នាយឧត្តមសេនីយ៍ថៃ ផាណា បានចូលរួមរំលែកទុក្ខចំពោះទាហានកម្ពុជាដែលបានមរណភាពក្នុងឧបទ្ទវហេតុប៉ះទង្គិចគ្នា និងបានបញ្ជាក់ថា មិនឈ្លានពានអធិបតេយ្យភាពកម្ពុជាដាច់ខាត ស្របពេលដែលនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទកម្ពុជា និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ប្រសិនបើនរណាម្នាក់បំពានលើកិច្ចព្រមព្រៀងរួមគ្នានៅថ្ងៃនេះ នឹងចល័តទ័ពចេញពីតំបន់នោះជាបន្ទាន់ ។ នេះជាការចរចាគ្នារវាងមេទ័ពទាំងពីរ នៅថ្ងៃទី 29 ឧសភា ឆ្នាំ 2025 ។
ថ្ងៃនេះជាជំនួបពិភាក្សាបន្ត បន្ទាប់ពីអគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាបានពិភាក្សាគ្នាតាមរយៈប្រព័ន្ធ VTC កាលពីម្សិលមិញ (28 ឧសភា 68)។ នាយឧត្តមសេនីយ៍ថៃ ផាណា បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ពីការប៉ះទង្គិចគ្នា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃចេតនារបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដែលចង់ឱ្យមានការចរចាបញ្ចប់ជម្លោះ។ លោកក៏បានសម្តែងនូវការគាំទ្រចំពោះការចរចាដោយសន្តិវិធីដើម្បីស្វែងរកកិច្ចព្រមព្រៀងរួម។ លោកបញ្ជាក់ថា នឹងមិនមានការឈ្លានពានអធិបតេយ្យភាពរបស់កម្ពុជាដាច់ខាត ។ ការចរចានេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសផ្នែកសេដ្ឋកិច្ច។
ក្នុងករណីជម្លោះនៅចុងបូក កងទ័ពថៃ និងកម្ពុជាបានព្រមព្រៀងគ្នាក្នុងការប្រើប្រាស់យន្តការគណៈកម្មាធិការព្រំដែនរួម (JBC) ដែលជាយន្តការកម្រិតរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាជាបន្ទាន់។ លទ្ធផលនៃកិច្ចប្រជុំ JBC ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល 2 សប្តាហ៍ទៀត។ បច្ចុប្បន្ននេះ កងកម្លាំងពីភាគីទាំងសងខាងដែលបានប៉ះទង្គិចគ្នាបានរើចេញពីតំបន់តានតឹង ។ ភាគីទាំងពីរក៏បានយល់ព្រមប្រើប្រាស់យន្តការគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងជំរុញយន្តការ JBC ឱ្យកាន់តែពេញលេញ។
លើសពីនេះ មេបញ្ជាការនៃភាគីទាំងសងខាងបានបញ្ជាក់ថា ពួកគេនឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើកងទ័ពរបស់ខ្លួនក្នុងក្របខ័ណ្ឌនៃការចរចា។ អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានសង្កត់ធ្ងន់ថា ប្រសិនបើនរណាម្នាក់បំពានលើកិច្ចព្រមព្រៀងដែលបានព្រមព្រៀងរួមគ្នានៅថ្ងៃនេះ នឹងចល័តទ័ពចេញពីតំបន់នោះជាបន្ទាន់។ លោកក៏បានបញ្ជាក់ដែរថា ភាគីកម្ពុជាអាចគ្រប់គ្រង និងបញ្ជាគ្រប់អង្គភាពយ៉ាងដាច់ខាត។
ការចរចារវាងមេបញ្ជាការកងទ័ពថៃ និងកម្ពុជាលើកនេះមានភាពល្អប្រសើរ។
ពីកាសែត naewna
ដោយ សូរ្យរិទ្ធ