ថ្ងៃម្សិល (10 មិថុនា 2025) សមាគមទន្លេដើម្បីជីវិតនៅប្រទេសថៃ បានប្រទះឃើញ«ប្លាឃែ (Adminមិនស្គាល់)» ឆ្លងមេរោគ ដែលនេសាទបានពីទន្លេកុក ខេត្តឈៀងរ៉ៃ ។ ពីការតាមដានស្ថានភាពត្រីនៅអាងទន្លេមេគង្គខាងជើង គេក៏បានរកឃើញត្រីដែលមានមេរោគនេះ កំពុងរីករាលដាលកាន់តែច្រើនឡើងៗក្នុងមួយខែកន្លងមកនេះ ហើយគេបានរកឃើញចំនួនត្រីខុសប្រក្រតីបានកើនឡើងនៅក្នុងទន្លេកុក ទន្លេមេគង្គ ទន្លេសៃ និងទន្លេរួក ដោយត្រីមានចេញកន្ទួលពងបែកធ្ងន់ធ្ងរលើដងខ្លួន ដែលប៉ះពាល់ដល់ទំនុកចិត្តរបស់សហគមន៍ក្នុងខេត្តឈៀងរ៉ៃ ។
ប្រជានេសាទតាមដងទន្លេកុកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការបំពុលទឹកទន្លេ បន្ទាប់ពីបានប្រទះឃើញទឹកមានសារធាតុពុលលើសពីមាត្រដ្ឋាន។ ចំណែកការរកឃើញត្រីមានមេរោគ និងលទ្ធផលនៃការធ្វើតេស្តបានបង្កក្តីបារម្ភ និងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ធ្វើឱ្យអ្នកភូមិមិនអាចលក់ត្រីបានដូចធម្មតា ដែលជាហេតុធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះជាបន្តបន្ទាប់។ អ្នកភូមិដែលពឹងលើទន្លេខាំ ទន្លេកុក ទន្លេមេគង្គ និងទន្លេរួក បានងាកមកចាប់ត្រីតាមបឹងជំនួសវិញ។
សមាគមទន្លេដើម្បីជីវិត កំពុងប្រមូលទិន្នន័យ រៀបចំបញ្ជូនត្រីមានជំងឺទៅពិនិត្យតាមបែបវិទ្យាសាស្ត្រជាភស្តុតាង ដើម្បីទាមទារឱ្យមានការចរចារបិទអណ្តូងរ៉ែ ដែលជាប្រភពនៃការសង្ស័យថាមានជាតិពុលពីប្រទេសមីយ៉ាន់ម៉ា ហើយនិងដើម្បីជំរុញឱ្យរដ្ឋាភិបាលបើកការចរចាដើម្បី "បិទអណ្តូងរ៉ែ" ជាអចិន្ត្រៃយ៍ ។
ទន្ទឹមនឹងនោះ ស្ថានភាពត្រីក៏បានរាលដាលដល់ទន្លេមេគង្គ។ ឥឡូវនេះ អាងទន្លេមេគង្គខាងលើទាំងមូលបានបញ្ជាក់ថាមានការបំពុលលោហៈធ្ងន់ ។
បញ្ហានេះមិនមែនគិតតែពីត្រី ឬអ្នកនេសាទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាបរិស្ថាន និងសន្តិសុខស្បៀងរយៈពេលវែងរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះហើយ យើងចង់ឃើញទំនួលខុសត្រូវពីឫសគល់នៃបញ្ហា មិនមែនគ្រាន់តែជាការពន្យល់ថាវាមិនហួសពីស្តង់ដារនោះទេ។ នាពេលបច្ចុប្បន្ននេះ មិនទាន់មានជំហរច្បាស់លាស់ពីភ្នាក់ងាររដ្ឋាភិបាលលើការទាមទារនេះទេ ប៉ុន្តែសម្ពាធពីសាធារណៈជន និងអង្គការបរិស្ថានកំពុងកើនឡើង ដោយទាមទារឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព និងពិចារណាជាជម្រើស ដែលនាំបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍ និងបរិស្ថាន ៕
ប្រែពីវេបសាយ thaipbs
ដោយ ម៉ារ៉ា