ដំបៅមិនឈឺ យកឈើរុក! 

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី18 ខែមិីនា ឆ្នាំ2021 ម៉ោង 9:26 នាទី ល្ងាច

ដោយ សូរ្យសែង

រឿងព្រះអង្គ ពិន សែម ត្រូវបានបញ្ចប់ទៅហើយ ក្រោយពីមានការសម្របសម្រួលឲ្យព្រះអង្គឡាយព្រះហត្តលើកិច្ចសន្យា ឈប់ប្រើហិង្សាទៅលើកូននេន ដែលមកស្នាក់រៀនធម៌ជាមួយព្រះអង្គនៅក្នុងវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប ។

ប៉ុន្តែមនុស្សដៃចង្រៃ ដំបៅមិនឈឺទៅយកឈើមករុក មិនត្រឹមតែមិននិយាយពាក្យឲ្យសមគួរតាមឱវាទព្រះធម៌ បែរជាខ្ជាក់សម្តីបែបមនុស្សព្រៃ បញ្ចេញក្បាច់គុនកាប់ចាក់បាញ់សាហាវ បងតូច បងធំ ដូចក្នុងរឿងហុងកុង ប្រមាថជីវិតព្រះ​មហា​មហាវិមលធម្ម​ ពិន​ សែម​ សិរីសុវណ្ណោ​ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និង​ ជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ជាព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការក្នុងវត្តរាជបូណ៌ទៅវិញ ។

រឿងដែលចប់ទៅហើយនោះ គឺកិច្ចសន្យារបស់ព្រះអង្គ ពិន សែម ព្រះជន្ម ៨០ វស្សាទៅហើយ បានសន្យាថានឹងមិនមានការគុំគួន ស្អប់ខ្ពើមភិក្ខុសាមណេរដែលប្រព្រឹត្តខុសនោះឡើយ ។ ក្នុងកំណត់ហេតុភាគីទាំងអស់បានសន្និដ្ឋានថា ករណីនេះមិនមែនជាអំពើហិង្សាឃោឃៅនោះទេ តែជាការទូន្មានប្រៀបប្រដៅ និងការដាក់វិន័យរបស់គ្រូព្រះចៅអធិការដល់ភិក្ខុសាមណេរដែលប្រព្រឹត្តខុសទៅតាមអ្វីដែលបានចែងក្នុងបទប្បញ្ញផ្ទៃក្នុងរបស់វត្តរាជបូណ៌ ។

កូននេនទើបបួស ឬយូរអ្វែងក៏ដោយ ក៏គ្មាននរណាហ៊ានប្រមាថ ឬប្រើពាក្យអសុរោះ ឬប្រើពាក្យជាមនុស្សព្រៃ រហូត «បាញ់សម្លាប់» នោះទេ ផ្ទុយទៅវិញត្រូវពុទ្ធបរិស័ទសំពះគោរព មានតែលោក ផែង វណ្ណៈ ម្នាក់គត់ដែលតាមរយៈឃ្លីប បានប្រើពាក្យសម្តី «បើខ្ញុំវិញបាញ់ចោលតែម្តង...» សម្តីនេះគេនិយាយតែជាមួយចោរប្លន់ ចោរចាប់ជំរិត ឬឃាតកឃោរឃៅកំណាចដែលសម្លាប់មនុស្សទេ មិនយកមកប្រើជាមួយ«អ្នកប្រាជ្ញខ្មែរមានដ៏កម្រ ដូចយ៉ាង ព្រះ​មហា​មហាវិមលធម្ម​ ពិន​ សែម​ សិរីសុវណ្ណោ» នោះទេ ។ មនុស្សខ្មែរលើបណ្តាញសង្គម គ្មាននរណាទទួលយកបាន, មើល Comment ចុះ រាល់រូភាព និងខ្លឹមសារដែលផុសឃ្លីបលោក ផែង វណ្ណៈ សុទ្ធតែជាការដុតកំហឹងរបស់មហាជនអនឡាញទាំងអស់ ។

 

មានមហាជនមួយចំនួននិយាយអំពីលោក វណ្ណៈ ដែលមានឥទ្ធិពលហ៊ានបកអាក្រាតជនគ្រាក់ៗមួយចំនួន ប៉ុន្តែពេលនេះ គាត់មិនគួរយកឥទ្ធិពលមកប្រើឲ្យហួសហេតុ ឬប្រើលើច្បាប់ទេ ដូចយ៉ាងប្រើសម្តីអាក្រក់ស្តាប់ទៅលើស្ថាបប័នសង្ឃ !ដូច្នេះហើយ ទើបមេគណខេត្តសៀមរាប ទូលសម្តេចសង្ឃនាយក និងសុំរដ្ឋាភិបាលមានចំណាត់ការលើលោក ផែង វណ្ណៈ ព្រះមេគណខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេង កាលពីថ្ងៃទី១៧ ខែមីនា បានសរសេរលិខិតថ្វាយសម្តេច នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយស្នើសុំទៅរដ្ឋាភិបាលដើម្បីមានចំណាត់ការលើលោក ផែង វណ្ណៈ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះ បាននិយាយពាក្យមិនសមរម្យសំដៅទៅព្រះគ្រូចៅអធិការវត្តបូណ៌ ព្រះអង្គ ពិន សែម ជុំវិញសកម្មភាពប្រៀនប្រដៅលើសិស្សគណដែលបានធ្វើខុសវិន័យ ។

 

 

ព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃទី ១៨ មីនា ក្រសួងព័ត៌មានបានប្រកាសសុំបិទគេហទំព័រ www.phengvannak.com ដោយសាររឿងនេះ ។ ក្នុងនាមជាសហភាតរៈអាជីពដូចគ្នា មានតែពាក្យសោកស្តាយ និងប៉ុនណោះ តែបើថ្ងៃក្រោយមានឱកាសបើកឡើងវិញបាន មហាជននឹងស្វាគមន៍។

នៅរាត្រីថ្ងៃដដែលនេះ លោក ផែង វណ្ណៈ បានចេញលិខិតសុំទោសព្រះសង្ឃនៅទូទាំងប្រទេស សុំអត់ឱនដល់រូបលោក ។ ខ្លឹមសារលិខិតសុំទោសទាំងស្រុងមានដូចខាងក្រោម ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម