ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ បានបម្រាម មិនឲ្យបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ ក្នុងរមណីយដ្ឋានអង្គរ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ប៉ុន្តែសម្រាប់អ្នកថ្មើជើង និងអ្នកជិះកង់ អនុញ្ញាតឲ្យធ្វើដំណើរលើកំពែងក្រុងអង្គរធំបាន ។
ការមានបម្រាមនេះ គឺក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ និងដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ព័ន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវ ដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ ។
ដូច្នេះសូមបងប្អូនទាំងអស់ជ្រាបជាដំណឹង ហើយកិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះតទៅ ៕
រូបថត អាជ្ញាធរអប្សរា
ដោយ ណយ វង្ស