ទិវាកងទ័ពមីយ៉ាន់ម៉ា ប្រារព្ធធ្វើនៅលើឈាមអ្នកតវ៉ា

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី27 ខែមិីនា ឆ្នាំ2021 ម៉ោង 4:02 នាទី ល្ងាច

ដោយ សូរ្យសែង៖

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅថ្ងៃទី ២៧ ខែមីនាមិ្សលមិញ បានបាញ់អ្នកតវ៉ាស្លាប់ ១៦ នាក់ នេះបើតាមអ្នកកាសែតនិយាយ ស្របពេលដែលលោកឧត្តមសេនីយ៍ មីន អងឡាយ ប្រកាសក្នុងទិវាកងទ័ពថា ការពារប្រជាជន និងស្តាររបបប្រជាធិបតេយ្យឡើងវិញ ។

ប្រជាជនមីយ៉ាន់ម៉ាដែលតវ៉ានឹងរដ្ឋប្រហារ នៅតែជួបជុំធ្វើបាតុកម្មក្នុងទីក្រុងយ៉ាំងហ្គោន ម៉ានដាលេយ៍ និងទីក្រុងផ្សេងៗទៀតទូទាំងប្រទេស ដោយមិនញញើតនឹងពាក្យគំរាមរបស់យោធាថា បាញ់អ្នកតវ៉ា «ក្បាល និងខ្នង» ។

«ពួកឧត្តមសេនីយ៍នៅមានមុខប្រារព្ធទិវាកងទ័ពទៀត ក្នុងពេលយកបាតដៃសម្លាប់ពលរដ្ឋបរិសុទ្ធជាង ៣០០ នាក់» ។ រយៈពេល ២ ខែ​ ទីភ្នាក់ងារព័ត៌មាន Myanma Now រាយការណ៍ថា យោធាបានបង្ក្រាប និងបាញ់អ្នកតវ៉ាស្លាប់ មិនទាប ៥០ នាក់ទេក្នុងមួយថ្ងៃម្សិលមិញ (២៧ មីនា) នៅទីក្រុងផ្សេងៗ ។

នៅក្នុងពិធីត្រួតពលនៃទិវាកងទ័ពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ឯក មីន អងឡាយ បាននិយាយថា នឹងរៀបចំការបោះឆ្នោតជាថ្មី តែមិនផ្តល់ពេលវេលាច្បាស់លាស់នៅឡើយ ។

«កងទ័ពប្រាថ្នាសហការជាមួយប្រជាជនទូទាំងប្រទេស ដើម្បីការពាររបបប្រជាធិបតេយ្យ» លោកឧត្តមសេនីយ៍ថ្លែងបែបនេះ ដែលមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិមីយ៉ាន់ម៉ា ព្រមទាំងអះអាងថា ការពារប្រជាជន និងនាំភាពស្ងប់ស្ងាត់ត្រឡប់មកវិញឲ្យបានឆាប់ ។ 

«ការប្រើប្រាស់អំពើហឹង្សាដែលនឹងជះឥទ្ធិពលដល់ស្ថេរភាព និងសន្តិសុខរបស់ប្រទេស នោះមិនមែនជារឿងសមរម្យទេ» មីន អងឡាយ និយាយ ។

ការថ្លែងបែបនេះ អ្នកតាមដានពីមីយ៉ាន់ម៉ាហាក់យល់ឃើញថា មេយោធាមីយ៉ាន់ម៉ា មានឥរិយាបថហាក់ប្រែប្រួល និងបន្ទន់អំពើកម្រោលដែលធ្វើដាក់អ្នកតវ៉ាកន្លងមក ។

កាលពីល្ងាចម្សិលមិញ (២៦ មីនា) ទូរទស្សន៍ជាតិភូមាបានចេញសេចក្តីថ្លែងការណ៍មួយពីយោធា ដែលបានផ្តល់ការព្រមានយ៉ាងចម្លែកថា អ្នកគួរតែរៀនពីសោកនាដកម្ម និងមរណភាពដ៏សោកសៅពីមុន ពីព្រោះលោកខ្លួនឯង ក៏អាចត្រូវគេបាញ់ចំក្បាល ឬខាងក្រោយខ្នងដែរ» ។

លោក មីន អងឡាយ ពោលទៀតថា «ទាហានចាំបាច់ត្រូវដណ្តើមអំណាចមកគ្រប់គ្រងដូច្នេះឯង ដោយសារ ស៊ូឃ្យី និងគណបក្សសន្និបាតជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់គាត់ «ធ្វើខុសច្បាប់» ហើយថែមទាំងគ្នីគ្នាគាត់ខ្លះប្រព្រឹត្តអំពើពុករលួយ និងកំពុងដំណើរការក្តី» ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច បានឡោមព័ទ្ធដាក់ទណ្ឌកម្ម​ ។ ចម្លែកតែរដ្ឋមន្ត្រីក្រសួងការពាររុស្ស៊ី អាឡិចសានដឺរ ហ្វូមិន កំពុងស្ថិតនៅក្រុងណេពិដោរ ក្នុងទិវាកងទ័ពមីយ៉ាន់ម៉ា ហើយបានជួបពិភាក្សាជាមួយក្រុមយោធាគ្រាក់ៗរបស់មីយ៉ាន់ម៉ាផងដែរ ។ «រុស្ស៊ីជាមិត្តរបស់យើង» មីង អងឡាយ និយាយ ៕

ប្រភពពី REUTERS

បកប្រែពី mgronline


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម