តើការ«ឃោសនាបោះឆ្នោត» ជ្រើសរើសសមាជិកព្រឹទ្ធសភា ១៤ ថ្ងៃ ត្រូវធ្វើដូចម្តេចខ្លះ?

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 10:54 នាទី ព្រឹក

 

ដោយ សូរ្យរិទ្ធ៖

     នៅសល់តែ ៤ ថ្ងៃទៀតទេ គឺថ្ងៃទី ១០ ខែកុម្ភៈ នឹងដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសសមាជិកសភា នីតិកាលទី៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញការណែនាំស្តីពី«ការឃោសនាបោះឆ្នោត» ដូចខាងក្រោម៖

    គណបក្សនយោបាយ បេក្ខជននានា និងអ្នកគាំទ្រទាំងឡាយអាចប្រើប្រាស់រូបភាព ឬសម្ភារឃោសនា បោះឆ្នោតសម្រាប់ផ្សព្វផ្សាយដូចជា៖

  • ខិត្តបណ្ណឃោសនាបោះឆ្នោត
  • ការឃោសនាតាមរលកអាកាស ឬតាមឧបករណ៍បំពងសំឡេង ឬតាមឧបករណ៍បញ្ចាំងរូបភាព
  • អត្ថបទឃោសនា
  • បទភ្លេង និងចម្រៀងជាពាក្យស្លោកខ្លីៗ
  • ការសូត្រកំណាព្យ
  • ការប្រគំតន្ត្រីនៅនឹងកន្លែង
  • សម្ភាសន៍ដោយបន្តផ្ទាល់ ឬដោយមិនបន្តផ្ទាល់
  • ការសម្តែងសិល្បៈ
  • ការចាក់ផ្សាយកាសែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ
  • ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ផ្លូវការរបស់ខ្លួន

ដោយយោងលើរូបភាព និងសម្ភារឃោសនាបោះឆ្នោត ដូចបានបញ្ជាក់ខាងលើ មធ្យោបាយផ្សេងៗទៀត រួមមាន៖

  • រឿងល្ខោនខ្លីៗ និងការសម្តែងសិល្បៈ ការ បញ្ចាំងខ្សែភាពយន្តវីដេអូ
  • ប៉េងប៉ោង ឬ/និងខ្លែង
  • សម្ភារបោះពុម្ព មានជាអាទិ៍ រូបភាពបិទផ្សាយ សម្លៀកបំពាក់ អាវយឺត មួក ស្លាកសញ្ញា ពាក្យស្លោក ឬរូបភាពបិទតាមយានយន្ត លោហៈខ្ចាស់ បដា
  • ការស្រែកឃោសនាតាមទីសាធារណៈ

    គ្រប់សម្ភារ ឯកសារឃោសនាបោះឆ្នោតទាំងអស់ដែលបានបោះពុម្ព ចែកផ្សាយ ឬផ្សព្វផ្សាយដោយបេក្ខជន ឬ/និង គណបក្សនយោបាយ ត្រូវតែមានដាក់សញ្ញាសម្គាល់របស់សាមីគណបក្ស (ឈ្មោះ ឬ/និងអាសយដ្ឋាន)។

    សម្ភារឃោសនាបោះឆ្នោតដែលត្រូវបានផ្សព្វផ្សាយជាទម្រង់ អត្ថបទបោះពុម្ព ឬតាមឧបករណ៍បំពងសំឡេង ឬការចាក់ផ្សាយ ឬបង្ហោះផ្សព្វផ្សាយខ្លឹមសារតាមប្រព័ន្ធអនឡាញ មិនត្រូវរួមបញ្ចូល ឬប្រើប្រាស់នូវរូបភាពណាមួយដូចខាងក្រោម៖

  • ប្រើប្រាស់រូបភាព ឬភាសាដែលញុះញង់អ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើហិង្សា បំភិតបំភ័យ គំរាមកំហែងប្រឆាំងអ្នកបោះឆ្នោត ឬគណបក្សនយោបាយ ឬបេក្ខជនផ្សេងទៀត ឬធ្វើឱ្យបាត់បង់ជំនឿជឿជាក់លើភាពសម្ងាត់នៃការបោះឆ្នោត។
  • ប្រើប្រាស់រូបភាព ឬភាសាដែលមាក់ងាយ បំភិតបំភ័យ ប្រមាថ សម្តែងការមាក់ងាយ ឬអសីលធម៌ ឬការរើស អើងប្រកាន់ពូជសាសន៍។
  • ប្រើប្រាស់រូបភាព ឬភាសាដែលសាបព្រោះ ភាពភ័យខ្លាច ធ្វើឱ្យភាន់ច្រឡំប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង ខូចរបៀបរបបសង្គម។
  • ប្រើប្រាស់រូបភាព ឬភាសាដែលមានព័ត៌មានមិនត្រឹមត្រូវចំពោះដំណើរការបោះឆ្នោត។
  • ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារ ជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់ គណបក្សនយោបាយរបស់ខ្លួន។

    ការផ្សព្វផ្សាយ ការចុះផ្សាយ ឬការបោះពុម្ពផ្សាយសម្ភារ ឃោសនាបោះឆ្នោត ដែលត្រូវបានរកឃើញថា រំលោភលើចំណុចខាងលើនេះ គ.ជ.ប អាចបញ្ជាឱ្យដកហូត ឬ បញ្ឈប់ការផ្សព្វផ្សាយ និងការប្រើប្រាស់សម្ភារខុសច្បាប់ទាំងនោះ។

    គណបក្សនយោបាយត្រូវទទួលខុសត្រូវចំពោះសម្ភារ ឃោសនាបោះឆ្នោតដែលខ្លួនផ្សព្វផ្សាយ និងត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើសម្ភារទាំងនោះរំលោភ លើលក្ខខណ្ឌដូចមានចែងក្នុងជំពូកទី៦ នៃ ប.ន.ព.ស នេះ។

   ហាមធ្វើសកម្មភាពឃោសនាដោយយកព្រះឆាយាល័ក្ខណ៍ ព្រះរាជឱង្ការ ព្រះរាជសារ ស្នាព្រះហស្ត និងព្រះនាមព្រះមហា ក្សត្រ ព្រះមហាវីរក្សត្រ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា និងរូបសញ្ញា គ.ជ.ប ទៅប្រើប្រាស់ដើម្បីរកសំឡេងឆ្នោត។

   ហាមលើកបដាឃោសនាបោះឆ្នោត ស្លាកសញ្ញាគណបក្ស នយោបាយ និងរូបសញ្ញាណាមួយដែលបង្ហាញពីការគាំទ្រ គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់កាត់ ទទឹងផ្លូវសាធារណៈ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម