ដោយ Bong SoRith
ក្នុងនាម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់លត់ដំចេញពីសមរភូមិអ្នកសារព័ត៌មានក្នុងយុគសម័យឆ្នាំ ១៩៧៩ ឯកឧត្តមមានប្រសាសន៍ថា «វិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាវិជ្ជាជីវៈមួយ បើយើងខិតខំប្រតិបត្តិឲ្យខ្ជាប់ល្អ វានឹងលត់ដំខ្លួនយើងបានល្អណាស់ ទាំងអំពីរបៀបគិត របៀបពិចារណា របៀបសម្រេចចិត្ត របៀបដាក់ចេញនូវសា្ថនភាព រហូតទៅដល់អំពីសីលធម៌របស់ខ្លួននេះឯង» ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា «ថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែនៅកៀកជាប់ជាមួយអ្នកសារព័ត៌មាន ដើម្បីនាំសារពីរដ្ឋាភិបាលទៅឲ្យប្រជាជនដឹង ហើយយកសេចក្តីត្រូវការរបស់ប្រជាជន មកកាន់រដ្ឋាភិបាលវិញ ។ នេះជាចំណងទាក់ទងមួយដ៏ល្អរវាងការដឹកនាំរបស់បក្ស និងរដ្ឋ ហេតុដូច្នេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន សម្តេចបានដំណើរការ ៥ លើកមកហើយ ការជួបអ្នកសារព័ត៌មានរាប់ពាន់នាក់ក្នុងមួយឆ្នាំ្តម្តង ហើយឥឡូវនេះ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមពល ក្លៀវក្លា សម្តេចបានបន្តជំនួបនេះ ហើយថ្ងៃទី ៣ ឧសភាឆ្នាំនេះ ជាជំនួបលើកទី ៧ ជាលើកទីពីររបស់សម្តេច ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា «ការឆ្លងកាត់ជំនួបកាលពីឆ្នាំទៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខ្ញុំឃើញច្បាស់ណាស់ថា លោកឲ្យតម្លៃខ្ពស់ណាស់ចំពោះអ្នកសារព័ត៌មាន ។ អ្វីដែលសម្តេចមានប្រសាសន៍ អ្នកសារព័ត៌មាន គឺជាអំណាចទីបួន តម្លៃទីបួនរបស់ប្រទេសជាតិ គឺ«ប្រសិនបើអំណាចទីបួនត្រូវបានប្រើប្រាស់ឲ្យបានត្រឹមត្រូវ» ។ អំណាចទីបួន រួមចំណែកដោយត្រង់ ៖ ទីមួយ ទៅលើការអភិវឌ្ឍន៍ប្រទេសជាតិ, ទីពី នៅកៀកជាប់ជាមួយការថែរក្សាសន្តិភាព រក្សាស្ថិរភាព សណ្តាប់ធ្នាប់សង្គម, ទីបី គឺនៅកៀកនឹងការសម្រេចរបស់ប្រជាជន ក៏ដូចជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលយើង» ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីថា ជួនកាលតាមសារព័ត៌មានដែលផ្សាយ ធ្វើឲ្យរដ្ឋាភិបាលដាក់ចេញនូវការសម្រេចចិត្តអ្វីមួយដែលសម្តេចយល់ថា ជាព័ត៌មានត្រឹមត្រូវ សម្តេចក៏ដាក់ចេញការសម្រេចចិត្តថ្មីដែរ ។ ដូច្នេះ កម្មវិធីជួបជុំជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំនេះ ជាទិវាមួយដ៏សប្បាយរីករាយរបស់អ្នកកាសែតកម្ពុជាទូទាំងប្រទេស ដែលផ្សារភ្ជាប់គ្នា ឆ្លុះបញ្ចាំងជាមួយគ្នា រួមគ្នាដើម្បីរែកពុនកិច្ចការរបស់ប្រទេសជាតិ ។
ក្នុងបរិបទសព្វថ្ងៃដែលវិស័យព័ត៌មានកម្ពុជាបានវិវឌ្ឍន៍ គឺបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ ហើយអ្នកកាសែតក៏កំពុងផ្ទេរដែរ ពីកាសែតផ្សព្វផ្សាយបែបប្រពៃណី មកប្រព័ន្ធផ្សព្វផ្សាយបែបថ្មីបច្ចុប្បន្ន គឺយុគសម័យមានល្បឿនលឿន និងផ្តោតខ្លាំងលើកម្លាំងសីលធម៌ខ្លាំង កម្លាំងវិជ្ជាជីវៈខ្លាំង បើគ្មានវិជ្ជាជីវៈ គឺធ្វើមិនរួចទេ ។ ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី មនុស្សម្នាក់ចង់ធ្វើទូរទស្សន៍ក៏បាន ចង់ធ្វើកាសែតសរសេរក៏បាន មនុស្សម្នាក់បង្កើតហ្វេសប៊ុកមួយបាន គាត់សរសេរបាន គាត់ដាក់រូបថត ដាក់វីដេអូបាន គឺជាទូរទស្សន៍មួយ ហើយបានលឿនរហ័សទៀត វាមិនមែនផ្សាយតែក្នុងស្រុកខ្មែរទេ គឺពេញពិភពលោក ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីសំណូមពរថា «អ្នកសារព័ត៌មានថ្មី នៅពេលប្អូនៗជាកម្លាំងលឿន ងាយស្រួលធ្វើកាសែត ប៉ុន្តែថាមពលមួយទៀត ឬហៅថា«សីលធម៌» ត្រូវប្រកាន់ឲ្យខ្ជាប់ ព្រោះបើឡានប្អូនកាច់ចង្កូតល្អៀងតែបន្តិចវាគ្រោះថ្នាក់ធ្ងន់ ដូច្នេះត្រូវមានសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន»។
ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បើយើងងាកទៅមើលអ្នកចាស់ ដូចជា អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានចាស់ៗ ដូចឯកឧត្តម ខៀវ កាញារីទ្ធ នៅកម្ពុជាក្តី លើពិភពលោកក្តី គេស្គាល់គាត់ច្រើន លោកជាអ្នកដឹកនាំក្រសួងព័ត៌មានពីមុន ដែលធ្វើជាម្លប់មួយដល់អ្នកសារព័ត៌មានត្រជាក់ត្រជុំ ទន់ភ្លន់ ថ្នាក់ថ្នម អ្នកកាសែតនៅជាមួយគាត់ដូចមិត្តសំឡាញ់ ប៉ុន្តែលោកក៏មិនបណ្តែតបណ្តោយឲ្យមានកំហុសដែរ ។ ឥឡូវនេះ អ្វីៗទាំងអ្នកសារព័ត៌មាន ទាំងក្រសួង បានផ្ទេរមកដល់បច្ចុប្បន្ន គឺឯកឧត្តម នេត ភក្ត្រា វ័យក្មេង ស្វាហាប់ ស្ម័គ្រចិត្តទទួលរែកពុនយកអម្រែកកែទម្រង់ លើកកម្ពស់គុណភាពរបស់អ្នកសារព័ត៌មានបន្ថែមទៀត ដែលកើតកាន់តែច្រើនឡើង ដូច្នេះការលំបាកថ្មីក៏មាន ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានរំឭកដល់អ្នកសារព័ត៌មាន កុំឲ្យភ្លេចអំពីការទទួលខុសត្រូវរបស់ខ្លួន ទទួលខុសត្រូវចំពោះសង្គម ទទួលខុសត្រូវមុខច្បាប់រដ្ឋប្បវេណី មុខច្បាប់ព្រហ្មទណ្ឌ ទទួលខុសត្រូវវិជ្ជាជីវៈ ។ យើងធ្វើល្អ ឈ្មោះអ្នកកាសែតក៏ល្អ បើអ្នកកាសែតធ្វើមិនល្អ គេឲ្យតម្លៃអ្នកកាសែតសម័យនេះ ថាអ៊ីចេះ ថាអ៊ីចុះ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា ការទទួលខុសត្រូវមានបី ទី១៖ ទទួលខុសត្រូវចំពោះមុខសង្គម ទី២៖ ទទួលខុសត្រូវចំពោះវិជ្ជាជីវៈ និងទី៣៖ ទទួលខុសត្រូវចំពោះមុខច្បាប់ ។ បើនិយាយពីច្បាប់វិញ មានច្រើនណាស់ ខ្ញុំជឿថា អ្នកសារព័ត៌មានមិនអាចដឹងអស់ ប៉ុន្តែការសង្ខេបទាំងបីហ្នឹង សុំមើលស្នាដៃរបស់ក្រសួងព័ត៌មាន គឺ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» សុំអ្នកសារព័ត៌មានម្នាក់ៗប្រកាន់ខ្ជាប់ឲ្យបាន ១១ ទំព័រនេះ អត់វែងទេ នេះជាស្នាដៃរបស់រដ្ឋមន្ត្រី នេត ភក្ត្រា ក៏ជាស្នាដៃរបស់ក្រសួងព័ត៌មានទាំងមូល ក៏ជាស្នាដៃរបស់អ្នកសារព័ត៌មានទាំងអស់ ហើយក៏ជាស្នាដៃមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែរ និងជាស្នាដៃរបស់យើងទាំងអស់គ្នា ។ បើអ្នកសារព័ត៌មានប្រកាន់ខ្ជាប់ ១១ទំព័រនេះ យើងខ្ញុំជឿជាក់ថា «អ្នកសារព័ត៌មាននឹងរួមចំណែក ដូចការទន្ទឹងរង់ចាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលដែលសម្តេចឲ្យតម្លៃខ្ពស់មកលើអ្នកសារព័ត៌មានរបស់យើង» ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសំណូមពរអ្នកសារព័ត៌មាន សូមរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីយើងកសាងប្រទេសជាតិ ដើម្បីរក្សាសន្តិភាពដែលមានតម្លៃថ្លៃណាស់ សន្តិភាពនេះវាសំខាន់ វាថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ។
អ្វីទាំងអស់ដែល កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានទស្សនវិស័យលើកឡើងខាងលើ គឺជាកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលមានឯកឧត្តម កឹម គុណវឌ្ឍន៍ ជាអ្នកសម្ភសន៍ផ្ទាល់ មានឈ្មោះថា«ពីជំនាន់មួយទៅជំនាន់មួយ» កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ មុនទិវាជំនួបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី ៧ និងជាលើកទី២ នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ៕