នៅថ្ងៃទី១៨ ខែមិថុនា កញ្ញា ផាន់នីកា វ៉ានិច អ្នកនាំពាក្យគណបក្សឈានមុខរបស់ថៃ បានបង្ហោះសារតាមរយៈ X ទាក់ទងនឹងករណីលោកស្រី ផែថងថាន ឈិនវ៉ាត់ ឬ អ៊ុងអ៊ីង នាយករដ្ឋមន្ត្រីថៃ ដែលបានចេញមុខសារភាពចំពោះវីដេអូឃ្លីបសំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា លោកស្រី ផែថងថាន ត្រូវទទួលខុសត្រូវ នូវហេតុផលដូចខាងក្រោម៖
១. ត្រូវរំលាយសភា ដោយបញ្ជាក់ថា វាជាដំណោះស្រាយតែមួយគត់ ប្រសិនបើគាត់នៅគោរពប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស។ មូលហេតុគឺគាត់មិនរក្សាភាពថ្លៃថ្នូរ ស្និទ្ធស្នាលជាមួយមេដឹកនាំដទៃក្នុងនាមជាក្មួយស្រី ។ គាត់ឈ្លក់វង្វេងនឹងការដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គាត់។
២-បានទទួលស្គាល់មេដឹកនាំបរទេសថារដ្ឋាភិបាលនិងយោធាមិនរួបរួមគ្នាទេ។
៣. គ្មានការព្យាយាមបញ្ជាក់ពីបេះដូងសំខាន់ដែលជាចំណុចស្នូលនៃការដោះស្រាយជម្លោះកម្ពុជា-ថៃ ពោលគឺការបញ្ចុះបញ្ចូលកម្ពុជាឱ្យងាកទៅរកការចរចាទ្វេភាគី ជំនួសទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
៤. ផ្តោតតែលើការដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ដោយទទួលស្គាល់ថា បច្ចុប្បន្នកំពុងរងការរិះគន់យ៉ាងខ្លាំង។
អ្នកនាំពាក្យគណបក្សប្រឆាំងរូបនោះ និយាយទៀតថា ក្នុងនាមជាមេដឹកនាំប្រទេស លោកស្រី ភេថងថាន កំពុងបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីបញ្ហាថៃ-កម្ពុជា។ ពួកគេបានដាក់សម្ពាធរដ្ឋាភិបាលលោកស្រី ឲ្យរំលាយសភា ដែលជាផ្លូវចេញតែមួយគត់ ៕
Bong SoRith