គណបក្សសន្និបាតជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលជាបក្សរដ្ឋាភិបាលភូមា បានឲ្យដឹងនៅថ្ងៃនេះ ( ទី ១កុម្ភៈ) ថា ទាហានភូមាបានសម្រុកចូលចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូឃ្យី ប្រធានគណបក្ស NLD និងជាទីប្រឹក្សារដ្ឋរបស់ប្រទេសភូមា រួមទាំងអ្នកដឹកនាំជាន់ខ្ពស់ៗមួយចំនួនទៀត ក្នុងបក្សរដ្ឋាភិបាលនៅព្រឹកថ្ងៃនេះ ។
ការចាប់ឃុំខ្លួនលោកស្រី ស៊ូឃ្យី កើតឡើងក្រោយពីមានស្ថានការណ៍តានតឹង រវាងរដ្ឋាភិបាល និងយោធាភូមា បង្កឲ្យមានសភាពការណ៍ពុះកញ្ជ្រោល និងភាពខ្វាយខ្វល់ថានឹងមានរដ្ឋប្រហារកើតឡើងផងដែរ ក្រោយកងទ័ពភូមាអះអាងថា មានការបន្លំសន្លឹកឆ្លោតកន្លងមក ។
លោក មៀវ យុន្ទ អ្នកនាំពាក្យគណបក្ស NLD បានផ្សព្វផ្សាយឲ្យកាសែត REUTERS តាមទូរស័ព្ទថា លោកស្រី អ៊ុង សានស៊ូឃ្យី , លោក អ៊ូ វិនមីន្ទ ប្រធានាធិបតីភូមា និងអ្នកដឹកនាំមួយចំនួនទៀតរបស់ភូមា ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះ ៕
ដោយ សូរ្យសែង