ដោយ សូរ្យសែង៖
មេដឹកនាំផ្តាច់ខ្លួនរដ្ឋតិចសាស់ដែលជារដ្ឋធំជាងគេទី 2 ទាំងតំបន់ និងចំនួនប្រជាជនចេញពីសហរដ្ឋអាមេរិក ដែលជាចលនាមួយដែលមានឈ្មោះថា «Texit» អាចកើតឡើងលឿនជាងការគិត។ នេះចំពេលមានជម្លោះរវាងអភិបាល Greg Abbott និងរដ្ឋាភិបាលសហព័ន្ធ ទាក់ទងនឹងការគ្រប់គ្រងព្រំដែនជាមួយប្រទេសម៉ិកស៊ិក ។
លោក Daniel Miller ប្រធានចលនាជាតិនិយមតិចសាស់បាននិយាយនៅក្នុង Podcast “Texas News” ថា «យើងស្ថិតនៅចំណុចមួយដែលរដ្ឋតិចសាស់ស្ថិតនៅក្នុងគំនិតរបស់មនុស្សគ្រប់រូប ទាំងអ្នកគាំទ្រ និងគូប្រជែង»។
«បញ្ហាព្រំដែនបានឈានដល់ជួរមុខនៃវដ្ដព័ត៌មាន ហើយកិច្ចការ Texit បានក្លាយជាផ្នែកបន្ថែមដ៏សមហេតុសមផលនូវអ្វីដែលកំពុងកើតឡើងនៅតាមព្រំដែន ។
«យើងកំពុងស្ថិតនៅលើផ្លូវដើម្បីទទួលបាននូវអ្វីដែលយើងកំពុងនិយាយ នោះគឺជាការបោះឆ្នោតជាប់កាតព្វកិច្ច បោះឆ្នោតលើបញ្ហារដ្ឋតិចសាស់ ក្លាយជាប្រទេសឯករាជ្យ និងគ្រប់គ្រងខ្លួនឯង» លោក Miller បានអះអាង។
លោក DANIEL MILLER
គាត់ក៏បានសរសើរ Abbott សម្រាប់ការប្រកាសសិទ្ធិរបស់រដ្ឋតិចសាស់ក្នុងការការពារខ្លួន «វាគឺជាអ្វីដែលល្អជាងបទប្បញ្ញត្តិច្បាប់ណាមួយរបស់រដ្ឋាភិបាលសហព័ន្ធ ដែលនិយាយផ្ទុយពីនេះ» និងការបដិសេធរបស់លោក Abbott ក្នុងការរុះរើរបងលួសបន្លានៅតាមព្រំដែន Texas-Mexico បើទោះជាតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចថា ការបដិសេធបែបនេះ រំលោភលើរដ្ឋធម្មនុញ្ញអាមេរិកក៏ដោយ ។
អភិបាលគណបក្សសាធារណរដ្ឋបានប្រកែកថា ដោយសារតែរដ្ឋាភិបាលសហព័ន្ធបានបរាជ័យក្នុងការការពាររដ្ឋតិចសាស់ពីការហូរចូលនៃជនអន្តោប្រវេសន៍ឈ្លានពានឆ្លងកាត់ព្រំដែន ដូច្នេះរដ្ឋតិចសាស់មាន «អំណាចរដ្ឋធម្មនុញ្ញដើម្បីការពារខ្លួន»។
លោក Greg Abbott
លោក Abbott បាននិយាយថា ប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន បានប្រែក្លាយព្រំដែនភាគខាងត្បូងរបស់ប្រទេសទៅជាចំណុចក្តៅសម្រាប់ការធ្វើចំណាកស្រុកខុសច្បាប់ ជំនួសឲ្យការគោរពច្បាប់ និងការពារព្រំដែន ។ ផ្ទុយទៅវិញ លោក បៃដេន គាំទ្រការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនជាមួយម៉ិកស៊ិក និងអនុញ្ញាតឱ្យភេរវករចូលសហរដ្ឋអាមេរិក ។
ថ្លែងនៅលើ Podcast លោក Miller បានបង្ហាញពីអារម្មណ៍ស្រដៀងគ្នា ដោយនិយាយថា «រាល់ពេលដែលរដ្ឋតិចសាស់ព្យាយាមធ្វើអ្វីមួយដើម្បីការពារព្រំដែន រដ្ឋាភិបាលកណ្តាលតែងធ្វើអន្តរាគមន៍ ឬពួកគេធ្វើដូចកាលពីអតីតកាល ដោយកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋតិចសាស់។
លោក Miller ក៏បានបន្ថែមក្នុងបទសម្ភាសជាមួយកាសែត New York Post ដែថា លោកជឿថា ការប្រយុទ្ធនៅព្រំដែននៅពេលនេះ «វាកំពុងធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ទាក់ទងនឹងទំហំ និងកម្លាំងដែលមានស្រាប់នៃការគាំទ្រសម្រាប់រដ្ឋតិចសាស់» និងបានចង្អុលបង្ហាញ ចលនាជាតិនិយមរដ្ឋតិចសាស់របស់គាត់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2005 ហើយការគាំទ្របានកើនឡើងជាលំដាប់ចាប់តាំងពីពេលនោះមក ។
នៅក្នុងបទសម្ភាសន៍ជាមួយ Newsweek លោក Miller បានបង្ហាញទំនុកចិត្តថា មនុស្សកាន់តែច្រើននឹងបោះឆ្នោត «ពេញចិត្ត» នៅក្នុងការបោះឆ្នោតប្រជាមតិលើសំណួរថាតើរដ្ឋគួរតែបំបែកខ្លួនឬទេ?
គាត់ក៏បានស្នើផងដែរ នៃការប្រយុទ្ធគ្នាលើបញ្ហាព្រំដែននេះ ដែលអាចជំរុញឱ្យរដ្ឋផ្សេងទៀត សូមពិចារណាបំបែកខ្លួនពីសហរដ្ឋអាមេរិកផងដែរ ដោយលើកឡើងពីករណីអភិបាលរដ្ឋសាធារណរដ្ឋចំនួន ២៥ រូប ចុះហត្ថលេខាលើលិខិតគាំទ្រលោក Abbott។
«មានន័យថាម៉េច? វាមានន័យថា យើងកំពុងឃើញការបែកបាក់គ្នា មិនមែនតែរដ្ឋតិចសាស់មួយទេ ប៉ុន្តែវាក៏រួមបញ្ចូលរដ្ឋចំនួន 25 ផ្សេងទៀតផងដែរ» លោក Moller បាននិយាយ។ «វាជាពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងជីវិតរបស់យើង ហើយខ្ញុំគិតថា យើងឈានដល់ចំណុចមួយដែលយើងហួសពីវិបត្តិរដ្ឋធម្មនុញ្ញ»។
ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក Miller មានរយៈពេលពីរបីសប្តាហ៍ បន្ទាប់ពីតុលាការកំពូលតិចសាស់បដិសេធមិនបើកសវនាការលើសំណុំរឿងដែលដាក់ដោយក្រុមបំបែកខ្លួន បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់រដ្ឋ បានច្រានចោលបណ្តឹងជាច្រើនលក្ខណៈរបស់ពួកគេ នោះរួមមានការស្នើសុំឱ្យមានការបោះឆ្នោតលើឯករាជ្យភាពរដ្ឋតិចសាស់ នៅក្នុងសមរភូមិបោះឆ្នោតនាពេលខាងមុខ ។
ចៅក្រមតុលាការកំពូលនៃរដ្ឋតិចសាស់ មិនបានផ្តល់ហេតុផលសម្រាប់ការសម្រេចចិត្តរបស់ពួកគេទេ ប៉ុន្តែគណបក្សសាធារណរដ្ឋអះអាងថា បណ្ដឹងរបស់ក្រុមនេះមិនត្រូវបានដាក់ឲ្យទាន់ពេលទេ ហើយហត្ថលេខា 139,000 នៃញត្តិគឺមិនត្រឹមត្រូវទេ ព្រោះវាជាហត្ថលេខាអេឡិចត្រូនិក >
ប្រភព New York Post