ម៉ាឡេស៊ីវ៉ារដាច់ថៃ ក្លាយជាទីផ្សាររថយន្តធំទី ២ នៅអាស៊ាន

សេដ្ឋកិច្ចថ្ងៃព្រហស្បត្តិ៍ ទី06 ខែមិថុនា ឆ្នាំ2024 ម៉ោង 3:08 នាទី ល្ងាច

ដោយ សូរ្យសែង៖

ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ទីផ្សារ​រថយន្ត​លក់​ដាច់​បំផុត​ទី​ ២ ប្រជែងប្រទេសថៃឲ្យ​ធ្លាក់​ទៅ​លេខ​៣ វិញ ខណៈពេលដែលទីផ្សាររថយន្តធំជាងគេកាន់កាប់តំណែងលេខ ១ ក្នុងអាស៊ាន គឺនៅតែជា «ឥណ្ឌូនេស៊ី»ដដែល ។

កត្តាដែលនាំឱ្យម៉ាឡេស៊ីវ៉ារដាច់ប្រទេសថៃ គឺមួយផ្នែកនៃវិធានការលើកលែងពន្ធលើការលក់ បានជួយជំរុញការលក់រថយន្តដែលជាកម្មសិទ្ធិរបស់ម៉ាករថយន្តជាតិរបស់ប្រទេសម៉ាឡេស៊ីមានពីរម៉ាកគឺ Perodua និង Proton ។

Nikkei Asia ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយពីប្រទេសជប៉ុនបានរាយការណ៍ថា នេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ក្នុង​ទីផ្សារ​រថយន្ត​នៅ​អាស៊ី​អាគ្នេយ៍ ដែលបានក្លាយជាសមរភូមិសម្រាប់ការ​ប្រកួត​ប្រជែងក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី ។ Nikkei បានចងក្រងទិន្នន័យស្តីពីការ​លក់រថយន្ត​នៅក្នុងប្រទេសសមាជិកអាស៊ានចំនួន 5 ដែលក្នុងនោះ ក្រៅពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏មានហ្វីលីពីន និងវៀតណាមផងដែរ។ ទិន្នន័យ​បង្ហាញ​ថា «ម៉ាឡេស៊ី» ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ ជា​យូរ​មក​ហើយ (បើ​និយាយ​ពី​ការ​លក់​រថយន្ត​ជា​រួម​) វា​អាច​ឡើង​ដល់​លេខ​២ ​ជំនួស​ប្រទេស​ថៃ​ បាន​៣​ ត្រីមាស​ជាប់​គ្នា ចុងក្រោយបំផុតគឺត្រីមាសខែមករាដល់ខែមីនា ឆ្នាំ 2024 ។

ទិន្នន័យពីសមាគមយានយន្តម៉ាឡេស៊ី បានឲ្យដឹងថា ការលក់រថយន្តនៅក្នុងប្រទេសម៉ាឡេស៊ី​បាន​កើនឡើង 5% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដល់ 202,245 គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលនៅឆ្នាំ 2023 ការលក់រថយន្តសរុបនៅក្នុងប្រទេសម៉ាឡេស៊ីបាន 799,731 គ្រឿង កើនឡើង ១១% ធៀបនឹងឆ្នាំមុន។

នេះបាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការលក់រថយន្តដែលផលិតក្នុងស្រុក ដូចជា Perodua និង Proton ។ បច្ចុប្បន្ននេះ ម៉ាកយីហោទាំងពីរមានចំណែកទីផ្សាររថយន្តប្រមាណ 60% នៃ​ប្រទេស​ម៉ាឡេស៊ី។

លោក Ivan Khoo តំណាងផ្នែកលក់ Toyota នៅទីក្រុង Kuala Lumpur បានប្រាប់ Nikkei Asia ថា ការលក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ គឺប្រសើរជាងការរំពឹងទុក ដោយម៉ូដែលពេញនិយមបំផុត សម្រាប់ក្រុមហ៊ុន Toyota ម៉ាឡេស៊ីគឺ Vios ដែលមានតម្លៃតិចជាង 100,000 រីងហ្គីតក្នុងមួយគ្រឿង ឬប្រហែល 21,000 ដុល្លារ រថយន្តទាំងពីរដែលមានម៉ាស៊ីនចំហេះខាងក្នុង ឬ (ICE = internal combustion engine) ICE និងរថយន្តកូនកាត់ នឹងនៅតែលក់បានដាច់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម