អ៊ំៗសប្បាយចិត្តចុះ ពីថ្ងៃនេះទៅមិនបាច់ទៅតម្រង់ជួរនៅមន្ទីរពេទ្យទៀតទេ សម្តេចឲ្យអាទិភាពពីអាយុ ៦០ ឆ្នាំឡើង ចាក់វ៉ាក់សាំងសេណេកានៅតាមខណ្ឌរបស់ខ្លួន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមិីនា ឆ្នាំ2021 ម៉ោង 10:33 នាទី ព្រឹក

 

ដោយសូរ្យសែង៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានអនុសាសន៍ណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងថា ក្រោយពីរៀបចំរៀបរយហើយ ត្រូវបើកយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ១៥ ថ្ងៃសម្រាប់មនុស្សអាយុ ៦០ឆ្នាំឡើងទៅ គឺចាក់វ៉ាក់សាក់ អេស្ត្រា សេណេកា ផលិតនៅឥណ្ឌា ។

ប្រសាសន៍សម្តេច បានចម្លងឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ស្នើទៅលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ​បាល ជាអ្នកនាំពាក្យ និងជាប្រធានគណៈកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំង និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំចាក់វ៉ាក់សាំងដោយផ្តល់អាទិភាពជូនប្រជាជនអាយុ ៦០ឆ្នាំឡើងទៅដែលរស់នៅភ្នំពេញ ហើយឲ្យអភិបាលករាជធានីភ្នំពេញ ឃួង ស្រេង ត្រូវតែធ្វើនៅតាមខណ្ឌនីមួយៗ ឲ្យជ្រើសរើសទីកន្លែងណាមួយជាដែនដីក្នុងខណ្ឌសម្រាប់ចាក់ ងាយស្រួលប្រជាជនធ្វើដំណើរមកចាក់ និងមានសុវត្ថិភាពឆ្លងផង ។ សម្តេចបញ្ជាក់ថា ចាប់ពេលពីពេលដែលលោកទាំងពីររៀបចំរួច គឺនឹងធ្វើយុទ្ធនាការចាក់ជូនប្រជាជនដែលមានអាយុ ៦០ឆ្នាំឡើងទៅ នៅរាជធានីភ្នំពេញ ដែលជាទីក្រុងមានការឆ្លងច្រើន ។

សម្តេចស្នើឲ្យរាល់មន្ទីរពេទ្យដែលចាក់វ៉ាក់សាំង សេណេកា ត្រូវផ្អាកចាក់សិនដោយសារមនុស្សទៅកកកុញ ណាមួយវ៉ាក់សាំងអេស្ត្រា សេណេកា សម្រាប់មនុស្សចាស់អាយុពី ៦០ឆ្នាំឡើង តែបើអ្នកបានចាក់ដូសទីមួយហើយ ត្រូវតែបន្តចាក់ដូសទីពីរបន្ត ។

សម្តេចតេជោបានណែនាំទៀតថា សូមបងប្អូនដែលមានអាយុក្រោម៥៩ កុំមកដណ្តើមចាក់វ៉ាក់សាំងសេណេកា ចំណែកអ្នកចាក់ផ្សេងទៀត ពេលត្រូវចាក់ត្រូវឲ្យមូលដ្ឋានចុះឈ្មោះជាមុន ។

វិធានការរបស់សម្តេចលើកនេះ មហាជនបានគាំទ្រថាពិតជាមានភាពម៉ត់ចត់ និងរៀបរយផ្ចិតផ្ចង់ល្អណាស់ ពីព្រោះតាំងពីចាប់ផ្តើមចាក់ពីថ្ងៃទី ២០ កុម្ភៈមក គេសង្កេតឃើញនៅតាមមន្ទីរពេទ្យដែលចាក់វ៉ាក់សាំង មនុស្សទៅឡើងកកកុញ រហូតឈរតម្រង់ជួរយ៉ាងវែងរង់ចាំ អ្នកខ្លះងើបពីព្រលប់ងងឹតទៅឈរតម្រង់ជួរមុនគេ តែពេលនេះ បានប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បងប្អូនមានក្តីរីករាយ ពិសេសអ៊ំៗចាស់ៗដែលមានអាយុ ៦០ ឆ្នាំឡើង សង្ឃឹមនឹងបានចាក់ក្នុងទឹកដីខណ្ឌរបស់ខ្លួន ។

ជាចុងក្រោយ សម្តេចបានផ្តែផ្តាំថា តំបន់ណាមានហានីភ័យ សុំស្នើប្រសិនគ្មានការចាំបាច់ កុំចេញក្រៅផ្ទះ តែបើមានការចាំបាច់ត្រូវតែពាក់ម៉ាស ៣ការពារ ពាក់ម៉ាសនៅតាមទីសាធារណៈ លាងដៃ រក្សាគម្លាត និង ៣កុំ ជាវិធីការពារឆ្លងរោគ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម