ឯកឧត្តម ទេសរដ្ឋមន្ត្រី ៖ គ្រូបង្រៀន គឺជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ៗពោរពេញដោយសមត្ថភាព និងចំណេះដឹង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែមិថុនា ឆ្នាំ2024 ម៉ោង 9:15 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖ 

រូបថត សុវណ្ណារ៉ា - បូរ៉ា

បន្ទាប់ពីការថ្លែងស្វាគមន៍របស់ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ដែលជាស្ថាបនិករៀបចំពីធីនេះឡើង បានថ្លែងថា គោលបំណងក្នុងនេះ គឺបង្កើតជំនួបរវាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីស្គាល់សុខទុក្ខ និងបង្កើតភាពស្និទ្ធស្នាល ហើយដែលយើងទាំងអស់គ្នា សុទ្ធតែចំណេះដឹងពីគ្រូទាំងអស់ សូម្បីឪពុកភរិយាគាត់ ក៏ជាគ្រូបង្រៀនម្នាក់ផងដែរ ។

ឯកឧត្តម កិត្តិនីតិ កោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។ ទេសរដ្ឋមន្ត្រី ថា ក្នុងមួយឆ្នាំ មិមែនមានតែទិវាគ្រូបង្រៀនតែមួយថ្ងៃនោះទេ គឺពេលណាក៏ដោយ ក៏យើងតែងគិតគូរពីការលំបាក ដឹងសុខទុក្ខជានិច្ច និងដឹងគុណគ្រូជានិច្ច ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងបែបនេះនៅក្នុងពិធីជួបជុំជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាទាំង៨ ក្នុងខណ្ឌ​ទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី ៨ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាបឋមសិក្សាទួលគោក និងការបញ្ចេញទេពកោសល្យរបស់ក្មួយៗ ចៅៗទាំង ៨ សាលា រួមមាន សាលាបឋមសិក្សាអនុវត្ត រាជធានីភ្នំពេញ សាលាទួលគោក សាលាសន្ធរម៉ុក សាលាបឹងសាឡាង សាលាឯកភាព សាលមិត្តភាព សាលានាគវ័ន្ត និសាលាបឋមសិក្សា​ទឹកល្អក់ ។

ការបញ្ចេញទេពកោសលល្យដ៏ប៉ិនប្រសព្វរបស់ចៅៗគ្រប់សាលា មានទាំងរាំរបាំប្រពៃណីខ្មែរ សិល្បៈឆ្លាក់ផ្កាចម្រុះពណ៌ ចាក់ក្រណាត់ជាកន្សែង ក្រុមភ្លេងត្រែ​ ។ល។ គឺជាមោទកភាពមួយរបស់កូនខ្មែរ សម្រាប់ក្លាយជាធនធានដ៏មានគុណភាព ​និងជាគំរូដ៏​ល្អទៅថ្ងៃអនាគត ។

ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា លោកគ្រូ អ្នកគ្រូមិនត្រឹមជាគ្រូរបស់ខ្ញុំទេ តែក៏ជាគ្រូកូន និងចៅរបស់យើងទាំងអស់គ្នាផងដែរ ទាំងគ្រូបង្រៀនចំណេះទូទៅ និង គ្រូជំនាញផ្សេងៗ ។​

អ្វីដែលលោកគ្រូ អ្នកគ្រូ ទះដៃអបអរលាន់កងរំពង និងរីករាយ គឺ ឯកឧត្តម លី ច័ន្ទតុលា បានផ្តល់គម្រោងពិសេស ជូនមេធាវីការពារក្តីដោយឥតគិតថ្លៃ ជូនលោកគ្រូ អ្នកគ្រូ ទូទាំងប្រទេស ប្រសិនមានរឿងអយុត្តិធម៌អ្វីមួដល់ពួកគាត់ ។

នាឱកាសដ៏សែនអធិកអធម និងរីករាយនេះក្រោមម្លប់ឈើដ៏ត្រជាក់ត្រឈឹងត្រឈៃ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏មានជូនកាដូចំពោះអ្នកគ្រូ លោកគ្រូសរុប ៤៥៤ នាក់ផងដែរ ក្នុងម្នាក់ទទួលបាន ថវិកា ១០០.០០០ រៀល និងសំពត់សិង្ហខ្មែរមួយសំពត់ និងជូនថវិកាក្នុងមួយសាលា ២លានរៀលផងដែរ  ។

នៅជ្រុងម្ខាង ក៏មានក្រុមមេធាវី ទទួលអាហារដ៏ឆ្ងាញ់ពិសារ និងភេសជ្ជៈជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារទាំងអស់ផងដែរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម