សម្តេចបវរធិបតីស្នើមិនឲ្យពង្រីកបញ្ហាបន្ថែម ដែលឈានទៅដល់ការរើសអើងជាតិសាសន៍ និងអរិភាពរវាងប្រជាជន និងប្រជាជន

នយោបាយថ្ងៃច័ន្ទុ ទី23 ខែមិថុនា ឆ្នាំ2025 ម៉ោង 6:40 នាទី ល្ងាច

 

«ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ» ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ។

សម្តេចបវរធិបតី អរគុណដល់ ស.ស.យ.ក. ដែលបានរៀបចំព្រឹត្តិការណ៍ដើរថ្មើរជើងរួមគ្នា បានបង្ហាញពីការចូលរួមក្នុងស្មារតីស្នេហាជាតិ និង សាមគ្គីភាពជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានការពារអធិបតេយ្យ បូរណភាពទឹកដី និងកិត្តិយសជាតិរបស់យើង។ ស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិ គឺជាស្មារតីត្រឹមត្រូវ និងពិតប្រាកដ របស់ប្រជាជនកម្ពុជា ដែលក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាមានស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិខ្ពស់បំផុត និងមិនមានអ្នកណាអាចបំបែកបំបាក់ស្មារតីទាំងនេះបានឡើយ ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅបំផុសចលនាជាតិនិយមឡើយ ប៉ុន្តែប្រជាជនកម្ពុជា មានចលនាជាតិនិយមដោយខ្លួនឯង ដើម្បីចូលរួមការពារជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយយុវជននៅតែជាធនធានដ៏សំខាន់ក្នុងការចូលរួមការពារ និងកសាងជាតិគ្រប់កាលៈទេសៈ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត» ។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា «កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានអធិបតេយ្យរបស់កម្ពុជាដែរ ។ កម្ពុជាចង់បានសន្តិភាព ដោយនៅតែប្រកាន់ជំហរយន្ដការដោះស្រាយទ្វេភាគី លើកលែងតែតំបន់ទាំង៤ ដែលបានដាក់ពាក្យបណ្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។  «ចំពោះការបិទ និងបើកព្រំដែនកម្ពុជា-ថៃ គឺកម្ពុជានឹងបន្តបិទរហូត ដល់ពេលណាដែលភាគីថៃបើកព្រំដែនទាំងអស់ឡើងវិញដោយឯកតោភាគីជាមុនសិន ទើបកម្ពុជាបើកព្រំដែនតាមក្រោយ ។ កម្ពុជានឹងរក្សាសិទ្ធិប្រើប្រាស់គ្រប់វិធានការដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។ បន្ថែមពីនេះ កម្ពុជានឹងបង្ហាញតម្លាភាព និងស្របតាមគោលការណ៍របស់តុលាការ ICJ ជូនប្រជាពលរដ្ឋកម្ពុជា ហើយសូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល»

សម្ដេចបវរធិបតី ក៏បានលើកឡើងពីសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ថា ក្នុងកំលុងពេលនេះ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តជាតិកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងទាក់ទងជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ ដើម្បីសួរសុខទុក្ខ និងដោះស្រាយជូនពួកគាត់ តាមការចាំបាច់។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពល​រដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ ស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានជំរុញចលនាគាំទ្រផលិតផលក្នុងស្រុក និងសូមបន្តគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត តែសូមកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងស្រុក ព្រមទាំងជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ។ បន្ថែមពីនេះ សូមកុំពង្រីកបញ្ហាបន្ថែម ដែលឈានទៅដល់ការរើសអើងជាតិសាសន៍ និងអរិភាពរវាងប្រជាជន និងប្រជាជន ។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលត្រូវមកប្រទេសកម្ពុជាវិញ កម្ពុជាស្វាគមន៍ និងសម្របសម្រួលជូនជានិច្ច ទោះបីជាមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម