អត្ថបទ សូរ្យរិទ្ធ
ដោយមានការភ្ញាក់ផ្អើលនឹងទាហានថៃបិទច្រកព្រំដែនដោយឯកចិត្ត ដែលខាងកម្ពុជាមិនទទួលបានការជូនដំណឹងណាមួយពីភាគីថៃ ។ យើងសូមនាំបង្ហាញបទបញ្ជាររបស់ទាហានថៃ ដែលមានខ្លឹមសារដូចាងក្រោម។
កាសែតក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃទី ៧ មិថុនា ម៉ោង ១៥.៣៦ នាទី នេះថា កងទ័ពថៃ នៅថ្ងៃនេះ (៧មិថុនា) បានចេញបទបញ្ជាគ្រប់គ្រងច្រកព្រំដែនគ្រប់ប្រភេទ តាមព្រំដែនកម្ពុជា-ថៃ និងបានបកស្រាយពីវិធានការបិទនិងបើកច្រកព្រំដែនពីស្រាលទៅធ្ងន់ ប្រសិនបើព្រំដែនមានវិបត្តិធ្ងន់ធ្ងរ នឹងឈានទៅបិទតាមខ្សែបន្ទាត់ទាំងមូល ដើម្បីរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ។
ឧត្តមសេនីយ៍ត្រី វីនថៃ សវ៉ារី អ្នកនាំពាក្យកងទ័ពថៃ បានបកស្រាយថា ការអនុវត្តបទបញ្ជានេះ មិនមែនជាការប្រើប្រាស់ភ្លាមៗនូវវិធានការខ្ពស់បំផុតនោះទេ ប៉ុន្តែជាវិធីសាស្រ្តមួយជំហានម្តងៗ ដោយគិតគូរពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ក្នុងតំបន់នីមួយៗ ដោយសង្កត់ធ្ងន់ពីកម្រិតស្រាលទៅធ្ងន់ តាមភាពសមស្រប ដោយចែកចេញជា ៤ ជំហានសំខាន់ៗដូចខាងក្រោម៖
ដំណាក់កាលទី១៖ រឹតបន្តឹងការឆ្លងកាត់ព្រំដែន ដោយអនុញ្ញាតតែបុគ្គលសំខាន់ៗ ដូចជាអ្នកប្រកបរបររកស៊ី ដឹកជញ្ជូនទំនិញ កម្លាំងពលកម្ម និងការងារសំខាន់ៗផ្សេងទៀត ហើយកំណត់ និងបង្កើនកម្រិតនៃការត្រួតពិនិត្យតឹងរឹងចំពោះបុគ្គលជាអ្នកលេងល្បែង ឬក្រុមដែលអាចពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់។
ជំហានទី២៖ កាត់បន្ថយពេលវេលាបើក និងបិទច្រកព្រំដែន និងកំណត់ថ្ងៃ ពេលវេលាចេញចូលឲ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងសកម្មភាពបុគ្គល និងកិច្ចការនៅតំបន់ព្រំដែន។
ជំហានទី ៣៖ បិទច្រកព្រំដែនមួយចំនួន (Selective Closure) ដោយពិចារណាលើចំណុចដែលមានហានិភ័យខ្ពស់ ឬព័ត៌មានសុវត្ថិភាពដែលអាចនាំឱ្យមានការឈ្លានពាន ឬឧប្បត្តិហេតុដោយភាគីកម្ពុជា។
ជំហានទី៤៖ បិទច្រកព្រំដែនរហូត ក្នុងករណីមានវិបត្តិ ឬមានការឈ្លានពានច្បាស់លាស់ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅកម្រិតខ្ពស់បំផុត។
អ្នកនាំពាក្យកងទ័ពបានសង្កត់ធ្ងន់ថា វិធានការនេះបានផ្តល់សិទ្ធិអំណាចដល់កងកម្លាំងប៊ូរ៉ាផា និងកម្លាំងសុរាណារី ពិចារណា និងកំណត់លម្អិត លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការអនុវត្តស្របតាមស្ថានភាពនៃតំបន់នីមួយៗ ដោយមានគោលដៅសំខាន់ក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់នៅតាមព្រំដែន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
សម្រាប់ទាំងប្រជាពលរដ្ឋថៃ និងខ្មែរ ដែលមិនពាក់ព័ន្ធនឹងស្ថានការណ៍សន្តិសុខ ដូចជា សិស្ស និស្សិត ធ្វើដំណើរទៅសិក្សា អ្នកជំងឺជាដើម ត្រូវបានលើកលែងពីការប្រកាសនេះ។ កងកម្លាំងការពារព្រំដែននឹងធ្វើការជាមួយរដ្ឋបាលមូលដ្ឋានដើម្បីពិចារណាលើការអនុញ្ញាតឱ្យធ្វើដំណើរតាមច្រកនានា។
កងទ័ពថៃ បានធានាជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនថា រាល់សកម្មភាពនឹងគិតគូរពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ហើយនឹងកែសម្រួលវិធានការឱ្យសមស្របទៅតាមការវិវត្តនៃស្ថានភាពជាបន្តបន្ទាប់ ៕