ឪពុកម្តាយត្រូវធ្វើដូចម្តេច ដើម្បីយល់ដឹងពីស្ត្រេស៍​របស់កូន?

ចំណេះដឹងទូទៅថ្ងៃអាទិត្យ ទី17 ខែមករា ឆ្នាំ2021 ម៉ោង 7:16 នាទី ល្ងាច

ភាពតានតឹងស្មុគស្មាញមិនមែនកើតឡើង​តែចំពោះមនុស្សចាស់នោះទេ ​សូម្បីតែកូនក្មេង​ដែលជាទីស្រឡាញ់របស់លោកអ្នកក៏មានភាពតប់​ប្រមល់ តានតឹងអារម្មណ៍ដូចមនុស្សចាស់ដែរ ។

វិធីសង្កេតអាការពេលកូនលោកអ្នកតានតឹងអារម្មណ៍ តើមកពីមូលហេតុអ្វីនោះ​ សូមលោក​អ្នកតាមដានសេចក្តីណែនាំ ពីអ្នកជំនាញខាងចិត្តសាស្ត្រកុមារបានឱ្យដឹងថា កុមារគ្រប់រូបកើតភាព​តានតឹងមកពីមូលហេតុផ្សេងៗ ឪពុកម្តាយអាចសង្កេតតាមដានអាការដែលស្តែងចេញមក​តាមវ័យ គឺក្មេងអាយុតិចមុនវ័យចូលរៀន នឹងកើត​ភាពតានតឹងតប់ ប្រមល់ពីរឿង​ភាពហេវ ឬទទួល​ទានអាហារមិនបាន ​ដេកមិនលក់​ យំ​ ញយដង ​ឬមានការឈឺចាប់តាមរាងកាយ​ ឈឺក្បាល ​ឈឺពោះ ​ឈឺធ្មេញ ​។

រីឯក្មេងនៅក្នុងវ័យរៀន​គឺអាចសង្កេតបានពីអាការរបស់វា​ដូចជាក្មេង​នោះសព្វដងនិយាយស្តីច្រើន ​ឬ​ពូកែនិយាយ​ ​បែរ ជានិយាយតិច ឬ​ស្ងប់ស្ងៀម​មិននិយាយស្តីខុសពីធម្មតា ​ជួនកាលក្មេងនោះ​មានចរិតស្លូតបូត​រាបសា ​បែរជាប្រែ​ប្រួលទៅជាចរិតកាចសាហាវ ក្រៅពីនេះ​ក្មេងនោះនិយាយស្តីអ្វីៗជាមួយបងប្អូន ឪពុកម្តាយ​ គំរោះគំរើយមិនគួរឱ្យស្តាប់ ។

ចំពោះក្មេងវ័យ​ជំទង់ដែលកើតមានភាពតានតឹង​រសាប់រសល់​អារម្មណ៍​ គឺអាចសង្កេតអាការបាន ដូចជាកំពុង​អានសៀវភៅរហូតយប់ជ្រៅដោយមិនចេញមក​ងូតទឹក ​ទទួលទានអាហារ ​ឬចេញមកនិយាយ​លេងជាមួយបងប្អូនឪពុកម្តាយនៅក្នុងផ្ទះ នៅ​ស្ងៀមៗស្រាប់តែស្លៀកពាក់ខោអាវភ្លាមៗចេញ​ទៅក្រៅផ្ទះ ក្រៅពីនេះក្មេងទាំងនោះច្រើនតែ​ស្មុគស្មាញមួម៉ៅខ្លាំងជាងគេ នៅពេលឪពុកម្តាយដាស់តឿន​ ចូលចិត្តនិយាយទូរស័ព្ទ​រយៈពេល​យូរខុសសព្វដង ​ជាពិសេសមិនចេញ ទៅទំនាក់​ទំនងជាមួយមិត្តភក្តិនៅខាងក្រៅអស់រយៈពេល​ច្រើនថ្ងៃ ។

អ្នកជំនាញបានបញ្ជាក់ជាចុងក្រោយ​ថា«ក្មេងខ្លះមានអាការស្មុគស្មាញតានតឹងខ្លាំង​រហូតបាត់មាត់បាត់កមិនហូបបាយទឹក ​សុខចិត្ត​លួចទៅអង្គុយយំតែម្នាក់ឯង រហូតខ្សោះកម្លាំង​នៅទីកន្លែងណាមួយ​ បញ្ហានេះឪពុកម្តាយ​ត្រូវតាមដានឱ្យបានដិតដល់ ពីព្រោះក្មេងបែបនេះអាចគិតខ្លីធ្វើអ្វីផ្តេសផ្តាស ។

 ហ្វឹកហាត់ក្មេងឱ្យចេះគិតគ្រប់ជ្រុង​ជ្រោយ

វិធីមួយដែលជួយឱ្យក្មេងកាត់បន្ថយភាពតានតឹងអារម្មណ៍នោះ គឺហ្វឹកហាត់ឱ្យក្មេងចេះពិចារណាពីហេតុផលផ្សេងៗ ឱ្យគិតបានល្អិតល្អន់ ដោយ​ចេះប្រដែប្រដៅកូនឱ្យមានក្តីសង្ឃឹមនៅក្នុងជីវិត ​ចេះ​តស៊ូក្នុងជីវិតដើម្បីជម្នះឧបសគ្គ ​ចេះកែប្រែកំហុស​ដែលខ្លួនបានប្រព្រឹត្តខុសឱ្យមករកត្រូវ ដោយឪពុក​ម្តាយមានវិធីលើកទឹកចិត្តសរសើរកូន ។

ជជែកដេញដោលខ្លះៗជាមួយកូន

រឿងសំខាន់ដែលធ្វើឱ្យកូនមិនកើតអារម្មណ៍​អផ្សុកតប់ប្រមល់នោះ​ គឺត្រូវមានការនិយាយស្តី​សួរនាំ ដោយប្រើសម្តីស្លូតបូតប្រកបទៅដោយព្រហ្មវិហារធម៌ជាប្រចាំ​ ដោយមិនត្រូវរង់ចាំទាល់តែ​បញ្ហាកើតឡើងទើបឪពុកម្តាយបើកចិត្តទូលាយ​និយាយស្តីទន់ភ្លន់រកកូន ​នោះនឹងញ៉ាំងឱ្យកូន​កាន់តែលែងគោរព ​ហើយកាន់តែធ្វើឱ្យកូនតឹង​ណែនអារម្មណ៍ថែមទៀត ម៉្យាងទៀតយើងជឿ​ថា ​ឪពុកម្តាយត្រូវតាមដាន​បញ្ហាឱ្យបានច្បាស់ទើបការប្រដែប្រដៅក្មេងនោះ​វាស្តាប់ហើយមានប្រសិទ្ធភាព ៕

បកប្រែពីសៀវភៅសុខភាពបរទេស

ដោយ កុសល


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម