ចិនបង្ក្រាបបទឧក្រិដ្ឋដ៏ធំ  ចាប់មនុស្សជាង ១.១០០ នាក់ សង្ស័យពីបទលាងលុយតាម bitcoin

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី13 ខែមិថុនា ឆ្នាំ2021 ម៉ោង 10:06 នាទី ព្រឹក

ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានប្រកាសនៅថ្ងៃទី ១០ ខែមិថុនាថា ក្រសួងបានបញ្ជាឱ្យមន្ត្រីប៉ូលីសនៅទូទាំងប្រទេស បោសម្អាតការប្រើប្រាស់ប្រាក់ឌីជិថល ឬ cryptocurrencies នៅក្នុងការលាងលុយកខ្វក់របស់ក្រុមឧក្រិដ្ឋជនប្រភេទផ្សេងៗគ្នា ទាំងការឆបោកតាមទូរស័ព្ទ ឬតាមអ៊ីនធឺណិត រហូតដល់ការភ្នាល់ល្បែងខុសច្បាប់ រហូតចាប់ជនសង្ស័យបានជាង ១១០០ នាក់ ។

ប៉ូលីសបានវាយបំបែកក្រុមឧក្រិដ្ឋជនជាង ១៧០ នាក់ ដែលផ្តល់សេវាកម្មលាងលុយខុសច្បាប់ ដោយប្រែទៅជារូបិយប័ណ្ណឌីជិថល ឬ គ្រីបតូ(crypto) និងតាមរយៈសេវាកម្មផ្លាស់ប្តូរគ្រីបតូ និងគិតប្រាក់ថ្លៃលាងលុយពី ១,៥ ទៅ ៥ ភាគរយនៃចំនួនទឹកប្រាក់នៃការលាងលុយកខ្វក់ ។

សមាគម Payment & Clearing Association របស់ចិនថ្លែងមុននេះថា ចំនួនក្រុមឧក្រិដ្ឋកម្មដែលចូលមកប្រើប្រាស់រូបិយប័ណ្ណនិម្មិត កំពុងកើនឡើងនៅក្នុងប្រទេសចិន ព្រោះរូបិយប័ណ្ណឌីជិថលផ្សេងៗ អាចនាំទៅប្រើការបានដោយគ្មានការកំណត់អត្តសញ្ញាណ បង្កឲ្យកើតមានភាពងាយស្រួលទាំងអាចត្រូវបានផ្លាស់ប្តូរបាននៅជុំវិញពិភពលោកផងដែរ ។

ជាលទ្ធផលវាបានក្លាយជាបណ្តាញលាងប្រាក់ឆ្លងដែនដ៏សំខាន់មួយ ក្រៅពីនោះ វាបានក្លាយជាប៉ុស្តិ៍ទូទាត់ដ៏សំខាន់មួយនៅក្នុងសកម្មភាពខុសច្បាប់ ឧទាហរណ៍ដូចជា ល្បែងស៊ីសងខុសច្បាប់ដែល ១៣ ភាគរយនៃគេហទំព័រល្បែងស៊ីសងខុសច្បាប់ ប្រើគ្រីបតូ និងបច្ចេកវិទ្យា blockchain ដែលពិបាកនឹងរកឃើញដោយអាជ្ញាធរ ។

ការបោសសម្អាតលើកនេះ វាជាផ្នែកមួយនៃការបង្ក្រាបលើការលាងលុយទិញ-លក់រូបិយប័ណ្ណឌីជិថលនៅក្នុងប្រទេសចិន ដែលបានចាប់ផ្តើមតាំងពីខែឧសភាកន្លងមក នៅពេលដែលអង្គការតំណាងឧស្សាហកម្មទាំងបីនៅក្នុងប្រទេសចិន បានប្រកាសហាមឃាត់ការទូទាត់ប្រាក់តាមគ្រីបតូ ក្នុងខណៈដែលក្រុមប្រឹក្សារដ្ឋមន្ត្រីក៏ប្រកាសចាត់ការជាមួយការធ្វើអាជីវកម្ម និងការធ្វើពាណិជ្ជកម្មគ្រីបតូនៅក្នុងប្រទេស ៕

ប្រភព matichon

ដោយ សូរ្យរិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម