ដោយ សូរ្យសែង៖
«សង្ឃឹមថា បៃដេន នឹងខុសពី ត្រាំ ដោយសារ ត្រាំ មិនដឹងអ្វីសោះអំពីអាស៊ីអាគ្នេយ៍ (អាស៊ាន)» ប្រសាសន៍របស់លោក មហាធៀរ (Mahathir) នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ៧ ខែមករា ។
លោក មហាធៀរ ម៉ូហាម៉ាដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រំពឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ចូ បៃដេន នឹងស្តារសម្ព័ន្ធភាព សម្ព័ន្ធមិត្តដូចដើម ជាមួយប្រទេសអាស៊ី និង បញ្ឈប់ «សង្គ្រាមពាណិជ្ជកម្មឆោតល្ងង់» ជាមួយចិន បន្ទាប់ពីបណ្តាប្រទេសអាស៊ីផ្សេងៗ ត្រូវទទួលនយោបាយការបរទេសដ៏តឹងរឹងក្នុងរយៈពេល ៤ ឆ្នាំកន្លងមក របស់ប្រធានាធិបតី ដូណាល់ ត្រាំ ។
«លោក ត្រាំ ធ្លាប់ប្រឆាំងស្ទើរគ្រប់ប្រទេស ប៉ុន្តែឥឡូវនេះ ខ្ញុំគិតថា លោក បៃដេន គួរសើរើនយោបាយខាងលើ រួមទាំការយល់ដឹង និងកសាងទំនាក់ទំនងមិត្តភាពជាមួយប្រទេសជាច្រើនដែលកាលពីមុនធ្លាប់គាំទ្រអាមេរិកច្រើនណាស់» ។
កាលពីខែវិច្ឆិកាកន្លងទៅ លោក បៃដេន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំម្តងទៀតនៅលើឆាកពិភពលោក នៅពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតី ជាផ្លូវការនៅថ្ងៃទី ២០ ខែមករា បន្ទាប់ពីការផ្សាភ្ជាប់ទូទាំងពិភពលោកជាមួយនឹងគោលនយោបាយ «America First» របស់ ត្រាំ បានហុចផលមិនល្អដល់អតីតសម្ព័ន្ធមិត្ត និងក្លាយជាសត្រូវជាមួយគ្នា វារួមទាំងបានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មជាមួយចិនផងដែរ ។
«ខ្ញុំមិនជឿទេថា បៃដេន នឹងមិនធ្វើសង្គ្រាមពាណិជ្ជកម្មដែលឆោតល្ងង់ជាមួយចិនបន្តទៀតទេ គាត់គួរព្យាយមដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម ប៉ុន្តែខ្ញុំមិនគិតថា គាត់នឹងបន្តសង្គ្រាមពាណិជ្ជកម្មទៀតទេ» លោក មហាធៀរ ពោល ។
លោក មហាធៀរ បាននិយាយថា ប្រទេសម៉ាឡេស៊ី និងប្រទេសភាគច្រើន ចាំបាច់ត្រូវមានភាពទន់ភ្លន់ ជាងអ្វីដែលចិនជាប្រទេសអស្ចារ្យ ដែលមិនទៅប្រឈមមុខនឹងបញ្ហា ដូចជាអតុល្យភាពពាណិជ្ជកម្ម ឬការរំលោភសិទ្ធិមនុស្ស ៕