អត្ថបទ សូរ្យរិទ្ធ
កាសែតថៃ bangkokbiznews ចេញផ្សាយនៅម៉ោង ១៧.៤២ នាទី ថ្ងៃទី ១ មិថុនា ២០២៥ នេះថា ក្រសួងការបរទេសបានកោះហៅគណៈកម្មាធិការព្រំដែនចម្រុះថៃជាលើកដំបូង ដើម្បីត្រៀមរៀបចំប្រជុំរួមគ្នាជាមួយកម្ពុជា។ កាលបរិច្ឆេទប្រជុំ និងទីតាំង រង់ចាំពីម្ចាស់ផ្ទះកម្ពុជាកំណត់ ដែលត្រូវបានរំពឹងថា អាចនឹងមិនលើសពីពាក់កណ្តាលខែមិថុនា។
លោក ម៉ារីស សាងៀមភុង រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានធ្វើសន្និសីទសារព័ត៌មានស្តីពីការវិវត្តនៃស្ថានការណ៍កម្ពុជា-ថៃ នៅក្រសួងការបរទេស ដោយបញ្ជាក់ថា ថ្ងៃនេះ (១ មិថុនា) ក្រសួងការបរទេសបានកោះប្រជុំជាមួយគណៈកម្មាធិការព្រំដែនចម្រុះថៃ ((Joint Boundary Committee: JBC) លើកទី១ ក្រោយពីមានការប៉ះទង្គិចគ្នានៅព្រឹកថ្ងៃទី ២៨ ឧសភា នៅខេត្តឆុងកុក-មុំបី ។
ក្រសួងការបរទេសថៃ មានការសោកស្តាយចំពោះការបាត់បង់ពលទាហានកម្ពុជា ។ លោក ម៉ារីស ថ្លែងថា ប្រទេសថៃធ្វើសកម្មភាពស្របតាមច្បាប់អន្តរជាតិ ការអនុវត្តអន្តរជាតិ និងច្បាប់ក្នុងស្រុក ក្នុងលក្ខណៈសមាមាត្រដើម្បីការពារខ្លួនឱ្យបានត្រឹមត្រូវ។
លោក ម៉ារីស បញ្ជាក់ថា ពេលនេះស្ថានការណ៍ស្ងប់ស្ងាត់ ហើយច្រកព្រំដែនទាំងអស់បានបើកដំណើរការជាធម្មតា។ ក្រោយពេលកើតហេតុ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងកម្រិតផ្សេងៗ ។ ផ្តើមចេញពីគាត់និយាយតាមទូរស័ព្ទជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាភ្លាមៗ ។ក្រោយកើតហេតុ ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពថា ភាពតានតឹងត្រូវតែកាត់បន្ថយឱ្យបានឆាប់រហ័ស។ ភាគីទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹងតាមព្រំដែន តាមរយៈយន្តការផ្សេងៗដែលមានស្រាប់ ដែលស្របតាមកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ។
លោក ម៉ារីស បញ្ជាក់ថា យើងមានឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ដោយគ្មានជម្លោះ តាមរយៈយន្តការបីកម្រិតដែលមានស្រាប់គឺ JBC, GBC និង RBC ។ ថ្ងៃនេះយើងសូមអញ្ជើញភ្នាក់ងារពាក់ព័ន្ធដើម្បីរៀបចំសម្រាប់ពិភាក្សាជាមួយភាគីកម្ពុជាក្រោមក្របខណ្ឌ JBC ដែលនឹងជួបក្នុងពេលឆាប់ៗនេះ។
លោក នីខនឌេក ផ្លាងគូន អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស បានបន្ថែមថា កិច្ចប្រជុំ JBC លើកដំបូងមិនគួរយឺតជាងពាក់កណ្តាលខែមិថុនា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។ ភាគីថៃបានត្រៀមខ្លួនហើយកំពុងរង់ចាំកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងពីកម្ពុជាជាម្ចាស់ផ្ទះ។
លោក នីខនឌេក បញ្ជាក់ថា «ខ្ញុំចង់និយាយថា យោធាមិនមានចេតនាបង្កហឹង្សាទេ។ ក្រុមថៃទាំងមូល មិនថាជាយោធា ស៊ីវិល មន្ត្រីរាជការមកពីក្រសួងការបរទេស ឬក្រសួងផ្សេងទៀត យើងផ្តោតលើការស្វែងរកដំណោះស្រាយដោយសន្តិវិធី»៕