ក្រោយមានអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី! ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតគណៈកម្មការចុះពិនិត្យវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ជាមួយឧកញ៉ាម្នាក់ នៅស្រុកស្អាងនិងស្រុកកៀនស្វាយ…

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែកក្កដា ឆ្នាំ2020 ម៉ោង 8:54 នាទី ល្ងាច

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ បានព្រមានធ្ងន់ៗទៅកាន់មន្ដ្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ពិសេសអ្នកមានមួយចំនួន ដែលមិនស្កប់ស្កល់នូវអ្វីដែលខ្លួនបាន ហើយតែងតែធ្វើសកម្មភាពប៉ះពាល់ ឬបំពានទៅដល់ប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធបញ្ហាដីធ្លីដែលនាំឲ្យមានការរិះគន់មកដល់រាជរដ្ឋាភិបាល។

 

ជាក់ស្ដែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានចុះពិនិត្យ និងស្រាវជ្រាវករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋមួយកន្លែង ជាមួយឧកញ៉ាម្នាក់ ដែលមានទីតាំងស្ថិតនៅស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលបានអូសបន្លាយជាយូរណាស់មកហើយ។

ការចុះពិនិត្យពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋម្ចាស់ដី ក្រោយពួកគាត់រងគ្រោះដោយសារ ក្រុមហ៊ុន FOR SUOR DEVELOPMENT CO,.LTD. របស់លោកឧកញ៉ា (ឈ.ប.ស) បានឈូសឆាយរំលោភបំពានលើដីកម្មសិទ្ធិរបស់ពួកគាត់ ខុសពីអ្វីដែលខ្លួនទទួលបានក្នុងការអភិវឌ្ឍ។

បើតាមសេចក្ដីរាយការណ៍ ការចុះពិនិត្យរបស់ក្រុមការងារអន្ដរក្រសួង បានណែនាំឲ្យក្រុមហ៊ុន FOR SUOR DEVELOPMENT CO,.LTD. របស់លោកឧកញ៉ា ឈាង ប៉ាក់សួរ ត្រូវគោរពតាមអ្វីដែលជា ស.ជ.ណ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានកំណត់កុំធ្វើអ្វីដែលបំពាន និងខុសពីអ្វីដែលបានកំណត់នៅក្នុង ស.ជ.ណ។

គួរបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនិងការចុះពិនិត្យ ក្រុមការងារអន្ដរក្រសួងមិនទាន់បានបង្ហាញលទ្ធផលផ្លូវការណាមួយ នៅឡើយទេ ពោលមិនទាន់ដឹងថា ក្រុមហ៊ុនឧកញ៉ា ឈាង ប៉ាក់សួរ រំលោភបំពានដីរបស់ប្រជាពលរដ្ឋកម្រិតណា ឬមិនរំលោភនោះទេ។

យ៉ាងណាមិញ កន្លងទៅគ្រាន់តែគេដឹងថា ក្រុមហ៊ុនខាងលើ ធ្លាប់ត្រូវបានប្រជាពលរដ្ឋប្ដឹងទៅអាជ្ញាធរមិនតិចដងនោះទេ ក្រោយក្រុមហ៊ុនមួយនេះបានឈួសឆាយដីរំលោភបំពានទៅលើដីរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះមន្ដ្រីទាំងឡាយណា ដែលធ្វើសកម្មភាពខុសឆ្គង និងរំលោភបំពានផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសបញ្ហាដីធ្លីដោយមិនឈប់ឈរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម