ជាដំបូងខ្ញុំសូមក្រឡេកមើលការតាំងបង្ហាញស្លាកសញ្ញាចរាចរណ៍នៅប្រទេសចិន ដែលមានសរសេរខ្លឹមសារចំអកឱ្យកូនប្រុសអ្នកមានអំណាចម្នាក់ ដែលបានបើកឡានទំនើបបុកមនុស្ស ពួកគេនៅតែបញ្ចេញប្ញកយ៉ាងក្រអឺតក្រទមនៅក្នុងសង្គម។ សូមលាតត្រដាងរឿងនោះ វាជារឿងចាស់ដែលកើតឡើងជាង ១០ឆ្នាំមកហើយ តែវានៅតែថ្មីសម្រាប់មេរៀនសង្គមទាំងឡាយនៅបច្ចុប្បន្ន និងអនាគត។
នៅក្នុងប្រទេសចិន មានពាក្យប្រាំម៉ាត់បានផ្ទុះឡើងបែកផ្កាភ្លើងដូចកាំជ្រួច គឺ «ប៉ាអញ... គឺ Li Gang" “我爸是李刚” គឺជាប្រយោគដែលបានក្លាយជាការចងចាំ ដែលសំដៅទៅលើអាកប្បកិរិយាដ៏ក្រអឺតក្រទមរបស់ឪពុកម្តាយ និងសាច់ញាតិដែលបានប្រើអំណាចរបស់ពួកគេសម្លុតអ្នកមានឋានៈទាបក្នុងសង្គម។
ប្រយោគនេះ បានមកពីហេតុការណ៍មួយ ដែលយុវជនចិនអាយុ 22 ឆ្នាំ ឈ្មោះ លី ឈីមិង (Li Qiming) បានបើកឡានម៉ាក Volkswagen Beetle (FWE420) ដ៏ប្រណីត ទៅបុកនិស្សិតស្រីពីរនាក់ខ្ទាតជាច្រើនម៉ែត្រ។ និស្សិត ម្នាក់ត្រូវបា.ត់ប.ង់ជី.វិតនៅមន្ទីរពេទ្យ ម្នាក់ទៀតត្រូវបាក់ជើង។ ហេតុការណ៍នេះបានកើតឡើងនៅសាកលវិទ្យាល័យ Hebei ទីក្រុង Baoding ខេត្ត Hebei ថ្ងៃទី 16 ខែតុលា ឆ្នាំ 2010 ។
បន្ទាប់ពីបុកមនុស្សហើយ លី ឈីមិង ដែលពេលនោះមានអាការស្រវឹងផង មិនបានចុះមើលអ្នករងគ្រោះទេ គេនៅតែបន្តបើកឡានជូនមិត្តស្រីត្រឡប់ទៅផ្ទះយ៉ាងរំភើយ តែសន្តិសុខសាកលវិទ្យាល័យបានចាប់ លី ឈីមិង តែ ឈីមិង បានស្រែកឲ្យសន្តិសុខថា «បើឯងហ៊ាន…ទៅប្តឹងណាក៏ទៅៗ... ប៉ាអញ គឺ Li Gang» ។
បន្ទាប់ពីមានហេតុការណ៍កូនអ្នកមានអំណាចបើករថយន្តស៊េរីទំនើបបុកមនុស្សស្លាប់ដូចនោះ មានរូបភាពបែបចំអកជាច្រើនសន្លឹក និងភ្ជាប់ប្រយោគ «ប៉ាអញ គឺ Li Gang» ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងសហគមន៍ អ៊ិនធឺណិតចិនកាលពីឆ្នាំ ២០១០-២០១១ ។
ប្រយោគដែលនិយាយចេញមកថា «ប៉ាអញ… គឺ Li Gang» គឺប្រៀបដូចជាផ្កាភ្លើងដែលបាញ់ទៅលើប្រេង បណ្តាលឲ្យភ្លើងកំហឹងក្នុងសង្គមឆាបឆេះឡើង។ អ្នកនិយមលេងអ៊ីនធឺណិតបានស្វែងរក «Li Gang» ហើយក៏បានដឹងថា គាត់គឺជានាយករងនៃការិយាល័យសន្តិសុខសាធារណៈ (ទីភ្នាក់ងារប៉ូលីសក្នុងតំបន់) ។
ចាប់តាំងពីពេលនោះមក ឃ្លា «ប៉ាអញ គឺ Li Gang» ត្រូវបានគេស្គាល់ពេញប្រទេស និងបញ្ឆេះភ្លើងកំហឹងប្រជាពលរដ្ឋ ដែលមិនពេញចិត្តនឹងអាកប្បកិរិយារបស់មន្ត្រីរដ្ឋាភិបាលដែលប្រើអំណាចដ៏សម្បើមរបស់ខ្លួន ជិះជាន់សម្លុតប្រជាពលរដ្ឋ... ធ្វើអ្វីខុសហើយមិនទទួលខុសត្រូវ ។
«ប៉ាអញ គឺ Li Gang» បានក្លាយជាពាក្យនិន្ទា នៃ«អាកប្បកិរិយារំលោភបំពានអំណាចសម្លុតអ្នកដទៃក្នុងសង្គម» នៅលើអ៊ីនធឺណិត សូម្បីតែគេហទំព័រមួយរៀបចំការប្រកួតសរសេរកំណាព្យក៏មានប្រើឃ្លាថា «ប៉ាអញ គឺ Li Gang» ។ លើសពីនេះ ក៏មានបទចម្រៀងដែលបានទម្លាយឥទ្ធិពលដ៏លើសលប់របស់មន្ត្រីរដ្ឋាភិបាល និងការប្រលងសរសេរប្រយោគដោយប្រើឃ្លាថា «ប៉ាអញ គឺ Li Gang» ។ ទាំងអស់នេះគឺជាការចំអក តវ៉ាទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងចរិតក្រអឺតក្រទមរបស់អ្នកមានឥទ្ធិពល ធ្វើបាបអ្នកតូចទាបស្លូតត្រង់ ៕
អាវយឺតដែលមានសារ « My Dad is Li Gang » ត្រូវបានបោះពុម្ពដើម្បីលើកកម្ពស់ការយល់ដឹងប្រឆាំងនឹងការប្រើប្រាស់អំណាច ការពារអ្នកប្រព្រឹត្តខុស។ (រូបភាពពីអ៊ីនធឺណិត)
នៅទីបំផុត លោក Li Gang ដែលជាឪពុករបស់ លី ឈីមិង ត្រូវចេញមុខបកស្រាយក្នុងកម្មវិធីទូរទស្សន៍មួយ។ គាត់បានសុំទោសទាំងទឹកភ្នែកចំពោះករណីដែលកូនគាត់បើកឡានបុកមនុស្សស្ល.ា.ប់ ហើយអោនមុខកន្លះនាទី…។
គ្រួសាររបស់លោក Li Gang បានបង់ប្រាក់ចំនួន 460,000 យាន់ (68,000 ដុល្លារអាមេរិក) ជាសំណងដល់គ្រួសារនៃសព ហើយនិស្សិតស្រីទទួលរបួស ចាង ជិងជិង មានសំណងចំនួន 91,000 យាន់ (14,000 ដុល្លារអាមេរិក) ។
ក្រោយមក គឺនៅថ្ងៃទី 30 ខែមករា ឆ្នាំ 2011 តុលាការបានកាត់ទោស លី ឈីមិង ឱ្យជាប់ពន្ធនាគារ ៦ ឆ្នាំ ពីបទបុកមនុស្សស្ល.ា.ប់ និងរបួស។
បួនឆ្នាំកន្លងមក ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នៅថ្ងៃទី 28 ខែមករាឆ្នាំ 2015 យុវជន លី ឈីមិង ហាក់មានអាកប្បកិរិយាល្អក្នុងអំឡុងពេលជាប់ពន្ធនាគារ ដូច្នេះ តុលាការបានសម្រេចបន្ធូរបន្ថយទោស និងអនុញ្ញាតឱ្យគាត់ចេញពីពន្ធនាគារមុនកំណត់។
ហេតុការណ៍ដែល លី ឈីមិង បើកឡានបុកមនុស្សស្ល.ា.ប់ គឺជាស្លាកស្នាមខ្មៅយ៉ាងធំនៃ «អ្នកមានជំនាន់ទីពីរ (富二代)» ឬហៅសាមញ្ញថា «កូនអ្នកមាន» ឬ «កូនសេដ្ឋី» នៅក្នុងបរិបទនៃសង្គមចិន។ «ជំនាន់ទីពីរ» គឺជាកូនរបស់អ្នកដែលក្លាយជាអ្នកមាន បន្ទាប់ពីរដ្ឋាភិបាលចិនបានអនុវត្តកំណែទម្រង់សេដ្ឋកិច្ចនៅចុងទសវត្សរ៍ឆ្នាំ 1970 នោះបាននាំឱ្យចិនមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ឃ្លាថា «អ្នកមានជំនាន់ទីពីរ» ច្រើនតែប្រើក្នុងលក្ខណៈបង្អាប់ ជាពិសេសការរស់នៅដោយសេរី និងឈ្លក់វង្វេងនឹងសម្ភារៈនិយម។
ក្នុងករណីរបស់ លី ឈីមិង ជាមេរៀនសម្រាប់មនុស្សក្នុងសង្គមណាដែលអាងកូនអ្នកធំ កូនអ្នកមានអំណាច កូនអ្នកមាន ហើយអាកប្បកិរិយាអមនុស្សធម៌ ក្រអឺតក្រទម ចរិតពាល របស់ ឈីមិង បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះឪពុក ជះក្លិនស្អុយទូទាំងប្រទេសចិន… ជាការអាម៉ាស់ដល់គ្រួសារ និងត្រូវអាប់យសអស់មួយជីវិត ៕
បកប្រែពី mgronline
ដោយលោក សូរ្យរិទ្ធ