ថៃខ្វះកម្លាំងពលកម្ម ៣ សែននាក់! នៅខែកក្កដានឹងបើកឲ្យពលករបរទេសចូល តែត្រូវមាន...

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី02 ខែមិថុនា ឆ្នាំ2021 ម៉ោង 12:07 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ ៖

ប្រភព prachachat.net

អត្ថបទនេះ មិនមែនចេញផ្សាយសម្រាប់លើកទឹកចិត្ត ឬបំផុសបំផុលឲ្យបងប្អូនខ្មែរផ្អើលទៅធ្វើការចំណាកស្រុកនៅប្រទេសថៃនោះទេ ប៉ុន្តែនេះជាព័ត៌មានដែលចេញពីក្រសួងការងាររបស់ថៃ ផ្សព្វផ្សាយអំពីតម្រូវការពលកម្មមកពីប្រទេសជិតខាងថៃ មានដូចជា លាវ មីយ៉ាន់ម៉ា និង កម្ពុជា ។

រដ្ឋមន្ត្រីក្រសួងការងារថៃបានបញ្ជាឱ្យអាជ្ញាធរខេត្ត និងថៅកែ និយោជក ធ្វើការស្ទង់មតិលើតម្រូវការពលករបរទេសនៅទូទាំងប្រទេស ក្នុងគោលបំណងបើកឲ្យពលករបរទេសចូល បន្ទាប់ពីវ៉ាក់សាំងបានចាក់នៅទូទាំងប្រទេសបាន ៧០% ក្នុងខែកក្កដានេះ ដោយអនុវត្ត ៣ វិធានការដើម្បីទប់ស្កាត់ការពារកូវីដ-១៩ ។

ប្រភពពីប្រតិបត្តិករនាំចេញបានប្រាប់វេបសាយ«Prachachat Business» ថា ឥឡូវនេះកំពុងប្រឈមនឹងកង្វះពលកម្មបរទេសយ៉ាងខ្លាំង ដោយសារផលវិបាកនៃការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ដែលនៅតែបន្ដសាយភាយរលកទី ៣ ដែលមុនរលកទី ២ នេះ ផ្ទុះឡើងនៅខេត្តសាមុតសាខុន ។

មុននេះមានប្រកាសរបស់ក្រសួងមហាផ្ទៃថៃ ដោយដាក់បញ្ជាឱ្យ «ហាមឃាត់» ចលនារបស់កម្មករនៅក្នុងតំបន់ដែលមានហានិភ័យ និងនៅតាមព្រំដែន ធ្វើឲ្យពលករដែលជាប់គាំងខ្លះមិនអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃបាន ព្រោះខ្លាចគេកាក់ខ្លួន តែក៏មានកម្មករដែលវិលត្រឡប់មកវិញជាអចិន្ត្រៃយ៍ផងដែរ ធ្វើឲ្យមានកង្វះកម្លាំងពលកម្មកាន់តែច្រើន ហើយថ្លៃឈ្នួលពលកម្មក្នុងស្រុកឡើងខ្ពស់ពី ៥០០-១.០០០ បាតក្នុងមួយថ្ងៃ គិតទាំងការធ្វើក្រៅម៉ោង (OT) ២-៣ ម៉ោងក្នុងមួយថ្ងៃ និងបង្កើនថ្លៃឈ្នួលជំនាញពី ៥០-១០០ បាត សរុបប្រាក់ចំណូលរបស់ពលករចំណាកស្រុក ខ្លះឡើងដល់ ៥០០-១.០០០ បាតក្នុងមនុស្សម្នាក់-ក្នុងមួយថ្ងៃ ដោយគ្មានការរំខាននៅក្នុងដំណើរការផលិត ។

ដូច្នេះ ប្រសិនបើកូវីដ-១៩ ថយចុះ រដ្ឋាភិបាលគួរដោះសោក (Unlock) កម្លាំងពលកម្ម និងផ្តល់ពលករបរទេសគ្រប់គ្រាន់ដើម្បីបំពេញសេចក្តីត្រូវការ ដោយសារតែពេលនេះ ចំនួននៃការបញ្ជាទិញកើនឡើងពីអតិថិជន ប៉ុន្តែប្រសិនបើគ្មានកម្លាំងពលកម្ម វាពិបាកក្នុងការផលិត ឬត្រូវបញ្ឈប់ខ្សែសង្វាក់ផលិតកម្ម ។

