ប្រជាជនជ្រួលជ្រើម ទិញគ្រឿងហូប ដាច់ជាងគេ គឺពងទា ពងមាន់ អង្ករ សម្រុកទៅទិញឡើងណែនកកស្ទះផ្សារ!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី15 ខែមេសា ឆ្នាំ2021 ម៉ោង 11:11 នាទី ព្រឹក

Admin សូរ្យរិទ្ធ៖

ក្រោយបានទទួលសារសំឡេងពិសេសបន្ទាន់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសែរពីតៗគ្នានៅរសៀលថ្ងៃទី ១៤ ខែ​មេសានេះ និងរង់ចាំចេញសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលទាំងយប់ជ្រៅ យើងក៏សម្រេចចេញព័ត៌មាននៅព្រឹកថ្ងៃទី ១៥ មេសា ទោះចេញក្រោយរាងយូរបន្តិច ក៏មិនជាបញ្ហាអ្វី អ្វីដែលសំខាន់គឺនៅបិទខ្ទប់១៣ថ្ងៃទៀត ដូច្នេះសូមអាន​សេចក្តីប្រកាសទាំងស្រុងនៅខាងក្រោមដែលមាន ៧ ទំព័រ ។

ក្រោយបានទទួលការចែកចាយសារនេះភ្លាមៗ តាមបណ្តាញសង្គមសែរពី Telegram មួយទៅមួយ ប្រជាជនក៏ចេញទៅរកកន្លែងលក់ដូរ ទីផ្សារតូច ធំ ផ្សារតាមថ្នល់ ហើយចាប់ផ្តើមជ្រួលជ្រើមទៅរកទិញគ្រឿងឧបភោគ បរិភោគ បន្លែ សាច់ គ្រឿងទេស អង្ករ ស៊ុតមាន់ ស៊ុតទាដាច់ជាងគេ ម្នាក់ៗ ២០-៣០-៥០គ្រាប់  ហើយមានការប្រជ្រៀតឡើងណែន សឹងភ្លេចពាក្យ «៣ការពារ ៣កុំ» ឯអ្នកលក់សប្បាយលក់ណាស់ ទំនិញខ្លះមានតម្លៃនឹង ខ្លះក៏ឡើង តែកាលថ្ងៃសែនទីមួយសម្រុកទិញផ្លែឈើ កម្រងផ្កា សែនថ្វាយទេវតា ឡើងថ្លៃគួរសម តែបន្ទាប់មកត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល សូមឲ្យរក្សាភាពស្ងៀមស្ងាត់ ។ 

ក្រោយមកបន្តិច លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ផ្ញើសារសំណេរដោយផ្ទាល់ថា «ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់   សុំរក្សាភាពស្ងប់ស្ងៀម  ជាជាងសម្រុក​ទៅផ្សារដែលបង្កើតបានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩ ។  បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩  បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ  ឬកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់  និងលាងដៃញឹកញាប់ទេនោះ ។ សូមត្រូវចងចាំថា  វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត  ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត  បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់  ឬសម្លាប់វីរុសដ៏សាហាវនេះនោះ ។ សុំជឿជាក់លើវិធានការរបស់រាជរដ្ឋភិបាល  ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ ។ សូមចូលរួមអនុវត្តវិធានការ  ៣ការពារ  +  ៣កុំ  +  ចាក់វ៉ាក់សាំងការពារ​កូវីដ-១៩  + ចូលឆ្នាំនៅផ្ទះ  ដើម្បីឈ្នះការវ៉ៃលុកកូវីដ-១៩  ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន  និងដើម្បីសហគមន៍យើង ៕

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម