ចៅហ្វាយខេត្តកំពង់ឆ្នាំង ធ្វើមោឃភាពរាល់លិខិតលក់-ទិញដី ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងការពារធម្មជាតិ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែមេសា ឆ្នាំ2024 ម៉ោង 2:26 នាទី ល្ងាច

 

ដីព្រៃក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កំពុងទទួលរងឈូសឆាយ គាស់កាយកម្ទេចព្រៃ ឱ្យក្លាយជាវាលជាបន្តបន្ទាប់ដើម្បីយកធ្វើជាកម្មសិទ្ធិ ។ តាមការអង្កេតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងឲ្យដឹងថា មានប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលមកកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ តាំងពីឆ្នាំ ២០១៩ មកម៉្លេះ ។

ក្រោយមានបទបញ្ជាឲ្យការពារដីព្រៃ ទាំងព្រៃលិចទឹក ទាំងដីព័ទ្ធជុំវិញបឹងទន្លេសាប តាំងពីអាណត្តិរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន មកម៉្លេះ ឲ្យថែរក្សាគង់វង្ស ចៀសវាងបាត់បង់ធនធានធម្មជាតិដ៏វិសេសវិសាលសម្រាប់កូនចៅជំនាន់ក្រោយ ហើយសម្តេចបានគំរាមទៀតថា នឹងដកតំណែងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ដែលមិនមានវិធានការទប់ស្កាត់ទៀតផង ។ សម្តេចតេជោធ្លាប់មានប្រសាសន៍ថា ៖ «បើរឹងទទឹងវាយខ្នោះ អត់មានឱ្យរញ៉េរញ៉ៃទេ! អ្នកណាពាក់ព័ន្ធឲ្យដកខ្លួន អ្នកណាមិនចេញសារភាព បើមិនប្រគល់តាមវាយខ្នោះ ។ អាហ្នឹងហើយអំណាច»។

 តមក ក្រោយអាណត្តិរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាដ៏តឹងរ៉ឹងបន្ថែមទៀត ដែលក្រសួងបរិស្ថានជាសេនាធិការ មានវិធានការដ៏ម៉ឺងម៉ាត់ មិនលើកលែងជនណាដែលបំផ្លាញធនធានធម្មជាតិ និងកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិស្រេចតែអំពើចិត្ត ។ រដ្ឋបាលខេត្ត និងសមត្ថកិច្ចបានចាត់វិធានការជាបន្តបន្ទាប់ និងជាហូរហែ តែពលរដ្ឋ និងជនថ្លើមធំមួយចំនួន នៅតែបំពាន កាប់រានទន្ទ្រានដីព្រៃ សង់លំនៅដ្ឋាន ដាំដំណាំអាស្រ័យផល និងធ្វើរបងហ៊ុមព័ទ្ធយ៉ាងងងើលដដែល ដូច្នេះ អាជ្ញាធរខេត្តបានធ្វើមោឃភាពរាល់លិខិតលក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ហើយដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញនូវរាល់ដីទាំងអស់ ទាំងដីកាប់គាស់ពីព្រៃ ដីដាំដំណាំ សង់ផ្ទះ លិខិតដែលមោឃភាពនោះ ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ។

ការបំពានទាំងអស់ខាងលើ ជាបទល្មើសមានចែងក្នុងមាត្រា ៦១, ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

មហាជនលើកឡើងថា «គ្រប់ជនទាំងអស់ដែលបានបំពានលើដីព្រៃសាធារណៈ ត្រូវតែផ្តន្ទាទោសឲ្យស្មើគ្នា ចៀសវាងចាប់មនុស្សម្នាក់ពីរ ដើម្បីកំញើញ ១០០ នាក់» ។

ពីនេះតទៅ គួរហុចឱកាសឲ្យពលរដ្ឋហ៊ានរាយការណ៍ និងការពារពួកគាត់ ដូចការពារដីព្រៃឲ្យបានគង់វង្សដូច្នេះដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម