សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «រឿងបិទព្រំដែន យោធាថៃជាអ្នកបិទដោយឯកតោភាគី បើកឱ្យធម្មតាវិញដោយឯកតោភាគីទៅ គឺចប់ហើយ!»

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:32 នាទី ល្ងាច

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីថៃ ពាក់ព័ន្ធរឿងបិទព្រំដែន ដែលជាការអនុវត្តតបតទៅនឹងទង្វើររបសយោធាថៃ ដែលបានដោយឯកតោភាគី ទើបកម្ពុជាបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើពីថៃគ្រប់ច្រកព្រំដែន។ សម្តេចបានបង្ហាញដំណោះស្រាយថា ដើម្បីបើកច្រកព្រំដែនធម្មតាវិញថា «យោធាថៃបិទដោយឯកតោភាគី ដូច្នេះបើកឱ្យធម្មតាវិញ ដោយឯកតោភាគីទៅ គឺចប់ហើយ ភាគីកម្ពុជានឹងអនុវត្តតាមក្រោយ អត់មានអ្វីលំបាកនោះទេ»។

សម្តេចធិបតីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាង ដែលរស់នៅតាមបណ្តោយព្រំដែននោះទេ ហើយក៏មិនចង់ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មនោះដែរ ប៉ុន្តែនៅសុខៗយោធាថៃ បិទដោយឯកតោភាគី ដូច្នេះកម្ពុជាត្រូវតែមានការឆ្លើយតប។

សម្តេចបានសង្កត់ធ្ងន់ថា «រឿងបិទព្រំដែននេះ យើងសម្បទានថា រឿងនេះអត់ចរចាទេ ប៉ុន្តែបើសិនជាថៃបើកវិញដោយឯកតោភាគី យើងនឹងបើកវិញដែរ ដើម្បីឱ្យលំហូរនៃទំនិញដល់ប្រជាជនបានដូចដើម យើងសម្បទានដល់ប៉ុណ្ណឹង»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បន្ទាប់ពីផុតឱសានវាទ ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាសម្រេចកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នា លើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម