ប្រសាសន៍បកស្រាយរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ចំពោះសំណួរ​របស់​អ្នកកាសែត អំពីការប្រឡងក្របខណ្ឌ ACU ឲ្យបេក្ខជនយកសៀវភៅច្បាប់ចូល !

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែមិីនា ឆ្នាំ2024 ម៉ោង 6:36 នាទី ល្ងាច

សំណួរ ៖ បេក្ខជនប្រឡងក្រសួងផ្សេងៗ មិនអាចយកសំណៅឯកសារចូលបាន តើអយុត្តិធម៌សម្រាប់ពួកគាត់ទេ ដែលប្រឡងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ​អាចយកសៀវភៅចូលបាន?

សំណួរនេះតែងលើកឡើងរាល់ការប្រឡងក្របខណ្ឌមន្ត្រីរាជការចូលបម្រើអង្គភាពប្រឆាំងអំពើពុករលួយ ហើយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏តែងបកស្រាយជារឿយៗមកដែរ តែពេលនេះ យើងសូមនាំប្រសាសន៍របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី ៣ មីនា បង្ហាញជូនឲ្យអស់ចម្ងល់ ។

ឯកឧត្តម ទេសររដ្ឋមន្ត្រី ៖

«ស្ថាប័ននីមួយៗមានជំនាញរៀងៗខ្លួន ហើយការដាក់ចេញវិញ្ញាសាក៏មានគោលដៅរបស់ខ្លួន គោលដៅក្នុងការប្រឡងចូលបម្រើអង្គភាពប្រឆាំងអំពើពុករលួយ កម្មវត្ថុសំខាន់ជាងគេ គឺ «ច្បាប់» ប៉ុន្តែយើងមិនមែនរើសអ្នកច្បាប់តែមួយមុខទេ គ្រូពេទ្យ វិស្វករ ក៏យើងត្រូវការ ប៉ុន្តែចង់ឲ្យគាត់យល់ពីបញ្ហាច្បាប់ ។ ការស្មើភាពរបស់ពួកគាត់ ស្ថិតនៅត្រង់ថា ច្បាប់មានច្រើន ទើបចេញថ្មីក៏មាន សំខាន់ឲ្យគាត់យល់ថា ច្បាប់នៅត្រង់មាត្រាទីប៉ុន្មាន បើវិញ្ញាសាចង់ឲ្យគាត់ចម្លង បេក្ខជននឹងពិបាកទន្ទេញ សូម្បីចៅក្រមពេលគាត់សម្រេច ក៏គាត់បើកមើលសៀវភៅ ត្រង់មាត្រា​ឡើងវិញដែរដើម្បីបញ្ជាក់ច្បាស់ ពីព្រោះច្បាប់បើខុសមួយមួយក្បៀស គឺទៅន័យផ្សេងមួយទៀត មូលហេតុនឹងហើយ​បានឲ្យយកសៀវភៅច្បាប់ចូល ហើយសំណួរវិញ្ញាសាសរសេរមានច្រើន ហើយអ្នកដែលមិនយល់ គ្រាន់តែបើករក ក៏រកមិនឃើញផង នេះខ្ញុំគិតពីមុន។

ឥឡូវនេះ ការរៀបចំ ការដំណើរការប្រឡងលើកមុន ក្រសួង ស្ថាប័នខ្លះក៏បានដំណើរការហើយ សព្វថ្ងៃមានការប្រែប្រួល ដើម្បីឈានទៅរកគុណភាពថ្មីមួយទៀត ជាការរៀបចំមួយ ដែលរាល់ការ​ប្រឡង​ចូលក្របខណ្ឌទាំងអស់ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងមុខងារសាធារណៈ ហើយមានស្តង់ដារមួយ ដែលរាជរដ្ឋាភិបាលយល់ឃើញថា គួរតែអនុវត្តទៅតាមហ្នឹង ដូច្នេះខ្ញុំគិតឡើងវិញដែរថា តើការដែលឲ្យយកសៀវភៅច្បាប់ចូល ត្រូវរក្សាទៀត ឬក៏យ៉ាងដូចម្តេច បើមិនរក្សារបៀបមុនទៀតទេ យើងខ្ញុំត្រូវពិចារណារបៀបចេញវិញ្ញាសាយ៉ាងដូចម្តេច ដើម្បីឲ្យត្រូវតាម  ពីព្រោះឲ្យស្តង់ដារមកតាមយើងតែមួយវាពិបាក តែបើខ្លួនយើងតែមួយតម្រូវទៅតាមស្តង់ដារ កិច្ចការវាងាយស្រួលធ្វើជាង ហើយកិច្ចការនេះខ្ញុំគិតថា ក្រោមការដឹកនាំរបស់ក្រសួងមុខងារ​សាធារណៈ ត្រូវតាមស្តង់ដាររបស់រាជរដ្ឋាភិបាល យើងចង់ឲ្យរាល់ការប្រឡងទាំងអស់ល្អៗដូចគ្នា ។ កន្លងមកល្អហើយ ក្រសួងខ្លះធ្វើបានល្អកម្រិតនេះ ខ្លះល្អកម្រិតនោះ ប៉ុន្តែខ្ញុំជឿជាក់ថា ឥឡូវនេះ ដើម្បីគុណភាពមន្ត្រីរាជការ ល្អកម្រិតមួយដូចគ្នាទាំងអស់ មិនអាចអ្នកខ្លះត្រូវទាបជាងអីទេ ...នេះជាការរៀបចំថ្មីនេះឯង ។

ចំណែករឿងវិញ្ញាសា ខ្ញុំគិតថា SOP ក៏មិនតម្រូវចាំបាច់ឲ្យយើងខ្ញុំធ្វើ តែយើងខ្ញុំគិតទៅដល់ SOP របស់រាជរដ្ឋាភិបាល យើងខ្ញុំនឹងម្ចាស់ការ តើការប្រឡងលើកក្រោយ យើងខ្ញុំនៅរក្សាបែបនេះទៀត​ឬអត់ សួរថា តើយើងខ្ញុំដូរបានឬអត់ យើងខ្ញុំដូរបាន ដោយសារយើងមិនឲ្យបេក្ខជនយកអីចូល​ទាំងអស់ ប៉ុន្តែពេលចេញវិញ្ញាសា ត្រូវចេញបៀបមួយ «កុំរកអ្នកទន្ទេញចាំ រកអ្នកចេះច្រើនជាង» ។

នេះជាសន្និសីទសារព័ត៌មាន របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារសាធារណៈ និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងឱកាសប្រឡងមន្ត្រីរាជការ​ក្របខណ្ឌចូលបម្រើ​អង្គភាពប្រឆាំងអំពើពុក្រលួយ នារសៀលថ្ងៃទី ៣ មីនា ២០២៤ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម