សម្តេចតេជោរៀបរាប់ប្រាប់ជនរួមជាតិ ពីកម្មវិធីអញ្ជើញទៅប្រជុំអាស៊ាននៅទីក្រុងហ្សាការតាខាងមុខ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែមេសា ឆ្នាំ2021 ម៉ោង 9:02 នាទី ព្រឹក

នៅព្រឹកនេះ (១៦ មេសា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើផេកហ្វេសប៊ុកសម្តេច ស្តីអំពីការអញ្ជើញទៅប្រជុំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី​ សម្តេចបានរៀបរាប់ប្រាប់ជនរួមជាតិពីកម្មវិធីទាំងទៅ និងត្រឡប់មក ដូចមានខ្លឹមសារទាងស្រុងដូចខាងក្រោម ៖

«ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។

ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។

ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវអោយភរិយាខ្ញុំនាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកអោយយោបល់ខ្ញុំថាដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថាខ្ញុំចង់ធ្វើអោយប្រាកដថាខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំតែងមកលេងច្របាច់ជើង

និងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា»៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម