ការប្រឡងក្របខណ្ឌជ្រើសរើសមន្ត្រីរាជការ ចូលបម្រើនៅអង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់កាលបរិច្ឆេទជាថ្មីនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបានលើកពេលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ ដោយសារការរាតត្បាតនៃមេរោគកូវីដ-១៩ នៃរលកទីពីរកន្លងមក ។ ក្នុងនេះ អង្គភាពបានរក្សាសិទ្ធិកែប្រែថ្ងៃប្រឡងវិញ ប្រសិនបើស្ថានភាពនៃការឆ្លងរាលដាលនៃរោគមិនអំណោយផល ។
ការប្រឡងនឹងប្រព្រឹត្តទៅនៅមណ្ឌលសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងរយៈពេលតែមួយព្រឹកចាប់ពីម៉ោង ៨.០០ នាទីព្រឹកទៅ ដោយកំណត់យក ៧៥ កន្លែង ក្នុងចំនួនបេក្ខជនដាក់ពាក្យប្រឡងជាងមួយពាន់នាក់ ។
ការប្រឡងនេះ មានលក្ខណៈពិសេស ដោយអង្គភាពបានអនុញ្ញាតឲ្យយកចូលនូវសៀវភៅច្បាប់ការប្រឆាំងអំពើពុករលួយ, ច្បាប់ក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ។ ចំណែកមុខវិជ្ជាផ្សេងៗទៀត មាន ការវិភាគពាក្យប្តឹង, ចំណេះដឹងទូទៅ, ភាសាបរទេស និងកុំព្យទ័រ តែមិនត្រូវបានឲ្យយកចូលនូវគ្រឿងអេឡិចត្រូនិក ដូចជា ទូរស័ព្ទ វិទ្យុទាក់ទង(Icom), Smart Watch, iPod, iPad, Tablet…។
ទោះមេរោគកូវីដ ពេលនេះបានអំណោយផលក៏ពិតមែន ប៉ុន្តែអង្គភាពនៅតែមានវិធានការការពារតាមប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដោយមានគោលការណ៍យ៉ាងម៉ត់ចត់ ដូចជា រក្សាគម្លាតលើសពី ១,៥ ម៉ែត្រ ពាក់ម៉ាស ត្រូវដើរឆ្លងកាត់ទូសម្លាប់មេរោគ វាស់កម្តៅ បាញ់អាល់កុល មុនចូលក្នុងបន្ទប់ប្រឡង ប្រសិនបេក្ខជនណាមានកម្តៅ ៣៧,៨ អង្សា ត្រូវឲ្យអង្គុយក្នុងបន្ទប់ដាច់ដោយឡែក ហើយបើកម្តៅលើសពី ៣៧,៩ អង្សា គឺមិនអនុញ្ញាតឲ្យចូលប្រឡងឡើយ ។
សូមជូនពរប្អូនៗ បានប្រឡងជាប់ អ្នកចេះ គឺជាប់ ៕