គួរឲ្យសប្បាយជំនួស! «វូហាន» ទីក្រុងផ្ទុះកូរ៉ូណាមុនគេ ប្រារព្ធធ្វើបុណ្យតន្ត្រីដ៏ធំលើកដំបូង មនុស្សចូលរួមរាប់ម៉ឺននាក់

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី04 ខែឩសភា ឆ្នាំ2021 ម៉ោង 10:46 នាទី ព្រឹក

ប្រែសម្រួលពី nypostreuters

ដោយ សូរ្យសែង៖

ដូចអ្នកដឹងស្រាប់ហើយការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬកូវីដ-១៩ បានផ្តើមឡើងនៅពីទីក្រុងវូហាន ប្រទេសចិន ដោយលើកដំបូងវាបានចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ ហើយឥឡូវនេះវាមានរយៈពេលជិត ២ ឆ្នាំហើយនៅតែរាតត្បាតពាសពេកពិភព លោក ។

ប្រសិនបើនរណាម្នាក់តាមដានព័ត៌មានអំពីការផ្ទុះឡើងនេះ ពួកគេនឹងឃើញរូបភាពនៃទីក្រុងវូហានត្រូវបិទទ្វារមុនគេ ទីក្រុងស្ងាត់ជ្រងំ ប៉ុន្តែពេលវេលាកន្លងទៅ ស្ថានភាពបានវិលមករកភាពធម្មតាវិញ ដោយសារតែសប្តាហ៍មុននៅទីក្រុង វូហានមានមហោស្រពតន្ត្រី (Wuhan Strawberry Music Festival ដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួម ហើយមិនចាំបាច់ពាក់ម៉ាសផង ។ នេះជាការប្រគុំតន្រ្តីលើកដំបូងចាប់តាំងពីមានការផ្ទុះឡើងនៃមេរោគឆ្លងថ្មី ។

«កាលពីឆ្នាំមុន យើងជនជាតិវូហានបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវីរុសកូរ៉ូណា... វាមិនងាយស្រួលទេសម្រាប់ពួកយើងដើម្បីឈានដល់ចំណុចចនេះ ប្រជាជនដែលរស់នៅទីនេះត្រូវចំណាយច្រើនដើម្បីជាថ្នូរនឹងលទ្ធផល ហើយខ្ញុំពិត ជារំភើបណាស់ដែលបានមកនៅទីនេះ» ហ្គាវ យូចិន និស្សិតអាយុ ២៣ ឆ្នាំដែលអាស្រ័យនៅទីក្រុងវូហានពោល ។

មហោស្រពតន្រ្តីនេះនឹងត្រូវប្រារព្ធធ្វើឡើងរយៈពេល ២ ថ្ងៃជាប់គ្នា រួមជាមួយថ្ងៃឈប់សម្រាកជាតិគឺទិវាឧសភា (May Day) ដែលនាំសិល្បករមួយចំនួនធំមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

តាមរបាយការណ៍ឲ្យដឹងថា បច្ចុប្បន្នគ្មានអ្នកឆ្លងមេរោគបន្ថែមថ្មីទៀតឡើយ ក្រោយពីវិធានការ LockDown យ៉ាងតឹងរឹងរយៈពេលមួយឆ្នាំកន្លងមក ។ ពីទិន្ន័យរបស់ផ្នែកសុខាភិបាលប្រទេសចិនឲ្យដឹងថា នៅទូទាំងប្រទេសចិន ផែនដីធំមានអ្នកឆ្លងកូវីដ-១៩ ទាំងអស់តែ ១៦ នាក់ប៉ុនណោះ ទាំងអស់នោះសុទ្ធតែជាអ្នកទេសចរណ៍មកពីបរទេសទាំងអស់ ។

ក៏មានរបាយការណ៍បន្ថែមទៀតផងដែរថា ឥឡូវនេះប្រជាជនចិនត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ករណីសរុបចំនួន ២៦៥ លាននាក់ ហើយនឹងកើនឡើងកាន់តែច្រើនឡើងៗ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម