ចិននាំចេញវ៉ាក់សាំង Covid-19 ចំនួន ៤០០ លានដូស

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី22 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:47 នាទី ល្ងាច

ក្រុមហ៊ុនឱសថធំៗចំនួន ៣ របស់ចិន រួមមាន សាជីវកម្មឱសថជាតិចិន (Sinopharm) Sinovac Biotech និង CanSino Biologics បានឈានដល់កិច្ចព្រមព្រៀងផ្តល់វ៉ាក់សាំង Covid-19 ជិត ៤០០ លានដូសដល់ប្រទេសនៅអាមេរិកឡាទីន មជ្ឈិមបូព៌ា និង អាស៊ី ។

កិច្ចព្រមព្រៀងនេះត្រូវបានអមដោយការសន្យាការទូតរបស់ទីក្រុងប៉េកាំងថា វ៉ាក់សាំង Covid-19 ផលិតដោយប្រទេស​ចិននឹងក្លាយជា«ផលប្រយោជន៍សាធារណៈ» សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ 

ទោះបីជាមិនមានការយល់ព្រមជាផ្លូវការពីរដ្ឋាភិបាលក៏ដោយ វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនចិនបានចាប់ផ្តើមត្រូវដឹកជញ្ជូនទៅទូទាំងពិភពលោក ។ 

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសប្រេស៊ីលនិងឥណ្ឌូនេស៊ី បានទទួលការចាក់វ៉ាក់សាំង Sinovac  បច្ចុប្បន្នប្រទេសទាំងពីរកំពុងដំណើរការការសាកល្បងដំណាក់កាលទី ៣ ហើយមិនទាន់អនុម័តលើវ៉ាក់សាំងនេះនៅឡើយទេ ។  ទិន្នន័យស្តីពីលទ្ធផលធ្វើតេស្តត្រូវបានគេរំពឹងថានឹងត្រូវចេញផ្សាយក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ។

នៅខែនេះ ប្រទេសអេហ្ស៊ីបបានទទួលវ៉ាក់សាំង Covid-19 ដំបូងដែលបង្កើតដោយ Sinopharm  វ៉ាក់សាំងនេះត្រូវបាន​ដឹកជញ្ជូនទៅប្រទេស(UAE) ជាកន្លែងសាកល្បងព្យាបាលនិងការអនុម័តវ៉ាក់សាំង Sinopharm នៅថ្ងៃទី៩/១២ ។

មន្ត្រីសុខាភិបាល UAE បានដកស្រង់លទ្ធផលនៃការសាកល្បងដំណាក់កាលទី ៣ របស់វ៉ាក់សាំងចិនជាមួយនឹងកម្រិតប្រសិទ្ធភាព ៨៦ ភាគរយ ទោះបីជាទិន្នន័យមិនទាន់ត្រូវបានក្រុមហ៊ុនចេញផ្សាយក៏ដោយ ។

ប្រទេសផ្សេងទៀតដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញវ៉ាក់សាំង Covid-19 ដែលបង្កើតដោយក្រុមហ៊ុនចិន រួមមាន មិកស៊ិកូ (Mexico), ម៉ូរ៉ុកកូ (Morocco), ឈីលី (Chile), ឥណ្ឌូនេស៊ី​(Indonesia), សិង្ហបុរី (Singapore) និង ទួរគី (Turkey) ។ ប្រទេស Indonesia នាំមុខក្នុងការទិញវ៉ាក់សាំងចិនចំនួន ១២៥,៥ លានដូស Sinovac, ៦០ លានដូស Sinopharm និង ២០ លានដូស ពីCanSino ។  ក្រៅពីទិន្នន័យផ្លូវការកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចិនជាច្រើនទៀតមិនត្រូវបានប្រកាសទេ។

 ទោះយ៉ាងណា យោងទៅតាមលោក Xiaoqing Boynton អនុប្រធានក្រុមហ៊ុនពិគ្រោះយោបល់ Albright Stonebridge Group បាននិយាយថា ប្រទេសចិនចាំបាច់ត្រូវគ្រប់គ្រងតុល្យភាពប្រកបដោយប្រសិទ្ធភាពរវាងកិច្ចព្រមព្រៀងវ៉ាក់សាំងក្រៅប្រទេស និងតម្រូវការក្នុងប្រទេស ។  គណៈកម្មការសុខភាពជាតិចិនកាលពីខែកញ្ញាបាននិយាយថា ខ្លួនអាចផលិតវ៉ាក់សាំងបានចំនួន ៦១០ លានដូសនៅឆ្នាំនេះ និង ១ ពាន់លានដូស នៅឆ្នាំក្រោយ ប៉ុន្តែទំហំនៃការនាំចេញនេះមិនទាន់ដឹងនៅឡើយទេ ៕

 ប្រភព The SCMP

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម