លោកស្រី ផេតថងថាន ​៖ ជាអ្នកនយោបាយស្ត្រី ខ្ញុំចង់ឃើញកិច្ចសហប្រតិបត្តិការរវាងអ្នកនយោបាយស្ត្រីនៃប្រទេសទាំងពីរ ផ្លាស់ប្តូរចំណេះដឹង និងទស្សនៈវិស័យ ដើម្បីអភិវឌ្ឍសក្តានុពលស្តី្រ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែមិីនា ឆ្នាំ2024 ម៉ោង 6:36 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

លោកស្រី ផេតថងថាន ឈិនវ៉ាត់ បានដឹកនាំប្រតិភូបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងបានជួបពិភាក្សាជាមួយ «សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត» អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ និងកម្ពុជាលើវិស័យជាច្រើន ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ «លោក ថាក់ស៊ីន» ដែលបានត្រឡប់​មក​ប្រទេស​ថៃ​វិញ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជំរុញ​ការ​សហការជាមួយ «រដ្ឋាភិបាលលោក សេដ្ឋា ទ្វីស៊ីន» ។

ថ្ងៃនេះ (18 មីនា 2024) លោកស្រី ផេតថងថាន ឈិនវ៉ាត់ (Paethongthan Shinawatra) ប្រធានគណបក្សភឿថៃ និងលោក សូរ៉ាវង្ស ធីអានថុង (Sorawong Thianthong) អគ្គលេខាធិការ ដឹកនាំគណៈកម្មាធិការប្រតិបត្តិគណបក្សភឿថៃ ធ្វើដំណើរមកប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ដោយអញ្ជើញទៅស្វាគមន៍មានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ ​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។​

ក្រុម​គណបក្ស​ភឿថៃ​គ្រោង​នឹង​ចូល​ជួប​សម្តែង​ការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅ​​ពេល​ល្ងាចនេះ ​នឹង​មាន​ពិធី​ទទួល​ស្វាគមន៍​លៀងសាយភោជន៍ដោយសម្តេចតេជោ ហ៊ុន សែន ជា​ផ្លូវការ ។

លោកស្រី ផេតថងថាន មានប្រសាសន៍ថា ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមជាមួយការអបអរសាទរក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងដូចគ្នាជាមួយមេដឹកនាំគណបក្សភឿថៃ ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​ថៃ​នៅ​ពេល​នេះដែរ ។ គណបក្សភឿថៃ ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញ​ទំហឹង ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គណបក្ស​សម្តេចតេជោ ហ៊ុន សែន និង​រដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ និង​កម្ពុជា ដោយផ្អែកលើភាពស្និទ្ធស្នាលរវាងភាគីទាំងពីរ ដែលជាដើមទុនដ៏សំខាន់ ដោយសារតែខ្ញុំជឿថា ការបង្កើតភាពជិតស្និទ្ធ ហើយការយោគយល់គ្នាល្អរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈយន្តការគណបក្សនយោបាយ នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ និងកម្ពុជា។

លោកស្រី ផេតថងថាន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ថាមពលទន់បានមានប្រសាសន៍ថា ក្នុងឱកាសនេះ លោកស្រីក៏បានពិភាក្សាអំពីគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់យន្តការផ្សេងៗ សម្រាប់​ការផ្លាស់ប្តូរ ​និង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍ ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមាដល់ប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ជាពិសេសលើវិស័យទេសចរណ៍ ។

«ប្រទេសថៃ និងកម្ពុជា មានទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលអាចរួមបញ្ចូលគ្នា ដើម្បីទាក់ទាញទេសចរណ៍ក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព និងគួរចាប់អារម្មណ៍ទាំងប្រជាជនថៃ និងប្រជាជនកម្ពុជា និង​ជន​ជាតិបរទេស​កាន់​តែ​ច្រើន» លោកស្រី ផេតថងថាន បញ្ជាក់។

លើសពីនេះ លោកស្រី ក៏បានសម្តែងការគាំទ្រចំពោះគម្រោង ASEAN Drive Tourism ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់លោក សេដ្ឋា ទ្វីស៊ីន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗមកនេះ។ គម្រោងនេះមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍រួមគ្នាក្រោមគោលគំនិតនៃ «៦ ប្រទេសគោលដៅតែមួយ (6 Countries One Destination)» រួមមាន ថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ដែលរំពឹងថានឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ ។ លោកស្រី ផេតថងថាន បានពិភាក្សា​បន្ថែម​អំពី​មធ្យោបាយ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងៗ ដើម្បីបង្កើនចំនួនជើងហោះហើរ និងកាត់បន្ថយតម្លៃសំបុត្រ ដែលនឹងទាក់ទាញ និងសម្រួលដល់ភ្ញៀវទេសចរមកពីប្រទេសទាំងពីរយ៉ាងសំខាន់។

ការពិភាក្សាបន្ថែមទៅលើវិធីដោះស្រាយបញ្ហាធូលី PM2.5 នៅក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការពីគណបក្ស និងគណបក្ស ហើយក៏បានតាមដានអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌល(Hotspot ) ឃ្លាំមើលចំណុចក្តៅរវាងប្រទេសអាស៊ាននៅរដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ដែលត្រូវបានពិភាក្សាពីមុនផងដែរ។

បន្ថែម​ពី​លើ​នេះ លោកស្រី ផេតថងថាន បានពោល​បញ្ចប់​ដូច្នេះថា ក្នុងនាមជាអ្នកនយោបាយស្ត្រី ខ្ញុំចង់ឃើញកិច្ចសហប្រតិបត្តិការរវាងអ្នកនយោបាយស្ត្រីនៃប្រទេសទាំងពីរ ផ្លាស់ប្តូរចំណេះដឹង និងទស្សនៈវិស័យ ដើម្បីអភិវឌ្ឍសក្តានុពលរបស់ពួកគេ និងជំរុញឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃសមាមាត្រស្ត្រីនៃសមាជិកសភា ឆ្លុះបញ្ចាំង និងជំរុញបញ្ហាដែលជាឧបសគ្គដល់ការអភិវឌ្ឍន៍ស្ត្រីប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង​ក្នុង​ពេល​ស្វាគមន៍​ក្រុម​គណបក្ស​ភឿថៃ តាមរយៈការអបអរសាទរលោកស្រី ផេតថងថាន ចំពោះការទទួលតំណែងជាប្រធានគណបក្ស និងការវិលត្រលប់របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជា​ឪពុកបង្កើតរបស់លោកស្រីមកកាន់ប្រទេសថៃវិញ ព្រមទាំងបានសម្តែងការនឹករលឹកផងដែរ។

«ទំនាក់ទំនងរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ​បាន​ស្និទ្ធស្នាល​នឹង​គ្នា​ជា​យូរ​មក​ហើយ ដូច្នេះ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ​ដែល​មាន​ឱកាស​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​លោកស្រី ផេតថងថាន ប្រធាន​គណបក្ស​ភឿថៃ និងប្រតិភូ​លើក​នេះ»។ សម្តេចធិបតីមានប្រសាសន៍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ផងដែរថា នាពេលកន្លងមក សម្តេចបានជួបជាមួយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ទ្វីស៊ីន ជាច្រើនលើកមកហើយ ដែលថ្មីៗនេះ នៅប្រទេសអូស្ត្រាលី និងបានបង្កើតយន្តការការងារពិសេស (Special Working Mechanism) រវាងគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ប្រព្រឹត្តទៅលឿន និងមានប្រសិទ្ធភាព ជាពិសេស ធ្វើ​ការ​រួម​គ្នា​តាម​បណ្តោយ​ព្រំដែន​ដើម្បី​បង្កើត​សន្តិភាព ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន វិនិយោគ និង​ទេសចរណ៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម