ឯកឧត្តមទេសរដ្ឋមន្ត្រី និង គណៈអធិបតីក្នុងពិធីសំណេះសំណាល
អត្ថបទ សូរ្យសែង៖
ជួបសំណេះសំណាលជាមួយអតីតសមាជិកបក្សដទៃ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក ចំនួន ១៣៩ នាក់ មកពី ១០ សង្កាត់ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានរៀបចំនៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌទួលគោក នាសាលប្រជុំគណបក្ស គ៧៨ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមស្វាគមន៍ចំពោះកូនក្មួយ ដែលបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សពិសេសតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់ ជាគណបក្សដែលប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបានដោយសេចក្តីសុខបំផុត ហើយគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មីផងដែរថា៖
ទី១៖ រាល់សមាជិកដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជន សុទ្ធតែទទួលការស្រឡាញ់ ស្មើសិទ្ធិ ស្មើមុខ និងស្មើកិត្តិយស ។
ទី២.៖ កូន ក្មួយ គឺយុវជនដែលជាកម្លាំងបន្តវេនគណបក្សទៅថ្ងៃមុខ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពជំនាញទាំងផ្នែករឹងនិងផ្នែកទន់ មានវិន័យ ចេះធ្វើការជាក្រុម មានក្រមសីលធម៌ គុណធម៌ ចរិយាធម៌ និងចេះជួយកិច្ចការសង្គមផ្សេងៗ ព្រមទាំងត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយយមុខផ្សេងៗ។
ទី៣៖ ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រៀមខ្លួនជាដរាប ក្នុងការចូលរួមសកម្មភាពនានារបស់គណបក្ស ព្រោះជាការបំពេញកិច្ចឲ្យគណបក្សប្រជាជន ដើម្បីអ្នកចូលក្រោយៗទៀត មើលទឹកចិត្តល្អរបស់គណបក្សប្រជាជន ។
ទី៤៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងបក្ស ដោយគ្មានការរើសអើង រវាងសមាជិកចាស់ និងសមាជិកថ្មី និង បន្តជួយគ្នា និងសហការគ្នា អោបក្រសោបបងប្អូនជាឈាមថ្មីឲ្យមានភាពកក់ក្តៅ និងមានតម្លៃដូចអ្នកចាស់ ។
ទី៥៖ ខិតខំការពារគណបក្ស និងធ្វើការវាយបកទៅកាន់ពួកប្រឆាំង និងពួកអគតិដែលតែងតែចិញ្ចឹមចិត្ត និងរិះរកគ្រប់មធ្យោបាយ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជាតាមគ្រប់រូបភាព និងទាក់ទាញមិត្តភក្តិ បងប្អូន ដែលមិនទាន់បានចូលមក ឲ្យចូលរួមរស់ជាមួយគណបក្សប្រជាជន ដូចពួកគាត់ដែរ ព្រោះមានការយកចិត្តទុកដាក់ខ្ពស់ដូចប្រជាជនដទៃ ។
ទី៦៖ ទាំងគណបក្សខណ្ឌ សង្កាត់ និងក្រុមការងារចុះមូលដ្ឋានទាំង១០សង្កាត់ នៅជាមួយបងប្អូនទាំងអស់គ្នា។ យើងរួមសុខរួមទុក្ខជាមួយគ្នា និងជួយបងប្អូន សូមកុំរារែកចិត្ត បើមានកិច្ចការអ្វីសូមទាក់ទងមកក្រុមការងារ យើងនឹងដោះស្រាយជាមួយគ្នា ៕