របាយការណ៍ IMF ឲ្យដឹងពីបំណុលសាធារណៈទូទាំងពិភពលោកកើនដល់ ៩៩%

សេដ្ឋកិច្ចថ្ងៃព្រហស្បត្តិ៍ ទី08 ខែមេសា ឆ្នាំ2021 ម៉ោង 7:41 នាទី ល្ងាច

ប្រែសម្រួលដោយ សូរ្យសែង៖

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា បំណុលសាធារណៈទូទាំងសកលលោកនឹងកើនឡើងប្រមាណ ៩៩% នៃផលិតផលសរុបរបស់ពិភពលោកក្នុងឆ្នាំនេះ (World GDP) ដោយសារប្រទេសជាច្រើនបានអនុម័តវិធានការជំរុញសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃកូវីដ-១៩ ។

របាយការណ៍ «Fiscal Monitor Report» រយ:ពេលពាក់កណ្តាលឆ្នាំរបស់ IMF និយាយថា រដ្ឋាភិបាលនៅជុំវិញពិភព លោក បានដាក់ចេញនូវវិធានការណ៍ដើម្បីគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈ គ្រួសារ និងអាជីវកម្មដែលមានទឹកប្រាក់សរុបចំនួន ១៦ លានលានដុល្លារ ចាប់តាំងពីកូវីដ-១៩ រាតត្បាតនៅដើមឆ្នាំ ២០២០ ។

IMF បាននិយាយថា ក្នុងឆ្នាំ ២០២០ បំណុលសាធារណៈទូទាំងពិភពលោកមានចំនួន ៩៧,៣% នៃតួលេខផលិតផលក្នុងស្រុកសរុប ដែលកើនឡើង ១៣% ពីកម្រិតមុនពេលមានការរីករាលដាល ហើយគេរំពឹងថាបំណុលសាធារណៈទូទាំងពិភពលោកនឹងឈានដល់ ៩៨,៩% នៅឆ្នាំ ២០២១ នេះ ហើយបន្ទាប់មកងើបឡើងដល់ ៩៩% នៅឆ្នាំ ២០២២ ។

IMF ព្យាករណ៍ទៀតថា បំណុលសាធារណៈចំពោះតួលេខ GDP របស់ប្រទេសជប៉ុនមាន ២៥៦,៥% ក្នុងឆ្នាំ ២០២១ ដែលកើនឡើង ០,៣% ពីឆ្នាំកន្លងទៅ ហើយនឹងថយចុះតិចតួចក្នុងកម្រិត ២៥៣,៦% ក្នុងឆ្នាំ ២០២២ ។

បំណុលសាធារណៈចំពោះតួលេខ GDP របស់សហរដ្ឋអាមេរិក ដែលប្រកាសប្រើវិធានការសារពើពន្ធចំនួន ២,៨ លានលានដុល្លារចាប់តាំងពីចុងឆ្នាំកន្លង ដែលគេរំពឹងថា វានឹងកើនឡើងដល់ ១៣២,៨% ក្នុងឆ្នាំ ២០២១ ស្របពេលដែលត្រូវបានគេរំពឹងទុកថា តួលេខបំណុលសាធារណៈចំពោះ GDP របស់អឺរ៉ូនឹងកើនឡើង៩៨,២% ហើយប្រទេសចិននឹងកើនឡើងដល់ ៦៩,៦% នៅឆ្នាំ ២០២១ ។

IMF បញ្ជាក់ថា ចាប់តាំងពីខែមករា ឆ្នាំ ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសពីវិធានការថវិកាចំនួន ៥,៨ លានលានដុល្លារ ដែលខ្ពស់ជាងប្រទេសដទៃទៀតនៅលើពិភពលោក តាមពីក្រោយដោយប្រទេសជប៉ុនដែលបានចំណាយថវិកាចំនួន ២,២ លានលានដុល្លារក្នុងវិធានការសារពើពន្ធ ៕

ប្រភព : https://www.bangkokbiznews.com/news/detail/931430

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម