អត្ថបទ សូរ្យរិទ្ធ
គេហទំព័របរទេសជាភាសាថៃឈ្មោះ springnews បានចេញផ្សាយថ្ងៃទី ៤ ឧសភា ២០២៥ ស្តីពីក្រុមអនុរក្សរបស់កម្ពុជាជួបប្រទះផ្កាថ្មចេញពងឆ្នាំទី ២ ជាប់គ្នានៅឆ្នេរប៉ប្រះទឹកកោះរ៉ុង ខេត្តព្រះសីហនុ ថាជាភាពជោគជ័យមួយរបស់កម្ពុជា ក្នុងការអភិរក្សជីវចម្រុះនៃទឹកសមុទ្រកម្ពុជា ។
គេហទំព័រនោះបានចេញនិយាយថា ក្រុមអ្នកអភិរក្សកម្ពុជាបានជួប «ផ្កាថ្មចេញពង» សម្រាប់ឆ្នាំទី 2 ជាប់ៗគ្នានៅកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាការឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការអភិរក្សសមុទ្ររបស់កម្ពុជា របស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ហើយថាជាសញ្ញានៃការងើបឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅកម្ពុជា ។
ក្រុមអភិរក្សមកពីកម្មវិធី Fauna & Flora-Cambodia បានរាយការណ៍ពីការរកឃើញបាតុភូតផ្កាថ្មចេញពងជាលើកទី២ ជាប់គ្នានៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ ភាគនិរតីនៃប្រទេសកម្ពុជានេះ ។
ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងនៅចន្លោះខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃកិច្ចសហការរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការអភិរក្សអន្តរជាតិ។
របាយការណ៍បានបញ្ជាក់ថា ការប្រទះឃើញផ្កាថ្មដាក់ពងនៅឆ្នាំនេះ គឺជាឆ្នាំទី២ជាប់គ្នាហើយ បន្ទាប់ពីការរកឃើញដំបូងនៅឆ្នាំ 2024 ។ គោលដៅសំខាន់គឺសិក្សាពីវដ្តបន្តពូជរបស់ផ្កាថ្មនៅក្នុងទឹកប្រទេសកម្ពុជា។ ការវិវឌ្ឍន៍នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការស្ដារឡើងវិញរយៈពេលវែងនៃថ្មប៉ប្រះទឹកផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
ការពងកូនផ្កាថ្ម(Coral Spawning) គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា បរិស្ថានសមុទ្ររបស់កម្ពុជាស្ថិតក្នុងតុល្យភាពធម្មជាតិ ហើយកំពុងចាប់ផ្តើមងើបឡើងវិញពីផលប៉ះពាល់បរិស្ថាន ដូចជា ការបំពុលទឹក និងការនេសាទហួសកម្រិត និងវិស័យទេសចរណ៍ដែលមិនបានគ្រប់គ្រងកាលពីអតីតកាល ។
ជោគជ័យនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងភ្នាក់ងាររដ្ឋាភិបាល ក្រសួងបរិស្ថាន អង្គការអភិរក្ស និងសហគមន៍មូលដ្ឋាន ដែលបានប្តេជ្ញាស្តារឡើងវិញនូវភាពសម្បូរបែបនៃធនធានសមុទ្ររបស់កម្ពុជាប្រកបដោយនិរន្តរភាព ។
ក្រសួងកសិកម្មបាននិយាយថា ការរកឃើញផ្កាថ្មពងនៅក្នុងដែនទឹកកម្ពុជារយៈពេលពីរឆ្នាំជាប់ៗគ្នាមនេះ គឺជាសញ្ញាដ៏សំខាន់នៃក្តីសង្ឃឹម អច្ឆរិយៈធម្មជាតិ និងជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រសម្រាប់មនុស្សជំនាន់ក្រោយ។
ចំណែកក្រសួងបរិស្ថានបានបញ្ជាក់ថា នេះជាសញ្ញាល្អដែលថា បរិស្ថានសមុទ្រនៅកម្ពុជាមានភាពប្រសើរឡើង គឺជាលទ្ធផលនៃការពង្រឹងការអភិរក្ស និងការត្រួតពិនិត្យថ្មប៉ប្រះទឹកផ្កាថ្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងជម្រកសត្វសមុទ្រ បន្ថែមទៅលើតម្លៃសេដ្ឋកិច្ចតាមរយៈទេសចរណ៍ និងលើកកម្ពស់ជលផលប្រកបដោយនិរន្តរភាព ៕