ប្រទេសចិនកំពុងស៊ើបអង្កេតនាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនវិនិយោគរដ្ឋ សង្ស័យប្រព្រឹត្តអំពើពុករលួយ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី10 ខែមិថុនា ឆ្នាំ2024 ម៉ោង 7:33 នាទី ល្ងាច

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការស៊ើបអង្កេតទៅលើនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគមួយ លើការចោទប្រកាន់ពីបទពុករលួយ ចំពេលមានការបង្ក្រាបយ៉ាងទូលំទូលាយអំពីការស៊ីសំណូក ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន ។

ទីភ្នាក់ងារសារព័ត៌មាន AFP សេចក្តីរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃនេះ (១០ មិថុនា) ថា គណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមនៃបក្សកុម្មុយនិស្តចិន (CCDI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតថា លោក Xu Zuo អនុប្រធានក្រុមហ៊ុន Citic Group ត្រូវបានសង្ស័យថា បានបំពានវិន័យ និង ច្បាប់យ៉ាងធ្ងន់ធ្ងរ ។

Citic Group គឺជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ដែលដំណើរការដោយរដ្ឋាភិបាលចិន មានទ្រព្យសម្បត្តិសរុបជាង 1.5 លានលានដុល្លារអាមេរិកកាលពីឆ្នាំមុន នេះបើយោងតាមព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ។

ទន្ទឹមនឹងនេះ លោក Xu ដែលជាសេដ្ឋវិទូជាន់ខ្ពស់ មានបទពិសោធន៍ក្នុងការទិញយក និងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅបរទេស បានបម្រើការនៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ 2019 ។

ចៃដន្យ ចំណាត់ការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​អំពើ​ពុករលួយ ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់ ដែលប្រធានាធិបតីចិនលោក ហ្ស៊ី ជិនពីង បានផ្តល់សារសំខាន់ក្នុងរយៈពេល 10 ឆ្នាំកន្លងមក ដោយភ្នាក់ងារប្រឆាំងអំពើពុករលួយជាច្រើននៅក្នុងប្រទេសចិន មនុស្សជាច្រើនបាននិងកំពុងតាមដានលើវិស័យហិរញ្ញវត្ថុក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងវិស័យធនាគារ ធានារ៉ាប់រង និងសហគ្រាសរដ្ឋ ។

ទោះបីជាក្រុមគាំទ្របាននិយាយថា យុទ្ធនាការ​ខាងលើ​ជំរុញ​អភិបាលកិច្ច​ស្អាតស្អំ និង​តម្លាភាព ប៉ុន្តែ​អ្នក​រិះគន់​ជា​ច្រើន​បាន​ប្រកែក​យ៉ាង​ដូច្នេះ វាដើរតួជាឧបករណ៍លាបពណ៌ កម្ចាត់អ្នកប្រឆាំងនយោបាយ ៕

ប្រភព: AFP

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម