ឯកឧត្តម ទេសរដ្ឋមន្ត្រី៖ យុវជនស្អាតស្អំត្រូវក្តាប់ជាប់យុទ្ធសាស្ត្របញ្ចកោណ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែធ្នូ ឆ្នាំ2023 ម៉ោង 4:17 នាទី ល្ងាច

Bong Rith:

ជាមួយនឹងទិវាដ៏នក្ខត្តប្ញក្ស (២៩ធ្នូ) ក្នុងការចូលរួមអបអរសាទរការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលកើតចេញពីគំនិតផ្តួចផ្តើម និងទស្សនៈវិស័យសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯក ក្នុងការស្វែងរកការចរចាបញ្ចប់ជម្លោះ រវាងខ្មែរនិងខ្មែរ ដែល ៥០០ ឆ្នាំកន្លងមកពុំដែលមាន ។

ផ្សារភ្ជាប់នឹងទិវាឈ្នះ ឈ្នះ នេះ យុវជន ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ក៏បានបើកវេទិកាយុវជនស្អាតស្អំ ក្រោមប្រធានបទ «យុវជនបន្តវេន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ វាគ្មិនកិត្តិយស ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅសាលសន្និសីទ សាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ។

ក្នុងនេះក៏មានប្រតិភូរបស់អង្គភាពប្រឆាំងអំពើពុករលួយអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និងគ្រួសារ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមផងដែរ ។

បើតាមឯកឧត្តម សរ សុពុត្រា ប្រធាន ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ឲ្យដឹងថា បច្ចុប្បន្ន គិតត្រឹមថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ មានសមាជិកសរុបចំនួន ៧.១១៣ អង្គ-នាក់ ស្រី ២.៧៥៣ នាក់ និងមានខ្សែរយៈចាត់តាំង ក្រុង-ស្រុក សង្កាត់-ឃុំ អង្គភាពជុំវិញខេត្ត គ្រឹស្ថានសិក្សា ។ល។

ជាមួយនឹងបទឧទ្ទេសនាមដ៏គួរឲ្យចងចាំរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រីបានបង្ហាញថា «សង្គមត្រូវការយុវជន យុវជនជាធនធានស្នូលក្នុងការកំណត់អនាគតរបស់សង្គមជាតិ ការផលិតធនធានយុវជនត្រូវប្រកប ដោយការអប់រំខ្ពស់ ភាពឈ្លាសវៃ និងបណ្តុះនូវស្មារតីស្នេហាជាតិមាតុភូមិ ហើយក៏ត្រូវមានសាមគ្គីភាពជាធ្លុងមួយផង ដែរ»

ចំណែកលក្ខណសម្បត្តិរបស់យុវជន ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា «យុវជនត្រូវមានចំណេះដឹងសមតាមតម្រូវការសង្គម មានបទពិសោធន៍ ភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ និងចេះបត់បែនតាមសភាពការណ៍»។  ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តោតសំខាន់របស់យុវជនច្រើនយ៉ាងទៀត គឺ សីលធម៌ ភាពស្មោះត្រង់ មានឧត្តមគតិ គិតប្រយោជន៍រួមជាធំ មានមនសិការការងារ ក្លាហាន អំណត់ព្យាយាម ហ៊ានទទួលខុសត្រូវ និងគោររពច្បាប់ ការពារយុត្តិធម៌»

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបកស្រាយពីជំនាញផ្នែកទន់ (Soft Knowledge, Soft Skill) ដែលជាលក្ខណៈទូទៅមិនជាក់លាក់ចំពោះការងារណាមួយ ដែលជួយបុគ្គលិកឲ្យពូកែនៅកន្លែងធ្វើការណាមួយ ។ ជំនាញទន់ រួមបញ្ចូលដោយ ស្នេហាជាតិ សីលធម៌ យុត្តិធម៌ ការប្រាស្រ័យទាក់ទង ការធ្វើការងារជាក្រុម និងការសម្របសខ្លួន ដែលជារឿយៗត្រូវបានគេហៅថា ជាជំនាញដែលអាចផ្ទេរបាន ឬអន្តរបុគ្គល ។ ជំនាញទន់មានសារសំខាន់សម្រាប់ភាពជោគជ័យក្នុងអាជីព ។

នៅចុងបញ្ចប់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើថា «យុវជនជាកម្លាំងស្នូល ជាធនធានសង្គម យុវជនស្អាតស្អំ ត្រូវក្តាប់ឲ្យជាប់នូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ និង យុវជនជាអ្នកបន្តវេន ត្រូវរក្សាចាស់ ពង្រីកថ្មី»

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម