តោះ មកដឹងពីប្រទេសមហាយក្សចិន តើផលិត និង ចាក់វ៉ាក់សាំងបានប៉ុន្មានហើយ?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី01 ខែឩសភា ឆ្នាំ2021 ម៉ោង 3:02 នាទី ល្ងាច

ដោយ សូរ្យសែង៖

គណៈកម្មការសុខភាពជាតិចិន បានបង្ហាញនៅថ្ងៃសុក្រ (ថ្ងៃទី ៣០ ខែមេសា)ថា រដ្ឋាភិបាលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ បានដល់ ៩,៦ លានដូសក្នុងមួយថ្ងៃ (២៩ មេសា) ។ ចំណែកតួលេខសរុបនៃការបានចាក់វ៉ាក់សាំងមានចំនួន ២៥៣,៤៦ លានដូសហើយ ដែលជាមធ្យមចិនចាក់វ៉ាក់សាំងឲ្យប្រជាជន ៤,៥១ លានដូសក្នុងមួយថ្ងៃ ។

ទោះយ៉ាងណា គោលដៅចាក់វ៉ាក់សាំងឲ្យបាន ៤០% នៃប្រជាជន ឬប្រមាណ ៥៦០ លាននាក់ក្នុងខែមិថុនាប្រហែលជាមិនទទួលបានសម្រេចទេ ព្រោះបើចាក់បំពេញតាមគោលដៅនោះ នឹងត្រូវចាក់ប្រមាណ ១០ លានដូសក្នុងមួយថ្ងៃ ។

លោកស្រី ស៊ុន ជុនឡាន ឧបនាយករដ្ឋមន្ត្រីចិន បានទៅត្រួតពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនៅទីក្រុងប៉េកាំង កាលនៅថ្ងៃទី ២៩ មេសា មុនកិច្ចប្រជុំជាមួយអ្នកផលិតវ៉ាក់សាំងកូវីដ-១៩ បានអំពាវនាវដល់ក្រុមហ៊ុនផលិតទាំងនេះបង្កើនផលិតកម្មវ៉ាក់សាំងដើម្បីជួយបង្កើនការចាក់វ៉ាក់សាំង ។

លោក Zheng Zhong Wei សមាជិកគណៈកម្មការសុខភាពជាតិចិន ដែលត្រួតពិនិត្យការអភិវឌ្ឍវ៉ាក់សាំង បាននិយាយថា ប្រទេសចិនមានសក្តានុពលក្នុងការផលិតវ៉ាក់សាំងចំនួន ៥.០០០ លានដូស និងផលិតបាន ៣.០០០ លាន ដូសក្នុងឆ្នាំនេះ ហើយវ៉ាក់សាំង Sinofarm និង Sinovac ឥឡូវផលិតបាន ៦ លានដូសក្នុងមួយថ្ងៃ ។

ប្រធានក្រុមហ៊ុន Sinovac លោក Yin Weidong មានប្រសាសន៍ថា បរិមាណវ៉ាក់សាំងនៅក្រុមហ៊ុន នៅតែមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុកនៅឡើយ ហើយទទួលស្គាល់ថាវ៉ាក់សាំងនៅខ្វះច្រើនក្នុងប្រទេសចិន។ «ដូចនឹងថ្ងៃដែលវ៉ាក់សាំងផលិតចេញនៅថ្ងៃនេះ ទុកចាក់ឲ្យប្រជាជនសម្រាប់ថ្ងៃស្អែកប៉ុនណោះ ថ្ងៃបន្តមកក៏មិនសល់ដែរ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម