មោទកភាពណាស់ សាលានៅប្រទេសចិននិយាយថា សាលិក ជាធនធានដ៏ល្អរបស់កម្ពុជា (មានវីដេអូ)

បុរសថ្ងៃច័ន្ទុ ទី28 ខែធ្នូ ឆ្នាំ2020 ម៉ោង 4:38 នាទី ល្ងាច

#អត្ថបទសូរ្យរិទ្ធ​៖

 

វេបសាយ matichon របស់ថៃ បានចេញផ្សាយអត្ថបទពីបទសម្ភាសរបស់ សាលិក ជាមួយទូរទស្សន៍  CCTV  របស់ចិនស្តីពីដំណើរការសិក្សា និងគោលដៅជីវិតរបស់គេ ក្រោយជួបបញ្ហាកូវិដ១៩ ។

ឈ្មោះ សាលិក មិនត្រឹមតែធ្លាប់ផ្ទុះកក្រើកនៅក្នុងស្រុកខ្មែរប៉ុនណោះទេ ថែមទាំងល្បីពេញពិភពលោកទៀត ។ សម្រាប់វីដេអូឃ្លីបរបស់កុមារ សាលិ ដែលពីមុនមានរបរដើរលក់វត្ថុអនុស្សាវរីយ៍ឲ្យភ្ញៀវទេសចរបរទេសតាមប្រាសាទបុរាណក្នុងខេត្តសៀមរាប គឺអាចប្រាស្រ័យទាក់ទងបានជាង ១០ ភាសា រួមមានភាសា ចិន អង់គ្លេស ជប៉ុន ចិនកាតាំង (ក្វាង​ទុង) អេស្ប៉ាញ អាល្លឺម៉ង់ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង ថៃ ។ ឃ្លីបនេះមានមនុស្សចូលទស្សនាច្រើនលានលើក ។

កន្លងទៅ ២ ឆ្នាំ Fun Entertainment បានទាញខ្លួនកុមារ «សាលិក» ដែលបច្ចុប្បន្នចេះនិយាយ ១៥ ភាសា បានត្រឡប់មកប្រទេសកម្ពុជា និងបានផ្តល់បទសម្ភាសស្តីអំពីរឿងរ៉ាវជីវិតរបស់គេ ។

សាលិក និយាយថា «បច្ចុប្បន្ន គេបានត្រឡប់មកកម្ពុជាហើយ ក្នុងពេលដែលសាលារៀននៅប្រទេសចិនបិទបណ្តោះអាសន្ន ដោយសារការរាតត្បាតមេរោគកូវីដ១៩ ឥឡូវកំពុងរៀនតាមអនឡាញពីកម្ពុជា» ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានអំពីការលំបាកក្នុងការសិក្សានៅប្រទេសចិន ក្នុងនាមជាកូនខ្មែរ កុមារ សាលិក បាននិយាយថា «ដំបូងគឺត្រូវតែនៅម្នាក់ឯង ដោយមិនស្គាល់នរណាម្នាក់ទេ ហើយក៏មិនមានជនជាតិខ្មែរផ្សេងទៀតនៅទីនោះដែរ, វាជារឿងលំបាកដោយសារតែកន្លងមក ខ្ញុំច្រើនតែប្រើភាសាខ្មែរដើម្បីប្រាស្រ័យទាក់ទងគ្នា ដូច្នេះខ្ញុំមិនហ៊ាននិយាយជាមួយមនុស្សផ្សេងទេ » ។

ចំណែកការសិក្សា នៅប្រទេសចិន និងប្រទេសកម្ពុជា សាលិក ពោលថា «ការរៀនសូត្រគឺដូចគ្នា ខ្ញុំនៅទីនោះខ្ញុំត្រូវភ្ញាក់ពីម៉ោងប្រហែល ៦:៣០ នាទី ទៅសាលារៀននៅម៉ោង ៧:៣០ នាទី ហើយចូលរៀននៅម៉ោង ៨ ព្រឹក ។ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច ខ្ញុំក៏គេងបន្តិច ហើយភ្ញាក់ម៉ោង ២ ពេលរសៀល ហើយបន្តរៀន ៤ ម៉ោងទៀត ។ បន្ទាប់ពីនោះ ញ៉ាំអាហារពេលល្ងាច និងសិក្សាផ្តោតលើការអនុវត្តការនិយាយ និងសរសេរ ការរៀនតឹងរឹង ធ្វើឱ្យការសិក្សារីកចម្រើនទៅមុខបានរហ័ស» ។

«នៅទីនោះ រៀនមិនសូវបានល្អទេ ការសរសេរដៃក៏មិនល្អ ការសរសេរភាសាចិនគឺជាបញ្ហា មួយដែរ ឥឡូវបន្ទាប់ពី​ត្រឡប់​មកប្រទេសកម្ពុជាវិញ ខ្ញុំបានទៅរៀនបន្ថែម ទាំងសរសេរ អាន និយាយ និងស្តាប់ ពេលខ្ញុំត្រឡប់ទៅប្រទេសចិនវិញ ខ្ញុំនឹងរៀនបានល្អប្រសើរ រហូតដល់ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងថ្នាក់»  (សាលិក និយាយ) ។

«ខ្ញុំមានអារម្មណ៍ថា រៀនមិនបានល្អ តែបានក្រុមគ្រួសារលើកទឹកចិត្ត ហើយបានជំរុញឱ្យបន្តប្រយុទ្ធ ហើយគិតថាពេលយើងនៅសៀមរាប យើងចង់បញ្ឈប់រៀនដើម្បីជួយក្រុមគ្រួសាររបស់យើង តែក្រុមគ្រួសារបាននិយាយថា កុំឈប់រៀន ព្រោះវាសំខាន់សំរាប់អនាគត ពេលនោះធ្វើឱ្យខ្ញុំចង់សិក្សានិងខិតខំរៀនសូត្រវិញ» ។

ជាមួយគ្នានេះដែរ ក៏បានបង្ហាញពីរឿងរ៉ាវនៅពីក្រោយខ្នងនៅទូរទស្សន៍ CCTV របស់ចិន ។ សាលិក ជាជនជាតិខ្មែរតែម្នាក់គត់ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីនេះ ដោយនិយាយថាគាត់អាចទៅសម្តែងបាន ព្រោះគាត់អាចនិយាយបានច្រើនភាសា និងបានបង្ហាញទេពកោសល្យច្រៀង ។

«ខ្ញុំមានមោទកភាពណាស់ ដែលមានឱកាសសម្តែងនៅលើឆាកនាទីក្រុងប៉េកាំង ហើយក៏ជាសេចក្តីរីករាយរបស់ប្រជាជនកម្ពុជា និងមិនគួរឱ្យជឿ នូវអ្វីដែលបានកើតឡើងនៅលើឆាកនោះ  » ។

សាលិក មានក្តីស្រមៃចង់ក្លាយជាអ្នកជំនួញ ជាមួយនឹងការដែលចង់នាំចូលរបស់របរពីចិនមកកម្ពុជា និងនាំចេញទៅប្រទេសចិនវិញ ។

សម្តីបង្ហាញពីសុឆន្ទៈដ៏គួរឲ្យចាក់ដោតបំផុតរបស់ សាលិក គឺ៖ «ប្រសិនបើខ្ញុំសម្រេចបានជោគជ័យ ខ្ញុំចង់អភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យដូចប្រទេសចិន» ។

នេះបើតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia កុមារ សាលិក បានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារមួយ ពេលកំពុងសិក្សាតាមអ៊ិនធើរណេតក្នុងប្រទេសកម្ពុជាដោយសារការរាលដាលវីរុសកូវីដ១៩ ។ នៅក្នុងសាលា គេបានកោតសរសើរថា សាលិក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានជំនាញនិងទឹកចិត្តល្អ និងអាចអប់រំ រួមទាំងគំនិតល្អៗសម្រាប់ចែករំលែកអ្នកដទៃ ហើយអាចជាគំរូសម្រាប់មនុស្សផ្សេងទៀត នៅក្នុងការផ្លាស់ប្តូរវប្បធម៌កម្ពុជា និងចិន ។

ខាងសាលាចិន បាននិយាយថា សាលិក ជាធនធានដ៏ល្អសម្រាប់អនាគតរបស់កម្ពុជា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម