អ្នកការទូតលេខ ១ ចិនអះអាងថា ចិនបង្កើនការគាំទ្រអាស៊ាន ដើម្បីជម្នះវិបត្តិកូវីដ-១៩

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី08 ខែមិថុនា ឆ្នាំ2021 ម៉ោង 7:19 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

លោក ហ្វាង អ៊ី រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃនេះ ទី ៨ មិថុនា ឆ្នាំ ២០២១ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិសេស រួមជាមួយរដ្ឋមន្ត្រីការបរទេស ១០ ប្រទេសនៃសមាជិកអាស៊ាន នៅទីក្រុងឈុងជីង ប្រទេសចិនកាលពីថ្ងៃ ច័ន្ទ ទី ៧ មិថុនាថា រដ្ឋាភិបាលចិនផ្តល់ភាពសំខាន់ និងគាំទ្រអាស៊ានក្នុងការតស៊ូជាមួយមេរោគរាតត្បាតកូវីដ-១៩ ដោយបានប្រគល់វ៉ាក់សាំង ទាំងនៅក្នុងបែបបទនៃការបរិច្ចាគ និងលក់ក្នុងតម្លៃពិសេសជាង ១០០ លានដូស ដោយមានជំនួយពីបុគ្គលិក និងឧបករណ៍វេជ្ជសាស្ត្រពាក់ព័ន្ធ ។

លោក ហ្វាង បានប្រៀបធៀបវិបត្តិការរាតត្បាតលើកនេះ ជាមួយនឹងការរីករាលដាលនៃជំងឺ SARS ក្នុងឆ្នាំ ២០០៣ និងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅឆ្នាំ ២០០៤ ដោយគ្រប់ភាគីសុទ្ធតែមានការព្រួយបារម្ភអំពីស្ថានការណ៍ដែលបានកើតឡើងចំពោះពួកគេ និងស្ថានភាពដែលប្រទេសជិតខាងកំពុងជួបប្រទះ ។ ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ជំនួយ និងការគាំទ្រពីរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនត្រឹមតែជួយអាស៊ានឱ្យជៀសផុតពីវិបត្តិនេះប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញទំនាក់ទំនង ទំនុកចិត្ត និង រក្សាផលប្រយោជន៍ទៅវិញទៅមក ។

អ្នកការទូតលេខមួយរបស់ចិននិយាយបន្តថា ចាប់ពីពេលនេះទៅ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបង្កើនគាំទ្រគ្រប់រូបភាព និងចាំបាច់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសុខភាពរវាងចិននិងអាស៊ាន ឧបករណ៍ជំនួយបន្ទាន់ផ្នែកវេជ្ជសាស្ត្រ និងពង្រឹងផ្នែកសុខភាពរវាងគ្នានឹងគ្នាសម្រាប់អាស៊ាន ដើម្បីឲ្យអាស៊ានជម្នះវិបត្តិផ្នែកសុខភាពសាធារណៈនេះឱ្យបានលឿនបំផុត ។

ឆ្នាំនេះប្រទេសចិននិងអាស៊ានបានរួមគ្នាប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងទៅវិញទៅមក តែលោក ហ្វាង មិនបានលើកឡើងពីស្ថានការណ៍នៅមីយ៉ាន់ម៉ាទេ ដោយគ្រាន់តែធ្វើអត្ថាធិប្បាយថា «ចិនគាំទ្រគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសជិតខាង» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម