អ្នក​ប្រើ Gmail ត្រៀម​សម្របខ្លួន Google ឈប់ប្រើ​លេខ​កូដ SMS ដោយ​ប្រើ​ QR Code ជំនួស​វិញ

បច្ចេកវិទ្យាថ្ងៃពុធ ទី07 ខែឩសភា ឆ្នាំ2025 ម៉ោង 6:56 នាទី ល្ងាច

 

បកប្រែពី thethaiger.com

នៅក្នុងខែកុម្ភៈ ឆ្នាំ 2025 ក្រុមហ៊ុន Google បានធ្វើបដិវត្តសុវត្ថិភាព Gmail ដោយប្រកាសថាខ្លួននឹងឈប់ប្រើប្រាស់ SMS សម្រាប់ការផ្ទៀងផ្ទាត់គណនី ហើយផ្លាស់មកប្រើបច្ចេកវិទ្យា QR Code ដែលមានសុវត្ថិភាពជាងមុន សង្ឃឹមថានឹងកាត់បន្ថយការគំរាមកំហែងតាមអ៊ីនធឺណិត ។ ការផ្លាស់ប្តូរដ៏សំខាន់នេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់គណនី Gmail រាប់ពាន់លាននៅទូទាំងពិភពលោក និងកាត់បន្ថយការប្រើប្រាស់ SMS ក្នុងទិសដៅខុសដែលកំពុងរីករាលដាល ។

ទោះបីជាលេខកូដសារ SMS ត្រូវបានប្រើជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ និងងាយស្រួលក៏ដោយ ប៉ុន្តែនៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ ការគំរាមកំហែងតាមអ៊ីនធឺណិតកាន់តែមានភាពទំនើប លេខកូដសារ SMS បានក្លាយជាចំណុចខ្សោយផ្នែកសុវត្ថិភាព ដែលអ្នកបោកប្រាស់ប្រើជាឆានែលដើម្បីវាយប្រហារគណនីអ្នកប្រើប្រាស់ ។

អ្នកនាំពាក្យរបស់ Gmail លោក រ៉ូស រីឆិនហ្វើរ (Ross Richendrfer) បាននិយាយថា «ដូចដែលយើងកំពុងផ្លាស់ប្តូរឆ្ងាយពីពាក្យសម្ងាត់ប្រពៃណី និងឆ្ពោះទៅរកបច្ចេកវិទ្យាដែលមានសុវត្ថិភាពជាងមុនដូចជា Passkeys យើងក៏ កំពុងផ្លាស់ប្តូរពីលេខកូដ SMS សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណដូចគ្នា» ។

អ្នកជំនាញសុវត្ថិភាព Google លោក គីមបឺលី សាមរ៉ា (Kimberly Samra) បានបន្ថែមថា លេខកូដពីសារ SMS ប្រឈមនឹងបញ្ហាសុវត្ថិភាពជាច្រើន ។

 

តើ QR Code ពិតជាមានសុវត្ថិភាពជាងឬ?

ការប្តូរទៅប្រើ QR Code សម្រាប់ការផ្ទៀងផ្ទាត់ជំនួសវិញ អ្នក​ប្រើ​នឹង​លែង​ទទួល​បាន​លេខ​កូដ 6 ខ្ទង់​តាម​រយៈ SMS ទៀត​ហើយ ប៉ុន្តែ​នឹង​ឃើញ QR Code បង្ហាញ​នៅ​លើ​អេក្រង់ជំនួស ដែល​អ្នក​ប្រើប្រាស់ ត្រូវប្រើ Application កាមេរ៉ានៅលើទូរស័ព្ទដៃរបស់អ្នកស្កេន QR Code ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក។

 

Google មានទំនុកចិត្តថា QR Codes នឹងជួយបង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ Gmail កាន់តែមានប្រសិទ្ធភាព។ សម្រាប់ហេតុផលសំខាន់ៗមានបី៖

  • កាត់បន្ថយហានិភ័យនៃការបន្លំ៖ ដោយសារតែប្រព័ន្ធថ្មីនេះ មិនមានលេខកូដសម្រាប់អ្នកប្រើប្រាស់បញ្ចូលនោះទេ ឬប្រាប់អ្នកដទៃ ធ្វើឱ្យវាមិនអាចទៅរួចទេសម្រាប់អ្នកបោកប្រាស់ដើម្បីបញ្ឆោត។
  • កាត់បន្ថយការពឹងផ្អែកលើសុវត្ថិភាពបណ្តាញទូរស័ព្ទ៖ ប្រព័ន្ធ QR Code ដំណើរការលើអ៊ីនធឺណិត មិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធ SMS របស់បណ្តាញទូរស័ព្ទចល័តទេ ធ្វើឲ្យកាត់បន្ថយហានិភ័យនៃភាពងាយរងគ្រោះនៃសុវត្ថិភាពបណ្តាញ ។
  • កាត់បន្ថយការប្រើប្រាស់សារ SMS ក្នុងទិសដៅខុស៖ ការប្តូរទៅ QR Codes នឹងជួយបំបែកវដ្តនៃការលួច និងនិងការបោកប្រាស់ផ្សេងៗដែលប្រើសារ SMS ជាឧបករណ៍ ។

ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាយ ព្រមានថា ខណៈពេលដែលលេខ QR Code មានសុវត្ថិភាពជាងសារ SMS ពួកគេមិនមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះនោះទេ ហើយវាអាចក្លាយជាប៉ុស្តិ៍ថ្មីសម្រាប់ឧក្រិដ្ឋជនប្រើប្រាស់ក្នុងការវាយប្រហារដូចគ្នា ។ យោងតាមការវិភាគរបស់ Abnormal Security  QR Code ត្រូវបានប្រើក្នុង 27% នៃការក្លែងបន្លំការជូនដំណឹង MFA ដែលក្រុមហ៊ុនបានរកឃើញ។

 

ការណែនាំសម្រាប់ការប្រើប្រាស់ Gmail ប្រកបដោយសុវត្ថិភាព

ថាតើ Gmail ប្តូរទៅការផ្ទៀងផ្ទាត់តាម QR Code ឬអត់ វាជារឿងសំខាន់សម្រាប់អ្នកប្រើប្រាស់ក្នុងការដឹងពីការគំរាមកំហែងតាមអ៊ីនធឺណិត និងអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាព ដូចខាងក្រោម៖

  • សួរសំណួរជានិច្ច ៖ ប្រសិនបើស្ថាប័នណាមួយទាក់ទងអ្នកដើម្បីស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដផ្ទៀងផ្ទាត់
  • ចៀសវាងការផ្តល់ទិន្ន័យសំខាន់លើអនឡាញ ប្រសិនបើអ្នកមិនប្រាកដអំពីសុវត្ថិភាពនៃគេហទំព័រ ឬសេវាកម្មនោះ។
  • ប្រយ័ត្នចំពោះតំណភ្ជាប់ (Link) ដែលបានផ្ញើតាមអ៊ីមែល ឬសារជាអក្សរ ចូរកុំចុចលើតំណភ្ជាប់ដែលមិនគួរឱ្យទុកចិត្តណាមួយ ឬមកពីប្រភពមិនស្គាល់ ។
  • សម្រាប់អ្នកប្រើប្រាស់ Gmail ដែលចង់បង្កើនសុវត្ថិភាពគណនី Google សូមណែនាំឱ្យប្តូរទៅវិធីសាស្ត្រផ្ទៀងផ្ទាត់ដែលមានសុវត្ថិភាពជាងមុន ដូចជាកម្មវិធី Google Authenticator, Google Prompts ឬ Passkeys ជំនួសឱ្យការពឹងផ្អែកតែលើ SMS ឬ QR Codes ។

ការផ្លាស់ប្តូរដ៏សំខាន់នេះ ចំពោះ Gmail គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចំពោះអ្នកប្រើប្រាស់រាប់ពាន់លាននាក់ជុំវិញពិភពលោក ទោះបីជា QR Code មិនមែនជាប្រព័ន្ធល្អឥតខ្ចោះក៏ដោយ តែវាគឺជាការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ហើយវាបង្ហាញពីការប្តេជ្ញាចិត្តរបស់ Google ក្នុងការការពារអ្នកប្រើប្រាស់ពីការគំរាមកំហែងតាមអ៊ីនធឺណិត ដែលកាន់តែធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ។

Google មិនទាន់បានប្រកាសកាលបរិច្ឆេទ ផ្លាស់ប្តូរពិតប្រាកដសម្រាប់ការប្តូរពីសារ SMS ទៅជាការផ្ទៀងផ្ទាត់ QR Code នៅឡើយទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម