំលោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន នៅមាត់ទ្វារសាលជប់លៀងមួយ នៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ។ តើលោក បៃដេនអូសអេក្រង់រកអ្វីពិតប្រាកដ ដើម្បីបង្ហាញលោក ហ្ស៊ី ?
នៅពេលដែលលោក ហ្ស៊ី បានមកដល់ លោក បៃដេន បានលើកទូរស័ព្ទរបស់គាត់ ហើយឲ្យមេដឹកនាំចិនឱ្យមើល បន្ទាប់មកក៏សួរ៖ «តើអ្នកស្គាល់បុរសវ័យក្មេងនៅក្នុងរូបភាពនេះទេ? នោះគឺជាខ្ញុំកាលពី 38 ឆ្នាំមុន» លោក Xi បានឆ្លើយតបដោយញញឹម គឺជារូបថតរបស់លោក ហ្ស៊ី ថតនៅលើស្ពាន Golden Gate ជាស្ពានដែលអ្នកទេសចរចូលចិត្តថតរូប នៅសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងពេលដែលលោក ហ្ស៊ី មកសហរដ្ឋអាមេរិកជាលើកដំបូងក្នុងឆ្នាំ 1985 ដែលនៅពេលនោះលោក ហ្ស៊ី ក្នុងវ័យ ៣០ឆ្នាំ ដែលគាត់ជាអ្នកដឹកនាំស្រុក Zhengding ក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន ។
លោក បៃដេន បាននិយាយថា «អ្នកមិនបានផ្លាស់ប្តូរបន្តិចទេ» ជាមួយនឹងការសើចសប្បាយក្នុងបរិយាកាសរីករាយ ។ បន្ទាប់មកមេដឹកនាំទាំងពីរឈានជើងចូលពិធីជប់លៀងជាមួយគ្នា ។
លោក ហ្ស៊ី ធ្វើទស្សនកិច្ចនៅទីក្រុងសាន់ហ្រ្វានស៊ីស្កូ កាលពីថ្ងៃទី 14-17 ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំចិន-អាមេរិក និងកិច្ចប្រជុំកំពូល APEC លើកទី 30 ។
ប្រធានាធិបតីអាមេរិក ចូ បៃដេន និងប្រធានាធិបតីចិន ហ្ស៊ី ជិនពីង បាននិយាយគ្នាអស់រយៈពេលប្រមាណ ៤ ម៉ោង ហើយឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំកំពូលនេះ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការព្រួយបារម្ភជាច្រើនឆ្នាំដែលប្រទេសទាំងពីរនឹងប៉ះទង្គិចគ្នារឿងកោះតៃវ៉ាន់ ៕