កម្លាំងពលកម្មបរទេស នឹងបើកនៅខែកក្កដានេះ

លោក ស៊ុឆាត ឈុមគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្ម បន្ទាប់ពីរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាបណ្តើរៗបាន ៧០-៨០% នៃចំនួនប្រជាជនសរុបទូទាំងប្រទេស ត្រូវបានគេរំពឹង​ថា នឹងចំណាយពេល 2-3 ខែចាប់ពីពេលនេះ នឹងអនុញ្ញាតឱ្យនាំចូលពលករបរទេស ៣ សញ្ជាតិ គឺ លាវ មីយ៉ាន់ម៉ា និង កម្ពុជា សម្រាប់ពលករស្របច្បាប់ និងស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរដ្ឋាភិបាលថៃ និងបណ្តាប្រទេសទាំងនេះ នៅដើមខែកក្កដាឆ្នាំ ២០២១ ។

រដ្ឋមន្ត្រីក្រសួងការងារនិយាយថា ទោះជាបើកពលករបរទេសចូលមកធ្វើការក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែក៏ត្រូវមានលក្ខណសម្បត្តិដូចតទៅ ៖ ត្រូវមានឯកសារពីប្រទេសរបស់ខ្លួន (កាតវ៉ាក់សាំង) ពីការបានចាក់វ៉ាក់សាំងការពារ​កូវីដ​-១៩ រួចហើយ ប្រសិនមិនបានចាក់វ៉ាក់សាំង ថៅកែ ឬ និយោជក សហគ្រិន ដោយមិនប៉ះពាល់ដល់បរិមាណវ៉ាក់សាំងសម្រាប់ប្រជាជនក្នុងប្រទេស ២ ដូស ត្រូវកាក់ខ្លួន (ចត្តាឡីស័ក) ១៤ ថ្ងៃ ហើយថៅកែត្រូវជាអ្នកទទួលខុសត្រូវលើការចំណាយពីការការនាំចូលកម្លាំងពលកម្មបរទេស ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងតំបន់ខ្លះ អាចប្រើពលករថៃបាន ស្នើឱ្យសហគ្រិនជ្រើសរើសជួលពលករថៃជាមុនសិន ដោយសារពលករថៃខ្លះបាត់បង់ការងារដែរ ។

ឥឡូវនេះ ផ្នែកឧស្សាហកម្មមានតម្រូវការពលកម្មពីពលករបរទេសយ៉ាងតិច ២-៣​ សែននាក់ ពិសេសការងារសំណង់ ឧស្សហកម្មអាហារ ដូចជា​ រោងចក្រកែច្នៃសាច់មាន់ ដែលភាគច្រើនផលិតនាំចេញ ត្រូវការកម្លាំងពលកម្មជាង ១.០០០ នាក់ ដែលតម្រូវការពលករបរទេសឆាប់ៗនេះ ។

ជាមួយគ្នានេះដែរ ក៏មានការឆ្លុះបញ្ចាំងពីបញ្ហាទាំងនិយោជក និងកម្មករ ទាក់ទងនឹងដំណើរការនៃការនាំចូលពលករបរទេសដែលមានច្បាប់ បទប្បញ្ញត្តិច្រើន ជាហេតុធ្វើឲ្យថ្លៃចំណាយលើពលករបរទេសរបស់និយោជកកើនឡើង ឧទាហរណ៍ ការទិញលិខិតធានារ៉ាប់រងសុខភាព ក្នុងតម្លៃ ៣.២០០បាត បើបូកនឹងថ្លៃដើមនៃការនាំចូលពលករបរទេស​ដែលមានតម្លៃចំណាយលើឯកសារ ជាមធ្យម ៩.០០០ បាតក្នុងមនុស្សម្នាក់ និងតម្លៃចំណាយទាំងអស់នឹងឡើងដល់ ១០.០០០ - ១៥.០០០ បាតក្នុងមនុស្សម្នាក់ ដូច្នេះសូមរដ្ឋាភិបាលពិចារណាឡើងវិញ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម