សែម ណាវី ពីកម្មការិនី ក្លាយជា CEO ក្រុមហ៊ុនដ៏ល្បីនៅប្រទេសជប៉ុន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែមករា ឆ្នាំ2024 ម៉ោង 1:36 នាទី ល្ងាច

 

អត្ថបទ ម៉ារ៉ា ម៉ារីអូ៖

សែម ណាវី  ប្រសិនក្រឡេកមើលមួយភ្លែតហាក់ដូចជាមនុស្សស្រីសាមញ្ញម្នាក់ដូចនារីដទៃ ប៉ុន្តែនៅពេលសហការី «មតិអ្នក» លោក ម៉ារ៉ា ម៉ារីអូ ជួបសម្ភាសទើបដឹងថា Degree របស់គាត់មិនធម្មតា ។

ជាកូនខ្មែរមួយរូបរស់នៅទីក្រុងភ្នំពេញ និងធ្លាប់ជាកម្មការិនីរោងចក្រក្នុងជីវិតតស៊ូដ៏សែនលំបាក តាំងពីអាយុ ១៦ ឆ្នាំ លោកស្រី សែម ណាវី បានក្លាយទៅជា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Sisyphus Inc. Skin Care មួយដ៏ល្បីល្បាញឈានមុខគេនៅក្នុងប្រទេសជប៉ុន ។ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកស្រី ជាក្រុមហ៊ុនចែកចាយវត្ថុធាតុដើម ទៅដល់រោងចក្រផលិតគ្រឿងថែរក្សាសម្ផស្សនៅលើសកលលោក ជាពិសេសក្រុមហ៊ុនអាចផលិតម៉ាក (Brand) ដោយខ្លួន​ឯង សម្រាប់អតិថិជនដែលចង់បានម៉ាករបស់ខ្លួន ។

ក្នុងទឹកមុខញញឹម និងទន់ភ្លន់ គាត់រៀបរាប់ប្រាប់ «មតិអ្នក» ឲ្យដឹងថា «ការមកប្រទេសកម្ពុជាលើកនេះ មានគោល​បំណងដ៏ជាក់លាក់មួយ គឺរកដៃគូវិនិយោគទៅលើផ្នែកវត្ថុធាតុដើមក្នុងស្រុកខ្មែរ ដែលសម្បូរទៅដោយវត្ថុធាតុដើម ពីធម្មជាតិ ដូចជារុក្ខជាតិ ប្ញសឈើ ស្លឹកឈើ ។ល។ សុទ្ធតែជារូបមន្តដ៏ស័ក្តិសិទ្ធិពីបុព្វបុរសខ្មែរយើង ដូច្នេះហើយទើបលោកស្រី ចង់មកសិក្សា និងយកទៅពិសោធន៍បន្ថែម ដើម្បីកែច្នៃជា Skin Care ជាផលិតផលការពារស្បែក និងបង្កើនសម្រស់ ទោះសព្វថ្ងៃស្រុកយើងមានខ្លះៗហើយក៏ដោយ» ។

ជាមួយគ្នានេះ ក្នុងឱកាសស្នាក់នៅទឹកដីកំណើតរបស់លោកស្រីជាមួយសហការីជាជនជាតិជប៉ុន លោកស្រីបានជួបក្រុមហ៊ុនធំៗ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនផងដែរ ដើម្បីឈ្វេងយល់ពីគោលបំណងគ្នាទៅវិញទៅមក រួមទាំងផ្តល់កិច្ចសម្ភាសដ៏ខ្លីជាមួយគេហទំព័រ សារព័ត៌មាន «មតិអ្នក» ដើម្បីបង្ហាញសាធារណជនពីគោលដៅរបស់លោកស្រី ក្នុងនាមជាកូនខ្មែរមួយរូប ចង់រួមចំណែកអភិវឌ្ឍន៍ទៅលើផ្នែកអ្វីមួយជារបស់ខ្មែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម