កំណែទម្រង់អប់រំដ៏មានប្រសិទ្ធភាព ពីនិទ្ទេស A ចំនួន ១១ នាក់ឆ្នាំ ២០១៤ មក ១.៦៧៣ ឆ្នាំ ២០២៣ ! សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 9:00 នាទី ព្រឹក

by Dararith:

នៅព្រឹកថ្ងៃទី៩ ខែមករា ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ ២០២២-២០២៣ ទូទាំងប្រទេសចំនួន ១.៦៧៣ នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ៦ វិច្ឆិកា ២០២៣។ ក្នុងការប្រឡងលើកនេះមាន បេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧,៤១២ នាក់ ស្រី ៥៣,៣២%, បេក្ខជនបានមកប្រឡងចំនួន ១៣៥,០៧២ នាក់ ស្រី ៥៣,៥៦% និងបេក្ខជនបាន ប្រឡងជាប់សរុប ៩៨,៤៦០ នាក់ ( ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប )។ ក្នុងនោះបេក្ខជនទទួលបាន៖និទ្ទេស A ចំនួន ១,៦៧៣នាក់ ,និទ្ទេស B ចំនួន ៦,៩៦៤ នាក់ ,និទ្ទេស C ចំនួន ១៨,៣០៨ នាក់,និទ្ទេស D ចំនួន ៣៤,២៤៦ នាក់ និង និទ្ទេស E ចំនួន ៣៧,២៦៩ នាក់ ។

ជាមួយគ្នានេះក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣សម័យប្រឡង៖ ២០ តុលា ២០២៣ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេសមានបេក្ខ ជនចុះឈ្មោះប្រឡងសរុប ៨៨៨ នាក់ ស្រី ៣៤៤ នាក់,បេក្ខជនមកប្រឡងសរុប៨៨៦នាក់ស្រី ៣៤៤ នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប៨៧៩ នាក់ គិត ជាភាគរយស្មើនឹង៩៩,២១% នៃចំនួនបេក្ខជនមកប្រឡងសរុប។ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន១៨ នាក់ ស្រី ១៤ នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់ (នារី ៩៤៧ នាក់)មកពីសាលាចំនួន ៤២៣ ក្នុងនោះសាលារដ្ឋចំ នួន ៣០៩ មានសិស្សនិទ្ទេស A ចំនួន ១,១៥១ នាក់ និងសាលាឯកជនចំនួន១១៤ នាក់ មានសិស្សនិទ្ទេសA ចំនួន ៥២២ នាក់។ រាជធានីខេត្តចំនួន ២៣ មានបេក្ខជនទទួលបាននិទ្ទេស A ។ ការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ មានបេក្ខជនទទួលបាននិទ្ទេស Aចំនួន១៨ នាក់ (ស្រី ១៤ នាក់) មកពីសាលារដ្ឋចំនួន៣ មានសិស្ស និទ្ទេស A ចំនួន ១០ នាក់និងសាលាឯកជនចំនួន ២ មានសិស្សនិទ្ទេស A ចំនួន៨ នាក់។

ងាកទៅក្រោយ ១០ ឆ្នាំ ពីឆ្នាំសិក្សា ២០១៤ គឺជាឆ្នាំធ្វើកំណែទម្រង់ការប្រឡងមធ្យម​សិក្សាទុតិយភូមិ ហៅថាបាក់ឌុប រហូតមកដល់ឆ្នាំ ២០២៣ របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ ដោយមានការចូលរួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការចម្រាញ់យក«អ្នកចេះគឺជាប់» ជាពិសេស បានកែប្រែផ្នត់គំនិតដ៏ធំធេង បញ្ចប់ការអន្តរាគមន៍ លួចយកឯកសារចូលបន្ទប់ប្រឡង បំបាត់ភាពមិនប្រក្រតីក្នុងបន្ទប់ប្រឡង ហើយងាកមកប្រឹងប្រែងរៀនសូត្រ ដោយទទួលបានការសាទរពី មាតា បិតា អាណាព្យាបាលយ៉ាងគួរឲ្យកត់សម្គាល់ ដែលគិតពីឆ្នាំ ២០១៤ មានសិស្សនិទ្ទេស A ត្រឹមតែ ១១ នាក់ប៉ុណ្ណោះ រហូតមកដល់ឆ្នាំ ២០២៣ មានសិស្សនិទ្ទេស A រហូតដល់ ១.៦៩១ នាក់។

ខាងក្រោមជាលទ្ធផលនៃកំណែទម្រង់របស់ក្រសួងអប់រំ ទៅលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៣ ដូចតទៅ៖

. ឆ្នាំ ២០១៤ ក្រសួងរៀបចំការប្រឡង២ដងក្នុងនោះលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយនិងលើកទី២បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយនិងមានបេក្ខ ជននិទ្ទេស A ចំនួន ១១នាក់

.ឆ្នាំ ២០១៥ បេក្ខជនប្រឡងជាប់ ៥៥,៨៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១០៨ នាក់

.ឆ្នាំ ២០១៦ បេក្ខជនប្រឡងជាប់ ៦២,១៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៥ នាក់

.ឆ្នាំ ២០១៧ បេក្ខជនប្រឡងជាប់ ៦៣,៨៤ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤២៤ នាក់

.ឆ្នាំ ២០១៨ បេក្ខជនប្រឡងជាប់ ៦៧,០៧ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៨ នាក់

. ឆ្នាំ ២០១៩ បេក្ខជនប្រឡងជាប់ ៦៨,៦២ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤៤៣ នាក់

.ឆ្នាំ ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងបានកំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស ។

.ឆ្នាំ ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៧៥៧ នាក់

. ឆ្នាំ ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយនិងមានបេក្ខជននិទ្ទេស A ចំនួន ១០៥៨ នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់

. ឆ្នាំ ២០២៣ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៦៩១ នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម