គួរឲ្យអាណិតសម្តេចដែលសុំការយោគយល់  ពីប្រាក់គោលនយោបាយ ៣០ម៉ឺនរៀលដែលប្រកាសផ្តល់ជូនពលរដ្ឋបិទខ្ទប់ លែងផ្តល់ជូនហើយ បង្វែរជូនជាគ្រឿងឧបភោគ បរិភោគវិញ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី20 ខែមេសា ឆ្នាំ2021 ម៉ោង 9:14 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ (20មេសា)បានផ្ញើសារជូនជនរួមជាតិ អំពីប្រាក់គោលនយោបាយ ៣០ម៉ឺនរៀល ដែលពីមុនរាជរដ្ឋាភិបាលធ្លាប់បានប្រកាសចែកដល់តំបន់ដែលធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់ភ្នំពេញ-ក្រុងតាខ្មៅនៃខេត្តកណ្តាល ប៉ុន្តែឥឡូវរាជរដ្ឋាភិបាលសូមការអធ្យាស្រ័យ ដែលមិនអាចចែកទាំងអស់ទៅរួច នៅពេលការបិទខ្ទប់ធ្វើឡើងទូទាំងរាជធានីភ្នំពេញ បូកជាមួយទីក្រុងតាខ្មៅមួយទៀត ។

សម្តេចបានសុំយោគយល់អធ្យាស្រ័យ អ្វីដែលចាំបាច់នៅពេលនេះគឺការ «រស់» ដូច្នេះសុំបង្វិលត្រឡប់ជំនួស ដោយមិនឲ្យបងប្អូនដាច់បាយ ឧបត្ថម្ភជាការផ្គត់ផ្គង់អង្ករ ត្រី ខ មី ជាទឹកត្រី ទឹកស៊ីអ៊ីវ និងអ្វីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សម្តេចលើកឡើងថា ប្រាក់ ៣០ម៉ឺនវាមិនធំសម្រាប់បងប្ងូន តែវាធំសម្រាប់រាចរដ្ឋាភិបាលដែលត្រូវបែងចែកមួយភ្នំពេញតែម្តង ដូច្នេះបើតំបន់បងប្អូនណាមិនព្រមទទួល ជម្រើសមានតែមួយគឺឲ្យអ្នកចែកដកថយពីតំបន់មិនព្រមទទួល នាំយកទៅចែកជូនបងប្អូននៅតំបន់ផ្សេងដែលគេត្រូវការ ហើយក៏មានកែប្រែរឿងថ្លៃទឹក ថ្លៃភ្លើង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយរួចហើយដែរ ។

សម្តេចសូមការអធ្យាស្រ័យនូវការលំបាករួម តែរាជរដ្ឋាភិបាលនៅតែផ្តល់ប្រាក់ ៣០ ម៉ឺនរៀលចំពោះបងប្អូនធ្វើចត្តាឡី​ស័កដោយដាច់ ដោយដុំតែប៉ុនណោះ មិនអាចធ្វើនៅតំបន់រាំងខ្ទប់ដូចជារាជធានីភ្នំពេញ និងខេត្តកណ្តាលនោះទេ យើងអាចធ្វើតែកន្លែងមានមនុស្ស ១-៥នាក់តាមស្រុកប៉ុនណោះ ។

សម្តេចស្នើឲ្យអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាល និងទូទាំងកន្លែង សូមយកចិត្តទុកដាក់ចំពោះព្រះសង្ឃ សាមណសិស្ស និស្សិតដែលស្នាក់នៅទីវត្តអារាមហើយមានជួបការលំបាក និងព្រះសង្ឃដែលមិនអាចចេញបិណ្ឌបបាត្របាន ក្នុងរយៈពេលនៃការបិទខ្ទប់ គ្មានប្រជាជនទៅធ្វើបុណ្យ យកចង្ហាន់ទៅវត្ត ជាពិសេសនៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម